សិស្សចំនួន២០នាក់​ នៅ​សាលា​វិទ្យាល័យភ្នំធំ​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ដួលសន្លប់ជាបន្តបន្ទាប់

នៅបន្ទាយមានជ័យ​ សិស្សចំនួន២០នាក់ រៀននៅសាលាវិទ្យាល័យភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ បានដួលសន្លប់ជាបន្តបន្ទាប់​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ​ ​​ ដឹកយកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ ​នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។ ​

បើតាមការបញ្ជាក់ពីលោក រ័ត្ន​ ដាស៊ីណង់​ អភិបាលស្រុកមង្គលបូរី​ ​ថា ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០​នាទី នាថ្ងៃទី១៧​ ខែមីនានេះ គឺមានសិស្សដែលកំពុងរៀននៅវិទ្យាល័យភ្នំធំបានដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ នៅក្នុងសាលានេះ ហើយបាននាំគ្នាដឹកបញ្ជូនយកទៅ​កាន់មន្ទីរពេទ្យ​ ធ្វើការជួយសង្គ្រោះបន្ទាន់នោះ។

លោកអភិបាលស្រុកមង្គលបូរីរូបនេះបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឱ្យ មានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់បែបនេះ ​អាចបណ្តាលមកពី​​អាកាសធាតុក្តៅខ្លាំង​ ហប់ខ្យល់ ទើបធ្វើឱ្យសិស្សដែលកំពុងតែរៀន​មានអាការៈថប់ដួលសន្លប់តែម្តង។ ក្រោយពី ទទួលបានព័ត៌មាននេះភ្លាម លោកក៏បានចុះទៅដល់ទីតាំងដើម្បីបញ្ជូនសិស្សានុសិស្ស រងគ្រោះទាំងអស់នោះទៅកាន់មន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូ ទៅមន្ទីរពេទ្យ និងគ្លីនិកឯកជនក្បែរនោះ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំនួន៥នាក់។

លោក​ រ័ត្ន​ ដាស៊ីណង់​ បានបញ្ជាក់ទៀតថា​ រហូតមកទល់ម៉ោង១២ថ្ងៃត្រង់​នេះ​ សិស្ស​ដែលបានដួលសន្លប់ទាំង២០នាក់នោះ មានអាការៈធូរស្បើយ និងបានត្រលប់ទៅគេហដ្ឋាន រៀងខ្លួនខ្លះហើយដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដានដែល អាចអនុញ្ញាតឱ្យចេញទៅផ្ទះនៅ​រសៀលនេះផងដែរ៕

Loading...