សុខភាព​លោក​ ខៀវ​ សំ​ផ​ន​ មាន​ភាព​ប្រសើរ​

មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​ ២​ ឱ្យ​ដឹង​ថា​ ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ ដែល​មាន​ជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ មាន​ស្ថាន​ភាពល្អ​ខ្លះ​ហើយ​។​ មន្ត្រី​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា​ ពេទ្យ​ត្រូវ​ពេលវេលា​បួន​ ឬ​ប្រាំ​ថ្ងៃ​ សម្រាប់​ពិនិត្យ​តាមដាន​ជំងឺ​។​

​មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ នៅ​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​ ២​ គឺ​លោក​ គង់​ សំ​អុ​ន​ ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​១១​ មក​រា​ថា​ ស្ថានភាព​សុខភាព​របស់​កូនក្ដី​លោក​ បាន​គ្រាន់បើ​ជាង​មុន​ ទោះជា​ត្រូវ​នៅ​បន្ត​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ នៅឡើយ​៖​ «​ជា​ទូទៅ​បាន​ប្រសើរ​ហើយ​មក​ដល់​ពេល​នេះ​ ប៉ុន្តែ​ការ​ព្យាបាល​នៅ​តែ​មាន​ធ្វើ​បន្ត​។​ អ៊ីចឹង​លោក​មិន​បាន​ចាកចេញ​ទេ​»​។​

​រហូត​មក​ដល់​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១១​ មក​រា​ ដដែល​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ លោក​ នេត្រ​ ភក្ត្រា​ បញ្ជាក់​បន្ថែម​ថា​ ស្ថានភាព​សុខភាព​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ នៅ​ថេរ​ ហើយ​ការ​បន្ត​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​នេះ​ គឺ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​គ្រូពេទ្យ​តាមដាន​ និង​ព្យាបាល​ជំងឺ​របស់​គាត់​៖​ «​បាន​ន័យ​ថា​ ស្ថានភាព​សុខភាព​របស់​គាត់​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ត្រួតពិនិត្យ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ ហើយ​របាយការណ៍​លម្អិត​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​ថា​ តើ​មានកា​រវិ​វ​ឌ្ឍ​យ៉ាងម៉េច​ យើង​មិន​ទាន់​បាន​ទទួល​នៅឡើយ​ទេ​ ហើយ​យើង​សង្ឃឹមថា​ នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ របាយការណ៍​របស់​ក្រុម​គ្រូពេទ្យ​នឹង​បញ្ជូន​មក​កាន់​អង្គ​ជំនុំជម្រះ​សាលាដំបូង​»​។​

​គ្រូពេទ្យ​ប្រចាំ​សាលាក្ដី​ខ្មែរក្រហម​ សម្រេច​បញ្ជូន​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ កាលពី​នៅ​រសៀល​ថ្ងៃ​ទី​៨​ មក​រា​ ដោយសារ​បញ្ហា​វិលមុខ​ខ្លាំង​ និង​សម្ពាធ​ឈាម​គាត់​ឡើង​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​ចូលរួម​សវនាការ​បាន​។​

​បញ្ហា​នេះ​ បណ្ដាល​ឱ្យ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ ដែល​ចាប់ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨​ មក​រា​ នោះ​ បង្ខំចិត្ត​ផ្អាក​សវនាការ​របស់​ខ្លួន​លើ​សំណុំរឿង​ ០០២​ វគ្គ​ ២​ នោះ​។​ អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោង​ចាប់ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​ នៅ​ថ្ងៃ​ទី​១៥​ មក​រា​។​

​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ ខៀវ​ សំ​ផ​ន​ លោក​ គង់​ សំ​អុ​ន​ ថ្លែង​បន្ថែម​ថា​ តាម​ស្ថានភាព​សុខភាព​របស់​កូនក្ដី​លោក​ដូច​ពេល​នេះ​ កូនក្ដី​លោក​អាច​នឹង​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​១៥​ មក​រា​ ខាង​មុខ​បាន​៖​ «​បើសិនជា​ស្ថានភាព​នៅ​បន្ត​ប្រសើរ​បែប​នេះ​ អាហ្នឹង​ប្រហែលជា​គាត់​អាច​ចូល​បាន​ លើកលែងតែ​មាន​បញ្ហា​អី​ផ្សេង​ទៀត​ទាក់ទង​សុខភាព​របស់​គាត់​។​ ប៉ុន្តែ​បើ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ មើលទៅ​ឃើញ​ថា​ ការ​ព្យាបាល​របស់​ពេទ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​»​។​

​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ បាន​ចាប់ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​ លើ​សំណុំរឿង​ ០០២​ វគ្គ​ ២​ បន្ត​ទៀត​ កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ មក​រា​ ហើយ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ​ មាស​ សុខា​ បាន​មួយ​ព្រឹក​។​ សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ​ មាស​ សុខា​ គឺ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​នៅ​សហករណ៍​ត្រាំកក់​ ការ​ប្រព្រឹត្ត​ទៅ​លើ​ពុទ្ធសាសនិក​ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់​ នៅ​ខេត្តតាកែវ​ ដែល​ជា​អង្គហេតុ​នៅ​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​ ២៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *