សេចក្តីប្រកាសរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្តីពីស្ថានភាពចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា



ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើសកម្មភាពតាមដែលខ្លួនអាចធ្វើបាន ដើម្បីចូលរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា «ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃ នៅតែមានលក្ខណៈធ្ងន់ធ្ងរ ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះ នឹងកំណត់នូវទិស ដែលការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ ។ យើងទាំងអស់គ្នាត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ ។ ជីវិតរបស់យើងទាំងអស់គ្នា គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ» ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ករណ៏វិជ្ជមានវីរុសកូវីដ-១៩ ដែលឆ្លងបន្តនៅក្នុងប្រទេសចំនួន៣២ករណីត្រូវបានរាយការណ៍នៅរាជធានីភ្នំពេញ ក្រោយពេលមានហេតុការណ៍បំពានវិធានចត្តាឡីស័កមួយបានកើតឡើង ។ ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៥ខែមីនាឆ្នាំ២០២១នេះមានករណីវិជ្ជមានវីរុសក្ខវីដ១៩សរុបចំនួន១.៥៧៨ករណីដែលក្នុងនោះមានស្លាប់០២ករណ៍ ។ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្កឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿនជាងវីរុសដែលឆ្លងកន្លងមក ។ ការស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលាអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺកូវីដ-១៩បាន ។ ប្រទេសកម្ពុជាបានរាយការណ៍ពីករណីស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។

លោកស្រីវេជ្ជបណ្ឌិត លី វៃឡោន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា សោកនាដកម្មនៃការបាត់បង់ជីវិតជាលើកដំបូងដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំលឹកយើងទាំងអស់គ្នាអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ ។ ជំងឺនេះអាចវាយប្រហារយើងគ្រប់គ្នានៅគ្រប់ពេលវេលា ។ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែយើងនៅមានឱកាសដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើយើងទាំងអស់គ្នាសហការបញ្ឈប់វាទាំងអស់គ្នាដោយសាមគ្គីភាព ។ “គោលដៅរួមរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈផងដែរ គឺកាត់បន្ថយហានិភ័យឲ្យបានជាអតិបរមានូវការនាំចូលករណីឆ្លងថ្មីពីក្រៅប្រទេស ការផ្ទះឡើងនៃជំងឺកូវីដ-១៩ និងការពារកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។

ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការគោរពឲ្យបានពេញលេញតាមការណែនាំនូវវិធានការសុខភាពសាធារណៈដែលខ្លាំងក្លា និងចំគោលដៅគឺដើម្បីជៀសវាង និងបង្ការផលប៉ះពាល់លើសុខភាពសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ។ ការឆ្លងរាលដាលទ្រង់ទ្រាយធំអាចនាំទៅដល់ការរឹតត្បិត ឬការបិទទីតាំងណាមួយទ្រង់ទ្រាយធំ ហើយអាចបណ្តាលឲ្យមានជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលផ្សេងៗទៀត ដែលប្រការនេះ នឹងធ្វើឲ្យពលរដ្ឋដែលមានជំងឺកូវីដ-១៩ និងបញ្ហាសុខភាពផ្សេងៗទៀតលំបាកនឹងទទួលបានការថែទាំព្យាបាល និងការជួយសង្គ្រោះជីវិត ។

លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា “ពេលនេះជាស្ថានភាពអាសន្នមួយ ។ យើងគ្រប់ៗគ្នាត្រូវតែអនុវត្តន៍វិធានការការពារជាចាំបាច់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូដ-១៩ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺនេះឲ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ ត្រូវអនុត្តន៍វិធានការ៣ការពារ និង៣កុំ ដូចជា៖ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ, លាងសំអាតដៃជាប្រចាំជាមួយនឹងសាប៊ូ ឬអាកុល ជែល និងរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះ និងមិនត្រូវទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមានមនុស្សច្រើនអ៊ូអរ មិនត្រូវប៉ះពាល់គ្នាចាប់ដៃគ្នា ឬក៏ឱបគ្នាឡើយ ។ ជោគជ័យ ឬបរាជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ អាស្រ័យលើពួកយើងទាំងអស់គ្នា ហើយតើយើងនៅតែមើលស្រាលលើវីរុសកូវីដ-១៩នេះដោយមិនអនុវត្តន៍ ៣ការពារ និង៣កុំ ឬក៏យើងចង់ធ្វើឱ្យស្ថានភាពអាចឆាប់បានវិលត្រឡប់ទៅរកសភាពរស់នៅធម្មតា តាមបែបគន្លងថ្មីវិញបានយ៉ាងឆាប់ហ័ស? ចម្លើយរគឺស្ថិតលើបុគ្គលគ្រប់រូបដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនហើយនៅពេលនេះ ។ “

លោកជំទាវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រសាសន៍បន្ថែមទៀតថា យើងត្រូវកាត់បន្ថយ ឬជៀសវាងការធ្វើដំណើរ និងបម្លាស់ទីដែលមិនចាំបាច់ពីរាជធានីភ្នំពេញ ទៅខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញ ។ ការនៅផ្ទះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះអំឡុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មីដែលកំពុងតែចរាចរយ៉ាងសកម្ម ដែលយើងមិនដឹងថា នៅទីណាពិតប្រាកដដើម្បីបញ្ឈប់ការរាលដាលនៃវីរុសនេះ ។

ឥរិយាបថការពារជាមូលដ្ឋានទាំងនេះគឺជាជំហានទីមួយនៃការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែវិធានការសុខភាពសាធារណៈដទៃទៀត ក៏មានសារៈសំខាន់ដែរ ដើម្បីការពារការចម្លងទៅសហគមន៍ ។ វាមានសារៈសំខាន់ណាស់ដែលពលរដ្ឋគ្រប់គ្នាត្រូវសង្ស័យ និងជៀសវាងទីកន្លែងចង្អៀតមានមនុស្សច្រើន ដែលគេដឹងថា អាចងាយនឹងធ្វើឲ្យឆ្លងតៗគ្នា ដោយងាយដូចជានៅតាមក្លិបរាត្រី កាស៊ីណូ និងកន្លែងសេវាកំសាន្តដទៃទៀត ។ ការលុបចោល ឬក៏កការជួបជុំគ្នា ដែលអាចមានហានិភ័យខ្ពស់ដូចជាពិធីជប់លៀង និងពិធីអាពាហ៍ពិពាហ៍ គឺមានសារៈសំខាន់ចាំបាច់ណាស់ក្នុងពេលបច្ចុប្បន្ននេះដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ ។

នៅក្នុងកាលៈទេសៈខ្លះ ការរឹតត្បិត និងត្រួតត្រាការធ្វើដំណើរអាចត្រូវបានអនុវត្តផងដែរ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ។ វិធានការរឹតត្បិតជាបណ្តោះអាសន្នទាំងនេះអាចជាការកត់កម្លាសទីពីខេត្តមួយទៅខេត្តមួយទៀត ឬក៏ក្នុងករណីខ្លះការបម្លាស់ទីនៅក្នុងក្រុង ឬក៏ស្រុក/ខណ្ឌជាដើម ។

អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានបានដាក់ចេញនូវវិធានការសុខភាពសាធារណៈឲ្យចំគោលដៅជាក់លាក់ក្នុងការឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតក្នុងពេលបច្ចុប្បន្ននេះ ។ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានទីតាំងជាង១០០កន្លែង ដែលត្រូវបានកំណត់អត្តសញ្ញាណ និងបិទ ហើយបុគ្គលិក និងពលរដ្ឋស្នាក់នៅដែលពាក់ព័ន្ធត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក លើសពីនេះទៅទៀត ពិធីរៀបអាពាហ៍ពិពាហ៍ និងការជួបជុំទ្រង់ទ្រាយធំនានាត្រូវបានផ្អាកទូទាំងប្រទេស ។

ខណៈដែលវិធានការសុខភាពសាធារណៈផ្សេងៗកំពុងត្រូវបានដាក់ចេញជាធរមាននៅតាមទីក្រុង និងខេត្តនានា ពលរដ្ឋគ្រប់រូបត្រូវបានលើកទឹកចិត្តបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។ វាមានសារៈសំខាន់ដែលត្រូវចូលរួមអនុវត្តតាមវិធានការសុខភាពសាធារណៈពាក់ព័ន្ធការស្វែងរកអ្នកប៉ះពាល់ ការដាក់ករណីវិជ្ជមានឲ្យនៅដាច់ដោយឡែក និងការធ្វើចត្តាឡីស័ក និងវិធានការសុខភាពសាធារណៈដ៏ទៃទៀត ។ ប្រសិនបើអ្នកឈឺ ឬក៏សង្ស័យថាអ្នកបានឆ្លងជំងឺកូវីដ-១៩ សូមទូរស័ព្ទទៅលេខទាន់ហេតុការណ៍ ១១៥ ។

ខណៈដែលវ៉ាក់សាំងអាចជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយមិនឲ្យឈឺធ្ងន់ធ្ងរ វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩បានទេ ហើយវ៉ាក់សាំងនឹងមិនអាចបញ្ចប់ការផ្ទុះរាលដាលជំងឺនៅពេលបច្ចុប្បន្ននេះបានទេ ។ មានតែកិច្ចខំប្រឹងប្រែងរួមបញ្ចូលគ្នាទាំងការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខភាពសាធារណៈប៉ុណ្ណោះ ដែលនឹងអាចបញ្ឈប់ការផ្ទុះរាតត្បាតទាំងនេះបាន ។

លោកស្រីវេជ្ជបណ្ឌិតលី វៃឡោន មានប្រសាសន៍ថា “ខ្ញុំដឹងជាការប្រយុទ្ធជាមួយនឹងការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ គឺមានការហត់នឿយខ្លាំងណាស់ ប៉ុន្តែយើងត្រូវតែចូលរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីយកឈ្នះលើវីរុសកូវីដ-១៩នេះឲ្យបាន ។ សកម្មភាពរួមគ្នារបស់យើងទាំងអស់គ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះនឹងកំណត់អំពីភាពជោគជ័យ ឬក៏បរាជ័យរបស់យើងនៅក្នុងការការពារខ្លួនយើងផ្ទាល់ និងប្រទេសរបស់យើងពីជំងឺ១៥-១៩នេះ ។

Loading...