សួនផ្កាដំណក់ទឹកភ្លៀងកំពុងឆក់ ទទួលបានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនក្នុងថ្ងៃឆ្លងឆ្នាំសកល

(ខេត្តបាត់ដំបង)៖ ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២០-២០២១ ដែលកន្លងផុតទៅថ្មីៗនេះ គេសង្កេត ឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ច្រើនកុះករ មកពីតាមបណ្តាខេត្ត បានមកកម្សាន្តសួនផ្កាដំណក់ទឹកភ្លៀង ដោយខ្លះថតរូបអនុស្សាវរីយ៍ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅក្នុងសួនផ្កាមួយនេះថ្ងៃបើកដំណើរការអោយចូលកម្សាន្ត ជាលើកដំបូង ។

ម្ចាស់សួនផ្កាដំណក់ទឹកភ្លៀង លោក ម៉េង គឹមហ៊ុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្រាប់ប្រាប់ថា ដំបូងឡើយលោករៀបចំសួនផ្កានេះគោលបំណង ដើម្បីផ្គត់ផ្គង់ទីផ្សារសម្រាប់លក់ ក្រោយមកដោយពិនិត្យមើលឃើញថាល្អ បន្ទាប់មកលោកចង់អោយប្រជាជនខ្មែរយើងដែលតែងតែធ្លាប់ទៅទស្សនាប្រភេទផ្កាដូចគ្នានៅបរទេស ដែលបរទេសគេអាចធ្វើបាន យើងក៏ធ្វើបាន អញ្ចឹងទើបលោកចាប់បើកអោយភ្ញៀវចូលទស្សនា ដោយមិនយកផលិតផលមួយនេះទៅផ្គត់ផ្គង់នៅទីផ្សារទេ។

លោកបន្តថា នៅក្នុងសួនផ្ការបស់លោកពេលនេះ មានតែប្រភេទផ្កាមួយមុខទេ គឺផ្កាដំណក់ទឹកភ្លៀង ពេលនេះពួកលោកបានព្យាយាមដាំបន្តទៀតនូវប្រភេទផ្កាឈូករ័ត្នពណ៌លឿង ផ្កាឈូករ័ត្នពណ៌ក្រហម និងផ្កាឈូករ័ត្នពណ៌ស ដែលជាទូទៅប្រជាជនខ្មែរយើងមិនដែលធ្លាប់សូវបានឃើញទេនៅប្រភេទផ្កាឈូករ័ត្នពណ៌ក្រហម និងពណ៌ស ដែលពេលនេះលោកកំពុងព្យាយាមដាំនៅទំហំតូច តែលោកនិងពង្រីកអោយបានទំហំធំនៅចុងខែមេសាខាងមុខនេះ នៅលើផ្ទៃដីទំហំ០១ហិចតា ខណៈពេលនេះលោកដាំដុះបានតែទំហំផ្ទៃដីប្រហែលកន្លះហិចតាតែប៉ុណ្ណោះ។

ម្ចាស់សួនផ្ការូបនេះបញ្ជាក់ថា ក្នុងពេលបើកដំណើរការថ្ងៃដំបូងអោយភ្ញៀវចូលទស្សនាលេងរយះពេលបីថ្ងៃស្របទៅនឹងពិធីបុណ្យឆ្លងឆ្នាំផងនោះ សម្រាប់សួនផ្ការបស់លោក ក្នុងមួយថ្ងៃភ្ញៀវមិនក្រោមពី៤០០ទៅ៥០០នាក់ទេដែលបានមកកម្សាន្តលេងនៅទីនេះ ដែលពួកគាត់មកពីតាមបណ្តាខេត្តមួយចំនួនដូចជា ៖កំពង់សោម ,ព្រៃវែង ,សៀមរាប ,បន្ទាយមានជ័យជាដើម ហើយសម្រាប់សេវាភ្ញៀវដែលបានចូលមកកម្សាន្តទស្សនាឬថតរូបជាអនុស្សាវរីយ៍លេងក្នុងម្នាក់តម្លៃ៦០០០រៀល ចំពោះក្មេងក្រោមអាយុ១៤ចុះមិនយកលុយទេ។

ដោយឡែក អារម្មណ៍ពិតរបស់ភ្ញៀវដែលមកកម្សាន្តលេងនៅសួនផ្កាដំណក់ទឹកភ្លៀងនេះដែរ ពួកគាត់បានសម្តែងការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅទីនេះ ព្រោះវាជាប្រភេទផ្កាដែលកម្រនឹងគេយកមកដាំ ហើយចំពោះតម្លៃគឺសមរម្យមិនថ្លៃទេ គឺអាចទទួលយកបានព្រោះគេពិបាកនឹងដាំបាន ៕

Loading...