សូមចូលរួមចំណែកសោកស្តាយ និងរួមមរណទុក្ខជាពន់ពេក​​ ជនទី៣ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជំងឺ​រហូតដល់២នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺ​កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកជំងឺបុរសម្នាក់​បានបាត់បង់ជីវិត​ដោយសារជំងឺកាចសាហាវនេះផងដែរ ធ្វើឲ្យកម្ពុជា​មានអ្នកបាត់បង់ជីវិត​កើន​៣នាក់ ។

ប្រទេសកម្ពុជាបានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលករណីស្លាប់បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំដោយសារជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទី ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសខាងលើនេះ ដោយមានរោគសញ្ញាក្តៅខ្លួន និងហត់បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបន្ទាប់មកបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ។ ការពិនិត្យសុខភាព និងការថតសួតបានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក្រៅពីផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានដាក់ទុយោក្នុងបំពង់ខ្យល់ដើម្បីជំនួយការផ្តល់អុកស៊ីហ្សែននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តែជាអកុសលមិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីរសៀលនេះទៅ ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖បុរសវ័យ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់ដោយសារជំងឺកូវីដ-១៩វៃលុកលឿនធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១:៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត ស្ត្រីជនជាតិខ្មែរអាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលមរណភាព ​ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកសួតទាំងសងខាងធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូងលើអ្នកជំងឺទឹកនោមផ្អែម លើសឈាម និងធាត់ខ្លាំង ។

ក្រសួងសុខាភិបាលបានប្រកាសថា ស្ត្រីអ្នកជំងឺវ័យ៦២ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃដដែល ។ ដោយសារស្ត្រីខាងលើនេះមានស្ថានភាពហត់ខ្លាំង គួបផ្សំទៅនឹងគាត់មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងនោះ ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងជួយសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ តែជាអកុសល ការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យអស់លទ្ធភាពហើយនៅតែមិនអាចជួយគាត់បាន ៕

Loading...