ខេត្តបាត់ដំបង៖ សិប្បកម្មកែច្នៃឈើដ៏ធំមួយដែលគេស្គាល់ថារបស់ជនជាតិវៀតណាមមួយកន្លែងដែលស្ថិតនៅចំណុចទល់មុខវត្តស្លាកែតស្ថិតក្នុងភូមិជ្រៃបាក់ សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបើកធ្វើអាជីវកម្មកែច្នៃឈើយ៉ាងគគ្រឹកគ្រេងគេសង្ស័យអាជីវកម្មនោះធ្វើឡើងខុសច្បាប់។
សកម្មភាពនៃការកែច្នៃឈើធ្វើជាគ្រឿងសង្ហារឹមរបស់រោងសិប្បកម្មរបស់ជនជាតិវៀតណាមនៅចំណុចខាងលើគេមើលឃើញថាបានប្រើ ប្រាស់ម៉ាស៊ីន រណារ៉ៃច្រៀកឈើលាន់ ឮសម្លេង យ៉ាងទ្រហឹងអឺងកងដែលបង្កឱ្យប៉ះពាល់និង រំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋជា ច្រើន គ្រួសារនៅក្បែរនោះផងដែរ។
សកម្មភាពនៃ ការធ្វើអាជីវកម្មកែច្នៃឈើនោះដែរ បើតាមប្រភព ព័ត៌មានរបស់ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាគេបានធ្វើឡើងជាយូរឆ្នាំ មកហើយក្នុងនោះ គេមិន ដែលឃើញមានសមត្ថកិច្ចនិងមន្ត្រីជំនាញព្រៃ ឈើចុះមកបង្ក្រាបនោះឡើយ ពោលគេឃើញ មានសមត្ថកិច្ចបានចេញចូលនៅទី នោះដែរជា ញឹកញាប់រៀងរាល់ចុងខែ ដែលគេសង្ស័យ ថាសមត្ថកិច្ចទាំងនោះ នាំគ្នាទៅដាក់ខែ យកប្រាក់ ពីម្ចាស់សិប្បកម្ម។
ម្ចាស់សិប្បកម្ម ត្រូវបានគេស្គាល់ឈ្មោះ វាំង ជនជាតិវៀតណាម និងមានកូនចៅជាជាងឈើមានចំនួន ៤ទៅ៥នាក់ទៀតកំពុងធ្វើការងារនោះទីនោះផងដែរ។ឈើដែលគេយកមកកែច្នៃនៅរោងសិប្បកម្មជនជាតិវៀតណាមខាងលើ សុទ្ធតែប្រភេទឈើ ប្រណិតរួមមានឈើធ្នង់ បេង រាប់សិប ម៉ែត្រគូប ដែលគេសង្ស័យជាឈើដឹកយកមកកែច្នៃខុសច្បាប់ផងនោះទៀត។
ពាក់ព័ន្ធនិងអាជីវកម្មកែច្នៃឈើនេះដែរ អ្នកយកព័ត៌មានយើងបានទំនាក់ទំនងម្ចាស់ សិប្បកម្មឈ្មោះ វាំង តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែមីនា នេះដើម្បីជួយបំភ្លឺជុំវិញអាជី វកម្មកែច្នៃឈើដោយ ទូរស័ព្ទហៅចូល២ដងគ្មានអ្នកឆ្លើយតប។
ជុំវិញបញ្ហានេះលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានឆ្លើយប្រាប់ ឱ្យដឹង ថាការងារនោះលោកពុំបានដឹងនោះទេ ទំនាក់ទំនងទៅលោក សេង ថេង នាយសង្កាត់រដ្ឋ បាលក្រុងបាត់ដំបងទើបដឹង លុះអ្នកយកព័ត៌មានយើងទំនាក់ទំនងទៅ លោក សេង ថេង ឱ្យ ជួយបំភ្លឺពីករណីនេះលោកបានឆ្លើយបានបំភ្លឺថាសិប្បកម្មខាងលើលោកមិនបានដឹងនោះទេពីព្រោះនៅភូមិជ្រៃបាក់ សង្កាត់ស្លាកែត ផ្ទៃដីធំ លោកមិនដឹងសិប្បកម្មនោះ នៅកន្លែង ណានោះទេ។
ពាក់ព័ន្ធនិងការគ្រប់គ្រងមិនបានត្រឹមត្រូវរបស់អាជ្ញាធរដែនដីនិងសមត្ថកិច្ចរួមនិងមន្ត្រីជំនាញបណ្តែតបណ្តោយឱ្យមានការបើកសិប្បកម្មកែច្នៃឈើនៅចំណុចទីប្រជុំជនមិនត្រឹមតែ បង្កសម្លេងរំខានពីគ្រឿងម៉ាស៊ីនច្នៃឈើប៉ះពាល់និងរំខានដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យបាត់បង់ព្រៃឈើរួមនិងបាត់បង់ចំណូលរដ្ឋទទួលផលពីការធ្វើអាជីវកម្ម ផលព្រៃឈើនេះផងដែរ៕វិច្ឆិកា