សិក្ខាសាលាវគ្គសិក្សាបច្ចេកទេសទូរទស្សន៍ ផ្សាយផ្ទាល់តាមប្រព័ន្ធDigital Smart Phone លើកទី១

ភ្នំពេញ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានរៀបចំសិក្ខាសាលាវគ្គសិក្សាបច្ចេកទេសទូរទស្សន៌ ផ្សាយផ្ទាល់តាមប្រព័ន្ធDigital Smart Phone លើកទី១ ក្រោមវត្តមានឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៌ជាតិកម្ពុជា មានប្រសាសន៌ថា៖ ជាលើកទី១ហើយដែលអគ្គនាយកដ្ឋានទូរទស្សន៌ជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្សាយផ្ទាល់ តាមប្រព័ន្ធឌីជីថល។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ពីមន្ត្រីជំនាញ ដែលជារៀមច្បង ដែលមានបទពិសោធន៍ច្បាស់លាស់ បានសិក្សាស្រាវជ្រាវ និង អនុវត្តជាបន្តបន្ទាប់ ជួយចែករំលែកនូវចំណេះដឹង និងចំណេះធ្វើ ដល់សិក្ខាកាមដែលជាមន្ត្រីវ័យក្មេងនៅក្នុង អគ្គនាយកដ្ឋានទូរទស្សន៌ជាតិកម្ពុជា និង មន្រ្តីរាជការមកពីមន្ទីរព័ត៌មាននៅទូទាំងប្រទេស។

ឯកឧត្តម ឃឹម វុទ្ធី មានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានធ្វើការវិវឌ្ឍន៌ខ្លួនជាបន្តបន្ទាប់ដើម្បីឲ្យទាន់នូវការវិវឌ្ឍន៌នៃបច្ចេកវិទ្យា ឌីជីថល សម័យទំនើប ដើម្បីបម្រើប្រមុខថ្នាក់ដឹកនាំក៏ដូចជាដើម្បីបំរើជាតិ និង ប្រជាពលរដ្ឋនូវវិស័យផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍ និង តាមបណ្តាញសង្គមនានា។រហូតមកដល់ពេលនេះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានធ្វើការអភិវឌ្ឍន៌ជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមផ្លាស់ប្តូរ បច្ចេកទេសទាំងការផលិត និង ការផ្សាយពីប្រព័ន្ធ Analog- SD ទៅប្រើប្រាស់ប្រព័ន្ធ ឌីជីថល Full HD ដែលមានទំហំ16:9 វិញដោយក្នុងនោះនាពេលកន្លងមកបានផ្តោតសំខាន់ទៅលើ ព័ត៌មានជាតិ និង អន្តរជាតិដែលខ្លីខ្លឹម និង រហ័សទាន់ហេតុការណ៍ ផ្សាយផ្ទាល់តាមរយ: ម៉ាស៊ីន live U គ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំកំពូលព្រមទាំងសកម្មភាព សម្តេច តេជោ ទាំងក្នុង និង ក្រៅប្រទេស និងកម្មវិធីព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិដែលពីមុន ទទក មិនធ្លាប់មាន។

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន មានប្រសាសន៌ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវត្រងត្រាប់ស្តាប់ដោយការយកចិត្តទុកដាក់រាល់មេរៀនទាំងឡាយដែលវាគ្មិនបង្ហាញជូន។ឯកឧត្តមមានប្រសាសន៌បញ្ជាក់បន្ថែមទៀតថា៖សិក្ខាសាលានេះមិនត្រឹមតែជួយឲ្យសិក្ខាកាមយល់ដឹងបន្ថែមស្តីពីការផ្សាយទូរទស្សន៍តាមប្រព័ន្ធឌីជីថលតែប៉ុណ្ណោះទេប៉ុន្តែនេះជាចំណេះដឹងដ៏មានសារៈសំខាន់ទាន់សម័យកាលឌីជីថលដែលនឹងយកទៅអនុវត្តផ្ទាល់នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃដើម្បីបម្រើស្ថាប័នរាជរដ្ឋាភិបាលនិងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ទស្សនិកជន។ វគ្គបណ្តុះបណ្តលនេះ នឹងផ្តល់ផលប្រយោជន៍មិនត្រឹមតែសម្រាប់សិក្ខាកាមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយដល់ទស្សនិកជនស្របតាមសម័យកាលរីកចម្រើននៃប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្នុ៕

Loading...