សូមស្វាគមន៍ ការបើកដំណើរការឡើងវិញលេង ល្បែងជល់មាន់ អាប៉ោង និងបៀរ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ បនល្បែងស៊ីសងដែលមាន ជល់មាន់ អាប៉ោង បៀរ នៅភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ កាលពីថ្មីកន្លងទៅនេះ គឺត្រូវបានបង្រ្កាបនោះ ឥឡូវនេះស្រាប់តែសង្វៀនជល់មាន់ ទីតាំងដដែលបានបើកលេងសារជាថ្មី កក្រើកមេឃ សូម្បីតែសមត្ថកិច្ចតូចតាច ក៏មិនហ៊ានបង្រ្កាបដែរ ចំនុចនេះទើបធ្វើឲ្យមានការដាក់ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធខ្លះបានសើមមាត់សើមក និងបនល្បែងស៊ីសងនេះមិនខានឡើយ។

ប្រភពព័ត៌មាន បានបញ្ជាក់ប្រាប់អោយដឹងថា ម្ចាស់បនល្បែងស៊ីសង បានប្រកាសជាផ្លូវការ ដល់ក្រុមអ្នកញៀនល្បែងថា កុំទៅភ័យ កុំទៅខ្លាច សូមលេងម៉ាសេរី ព្រោះគេមានកញ្ចប់បង់ជាខែជូនថ្នាក់លើរួចហើយ ក្នុងមួយខែៗរាប់ ពាន់ដុល្លារ ទើបបានធ្វើឲ្យ ក្រុមអ្នកញៀនល្បែងសប្បាយស្រែកហោកញ្រៀវ មិនសំចៃមាត់ ក្នុងនោះម្ចាស់ សង្វៀនមាន់ជល់ មានឈ្មោះ និត និងកូរកន ឈ្មោះ ភាព និងបានបញ្ជាក់ថា ការដែលពួកគេលេងល្បែង ស៊ីសងខុសច្បាប់នេះ ដោយសារអ្នកមានលុយនៅចាំអន្តរាគមន៍ពីក្រោយខ្នង ។

ទាក់ទងករណីមួយនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធម៌មូលដ្ឋានបានទេនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។ អង្គភាពយើងរង់ចាំការបំភ្លឺពីអាជ្ញាធម៌មូលដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបំបាត់ចម្ងល់ខាងលើនេះនៅគ្រប់វេលាម៉ោងធ្វើការ ៕

Loading...