សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ

សុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ ក្រោមមូលបទ៖ «អនាគតដែលយើងទាំងអស់គ្នាចង់បាន, សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម»  ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២០

  • ឯកឧត្តមប្រធាន,
  • ឯកឧត្តមអគ្គលេខាធិការ,
  • ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាទីរាប់អាន!

ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំទាំងអស់ អបអរសាទរខួបលើកទី ៧៥ នៃអង្គការសហប្រជា-ជាតិ ។ ជាការពិត, ការប្រារព្ធខួបលើកទី ៧៥ នេះ គឺស្ថិតនៅក្នុងកាលៈទេសៈនៃការបង្អាក់រំខានដ៏ខ្លាំងក្លាចំពោះពិភពលោក បង្កឡើងដោយវិបត្តិសុខភាពសកលពុំធ្លាប់មាន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង សង្គមយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីភាពខ្ទេចខ្ទាំក្នុងភ្លើងសង្គ្រាមលោកលើកទី ២, នៅក្នុងបុព្វកថានៃធម្មនុញ្ញអង្គការសហប្រជាជាតិ, មេដឹកនាំនៃពិភពលោកបានប្រកាសថា ការប្រើប្រាស់ នូវ «យន្តការអន្តរជាតិសម្រាប់ការលើកស្ទួយសេដ្ឋកិច្ច និង ការរីកចម្រើនក្នុងសង្គមសម្រាប់ប្រជាជនគ្រប់រូប» គឺជាមធ្យោបាយជាសារវន្តក្នុងការធានាសុខសន្តិភាព, ការលើកកម្ពស់សិទ្ធិមនុស្ស និង ធានានូវវឌ្ឍនភាពសង្គម ។ ផ្ទុយពីទស្សនវិស័យនេះនៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលកំពុងតែស្ថិតនៅជាធរមាន, យើងសងេ្កតឃើញថា «យន្តការអន្តរជាតិ» និង ការប្ដេជ្ញាចិត្តរបស់យើងដើម្បីបុព្វហេតុនេះ កំពុងរងការបំផ្លិចបំផ្លាញ និង តម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ។ ជាក់សែ្តង, យន្តការពហុ- ភាគីនិយម កំពុងទទួលរងការវាយប្រហារយ៉ាងដំណំ ពិសេសគឺដោយសារទង្វើជាតិនិយមជ្រុល និង គាំពារនិយមរបស់ប្រទេសមហាអំណាចខ្លះលើសកលលោក ។

ជំនួសការទទួលបានការគាំទ្រ, ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានបែ្រក្លាយជា មុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈ​ដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់-រានមានជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និង ការងារ ជាដើម ។ នេះ គឺជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចប្រឹងប្រែងស្តារ និង អភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ ពិសេស តាមរយៈការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន ។ ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ​ក្នុងការជ្រើសរើសយកឯករាជ្យ និង អធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិភាព និង ការអភិវឌ្ឍ ។ ខ្ញុំគិតថា នេះ គឺជាឧបសគ្គពិតប្រាកដដ៏ចម្បងមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើឲ្យសម្រេចបាននូវគោលដៅរបៀបវារៈឆ្នាំ ២០៣០ បនែ្ថមពីលើបញ្ហាប្រឈមបន្ទាន់ទាំង- ឡាយ ដែលបង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និង ផលប៉ះពាល់នៃជំងឺនេះ មកលើសង្គម និង សេដ្ឋកិច្ច ។

ឯកឧត្តមប្រធាន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

គណៈប្រតិភូរបស់ខ្ញុំជឿជាក់ថា បណ្ដារដ្ឋជាសមាជិកត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងសេចក្ដីប្រកាសស្ដីពីការរំឮកខួបទី ៧៥ នៃអង្គការសហប្រជាជាតិ ដែលយើងបានអនុម័តក្នុងកិច្ចប្រជុំនេះ។

ជោគជ័យរបស់យើងក្នុងការអនុវត្តគោលដៅប្រកបដោយមហិច្ឆតា ដែលយើងទាំងអស់គ្នាបានកំណត់យក នឹងត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ ឲ្យអាចរស់នៅបាន ក្នុងវិបុលភាព និង ក្នុងសង្គមមួយដែលប្រកបដោយបរិយាប័ន្ន និង ភាពសុខដុមរមនា ។

ប្រសិនបើយើងសម្លឹងមើលទៅអនាគត, សហគមន៍អន្តរជាតិ ពិតជាទាមទារចង់បានអង្គការសហប្រជាជាតិដ៏រឹងមាំមួយ ដែលមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមដែលកើតមាននៅក្នុងតថភាពនៃសតវត្សទី ២១ ។ កម្ពុជាទទួលស្គាល់តួនាទីស្នូលនៃប្រព័ន្ធពហុភាគី-និយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញដែលយើងកំពុងជួបប្រទះនាបច្ចុប្បន្ននេះ  ដូចដែលសេចក្ដីប្រកាសបានចែងយ៉ាងច្បាស់ថា «បញ្ហាប្រឈមរបស់យើងមានភាពប្រទាក់ក្រឡាគ្នា និង អាចដោះស្រាយបានតែតាមរយៈប្រព័ន្ធពហុភាគីនិយម ដែលត្រូវតែបានធ្វើឲ្យប្រសើរឡើងវិញ» ។ តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ, តម្លាភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ និង ការ-ចូលរួមជាមួយគ្នាជាធ្លុងមួយ, សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេចបាននូវអនាគតមួយដែលយើងទាំងអស់គ្នាចង់បាន និង អង្គការ​សហប្រជាជាតិមួយដែលយើងត្រូវការ ។

សូមអរគុណ!

Loading...