សេចក្តីណែនាំវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្រ្តភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាល​បានចេញសេចក្តីណែនាំវិធានការលម្អិត​ដើម្បី​រឹតបន្តឹងការអនុវត្ត​សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទទួលបានសេចក្តីណែនាំនេះ គ្រប់ក្រសួងស្ថាប័ន គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

សេចក្តីណែនាំលម្អិតរបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយ​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានបញ្ជាក់យ៉ាងដូច្នេះថា៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តសេចក្តីសម្រេចលេខ៤៩សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ–១៩ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ឲ្យបានឆាប់រហ័ស និងជាអតិបរមារាជរដ្ឋាភិបាលសូមធ្វើការណែនាំ នូវវិធានការអនុវត្តលម្អិត ដែលត្រូវរឹតបន្ដឹងបន្ថែមទៀតដូចខាងក្រោម៖

១-អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមផ្សារ និងទឹកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានលក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឲ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណា ដែលមិនរៀបរយ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។ គណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ. ត្រូវបង្កើតក្រុមការងារមួយដើម្បីទទួលបន្ទុកការងារត្រួតពិនិត្យនេះដោយសហការជាមួយក្រសួងពាណិជ្ជកម្ម ។

២-អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តការហាមឃាត់ ឬផ្កាកជាដាច់ខាត នូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមប្រការ៣ថ្មី នៃសេចក្តីសម្រេចលេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលនៅពេល ដែលទីកន្លែង នៃសកម្មភាពការងារមុខរបរ ឬអាជីវកម្មនោះជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានត្រូវបានរកឃើញ ឬមានការសង្ស័យថាមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារ ដែលទាក់ទងនឹងសេវាពន្លត់អគ្គីភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, សេវាផ្គត់ផ្គង់ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល, ឱសថស្ថាន, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, ទីតាំងផលិត និងផ្គត់ផ្គង់មី, ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការជាធម្មតាបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការផ្នែកសុខាភិបាលក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់ ។ រាល់ទីតាំង នៃសេវាកម្ម ដែលត្រូវបានលើកលែង និងអនុញ្ញាតឲ្យបើកដំណើរការនេះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាលរួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូដ-១៩ ។

៣-អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវកំណត់តំបន់ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា”តំបន់ក្រហម”ហើយត្រូវរឹតបន្តឹងការអនុវត្តវិធានការលម្អិតឲ្យបានម៉ឺងម៉ាត់នៅក្នុងតំបន់ក្រហមនេះដូចខាងក្រោម៖

-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនលើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ។

-ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគព្រមទាំងសកម្មភាពការងារមុខរបរ និងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហមត្រូវផ្អាកជាបណ្តោះអាសន្នលើកលែងតែសកម្មភាពការងារដូចតទៅនេះ ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការជាធម្មតា(១) -សេវាពន្លត់អគ្គិភ័យ, (២) -សេវាផ្គត់ផ្គង់អគ្គិសនី, (៣) -សេវាផ្គត់ផ្គង់ទឹកស្អាត, (៤) -សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជនដោយរួមទាំងឱសថស្ថានផង, (៥)
-ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន, (៦) -ទីតាំងផលិត និងផ្គត់ផ្គង់មី, (៧) -ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ, (៨) -សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, (៩) -សេវាផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខាពេទ្យ និង(១០) -សេវាប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង ។

-ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់តំបន់ក្រហមនេះទាំងអស់លើកលែងតែ៖ (១) -ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយ នូវលិខិតបញ្ជាបេសកកម្ម, (២) -ការធ្វើដំណើរ ដែលទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដែលរៀបចំដោយ គ.ប.ខ. ដោយភ្ជាប់ជាមួយ នូវអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាបេសកកម្ម ដែលចេញដោយគណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ. , (៣) -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋ និងឯកជនដោយរួមទាំងផ្នែកឱសថស្ថានដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល, (៤) -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាពន្លត់អគ្គិភ័យ, (៥) -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយ នូវលិខិតបញ្ជាបេសកកម្មរ(៦) -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដើម្បីចេញ-ចូលទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយ នូវលិខិតបញ្ជាបេសកកម្ម, (៧) -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិក នៃសេវាសង្គ្រោះបន្ទាន់ទាំងរដ្ឋ និងឯកជនដោយមានលិខិតអនុញ្ញាតចេញដោយក្រសួងសុខាភិបាល, (៨) -ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់មី_ដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិ នៃគ.ប.ខ, (៩) -ការធ្វើដំណើររបស់បុគ្គលិក នៃទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែនដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិ នៃគ.ប.ខ, និង(១០) -ការធ្វើដំណើររបស់បុគ្គលិកលក់ និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈកម្មការប្រតិបត្តិ នៃ គ.ប.ខ. ។
-ក្នុងករណីមានការបំពានវិធានការហាមឃាត់ការធ្វើដំណើរ និងវិធានការហាមឃាត់សកម្មភាពការងារមុខរបរ ឬអាជីវកម្មខាងលើនេះអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ន នូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាលផ្សេងទៀតដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ។

៤-ក្រសួងពាណិជ្ជកម្មត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ឲ្យមានការផ្គត់ផ្គង់ដឹកជញ្ជូន និងចែកចាយស្បៀងរួមមាន អង្គរ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគ បរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ ។

៥-អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ត្រូវចាត់ចែងជាបន្ទាន់ដើម្បីចែកចាយ នូវជំនួយសង្គ្រោះបន្ទាន់រួមមានអង្ករមីត្រីខកំប៉ុងទឹកត្រី និងទឹកស៊ីអីវជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងតំបន់ក្រហម ៕ ថាច់ យ៉ាត

Loading...