នគរបាលខេត្តកែបបំភ្លឺដែលថា មហាបនល្បែងអាប៉ោង និងបៀរមានទីតាំងនៅមុខហាងខារ៉ាអូខេ ហេងហេង ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប បើកលេងយ៉ាងរលូន

ខេត្តកែប៖ ស្នងការដ្ឋាននគរបាលខេត្តកែប សូមបំភ្លឺជូនសាធារណៈជនដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមfacebook និងគេហទំព័រសារព័ត៌មានផ្សេងៗ ជាពិសេសសូមធ្វើការឆ្លើយតបចំពោះគេហទំព័រ ផែនដីថ្មី និងបដិសេធទាំងស្រុងជុំវិញគេហទំព័រខាងលើ បានចុះផ្សាយ។

ស្របតាមការចុះផ្សាយនេះស្នងការដ្ឋាននគរបាលខេត្តសូមបំភ្លឺដូចខាងក្រោម៖ ក្រោយទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យអធិការនគរបាលក្រុងកែប និងប៉ុស្តិ៍រដ្ឋបាលសាមីចុះពិនិត្យ និងសាកសួរម្ចាស់ផ្ទះ ព្រមទាំងមជ្ឍដ្ឋានជុំវិញទីតាំងនោះទទួលបានលទ្ធផល ដែលមានដូចខាងក្រោម៖ កាលព្រលប់ថ្ងៃទី29,02,2020 នៅផ្ទះឈ្មោះភាព ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ប្អូនរបស់គាត់ទើបឆ្លងទន្លេ ដូច្នេះហើយបងប្អូនអ្នកជិតខាងមកលេងបៀរកំដរ ដោយឃើញមានមនុស្សម្នាច្រើនមានបុរសនិងស្ត្រីពីរនាក់បានដើរចូលមកដែលគេស្គាល់ថាអ្នកដើរបាញ់អាប៉ោង មកពីស្រុកកំពង់ត្រាច ខេត្តកំពត សុំម្ចាស់ផ្ទះបើកលេងអាប៉ោង ពេលនោះម្ចាស់ផ្ទះមិនអនុញ្ញាតិឱ្យលេងដោយប្រាប់ថានគរបាលបានមកហាមមិនឱ្យលេងរួចហើយ ពីរនាក់ប្តីប្រពន្ធក៏មានការខឹងសម្បានិងម្ចាស់ផ្ទះ ក៏តេទៅអ្នកសារព័ត៌មាន ដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួន ឱ្យមកជួយអន្តរាគម តែម្ចាស់ក៏នៅមិនអនុញ្ញាតិឱ្យលេង។ លុះព្រឹកឡើងថ្ងៃទី01,03,2020 ក៏ឃើញមានការចុះផ្សាយព័ត៌មានបំភ្លើសពីការពិតដែលបានរៀបរាប់ខាងលើ ដោយភ្ជាប់ជាមួយរូបថតគ្មានមូលដ្ឋានច្បាស់មកជាមួយផងដែរ។ រីឯទីតាំងនោះនគរបាលយើងក៏បានណែនាំ អប់រំមិនឱ្យបន្តលេងល្បែងសូម្បីតែលេងកំដរពិធីអ្វីក៏ដោយ នាំឱ្យមានបញ្ហាដូចហេតុការណ៍នេះទៀត។
ដោយឡែកសារព័ត៌មានគេហទំព័រ ផែនដីថ្មី បានចុះផ្សាយខ្លឹមសារខាងលើ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ទេធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងកងកំលាំងមានសមត្ថកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបានឡើយ។

ករណីនេះ ក្នុងនាមថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តកែប សូមសំណូមពរដល់លោកនាយកការផ្សាយ សារព័ត៌មានគេហទំព័រ ផែនដីថ្មី មេត្តាធ្វើការកែតម្រូវ ដោយឈរលើស្មារតី និងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានជាបន្ទាន់ផង។ ស្នងការដ្ឋាននគរបាលខេត្ត សង្ឃឹមថា លោកនាយកការផ្សាយព័ត៌មានខាងលើដែលគ្មានប្រភពច្បាស់ការនេះ និងធ្វើការកែតម្រូវព័ត៌មានឡើងវិញជាក់ជាមិនខានឡើយ បើមិនដូច្នេះទេស្នងការដ្ឋាននិងមានវិធានការណ៍ផ្លូវច្បាប់។

អាស្រ័យដូចបានស្រាយបំភ្លឺខាងលើនេះ សូមព័ត៌មានទាំងអស់ និងសាធារណៈជនមេត្តាទទួលជ្រាបជាព័ត៌មាន៕

Loading...