សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសស្តីពីដំណើរទស្សនកិច្ចលោកប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០១-០៣ ខែកុម្ភះ ឆ្នាំ២០១៨

តបតាមការអញ្ជើញរបស់លោកជំទាវ រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ទស្សនកិច្ចនេះមានបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សាការងារជាផ្លូវការ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវត្តនៃសភាពការណ៍ចុងក្រោយលើផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម របស់ប្រទេសនីមួយៗ និងបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ការតភ្ជាប់ និងរិះរកវិស័យសហប្រតិបត្តិការថ្មីៗ ដែលមានសក្តានុពល ថែមទៀត។

ក្នុងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ភាគីទាំងពីរបានឯកភាពជំរុញសក្តានុពលទេសចរណ៍តាមរយៈ៖ ១-ការអនុវត្តរួមគ្នាយ៉ាងសកម្មលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការខេត្ត មានប្រាសាទជាបងប្អូន រវាងខេត្តសៀមរាបនិងខេត្តចាវ៉ាកណ្ដាល ២-ការពិនិត្យលទ្ធភាពបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងបូហ្គរ និង ៣-ការជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពរៀបចំសកម្មភាពរួមគ្នាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០១៩ ខាងមុខ។

ដោយឡែក រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពបង្កើនកិច្ចសន្ទនា រវាងក្រសួងការបរទេសទាំងពីរ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលបន្ថែមទៀត នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីឥណ្ឌូនេស៊ី បានឯកភាពផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ រវាងមជ្ឈមណ្ឌលសម្រាប់ការអប់រំ និងការបណ្តុះបណ្តាល (CET) នៃក្រសួងការបរទេសឥណ្ឌូនេស៊ី ជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលទើបបង្កើតថ្មី ជាមួយ ។ ក្នុងន័យនេះ តាមសំណើររបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ីមានគម្រោងអញ្ជើញប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា មកបំពេញទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការអប់រំ និងការបណ្តុះបណ្តាល តាមពេលវេលាសមស្រប។

ជាងនេះទៅទៀត ភាគីទាំងពីរ បានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហ-ប្រតិបត្តិការទ្វេភាគីឱ្យបានទៀងទាត់ឡើងវិញ។ តាមការផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីកម្ពុជា ក្រសួងការបរទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៤ ក្នុងអំឡុងឆមាសទី២ ឆ្នាំ២០១៨ នេះ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ និងរិះរកវិធីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាព។

លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ការដឹកជញ្ជូន សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន ការផ្សព្វផ្សាយ បច្ចេកវិទ្យា វិស័យការពារជាតិ ការជួញដូរមនុស្ស និងការអភិវឌ្ឍធនធានមនុស្សជាដើម។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ដោយផ្តោតលើការយកចិត្តទុកដាក់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ ភាគីឥណ្ឌូនេស៊ី ក៏បានឯកភាពតាមការអញ្ជើញរបស់ភាគីកម្ពុជា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឥណ្ឌូនេស៊ី ដើម្បីចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា នាពេលខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយឯកឧត្តម មូហាម៉ាត់ ជូសូហ្វ កាឡា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានពំានាំនូវគារវកិច្ចដ៏កក់ក្តៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូន ឯកឧត្តមអនុប្រធានាធិបតី និងតាមរយៈឯកឧត្តមអនុប្រធានាធិបតី ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងថ្លែងអំណរគុណឯកឧត្ដមអនុប្រធានាធិបតី ដែលបានអញ្ជើញចូលរួមពិធីគោរពវិញាណក្ខ័ន្ធរបស់សម្ដេចវិបុលបញ្ញា សុខ អាន កាលពីខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ កម្ពុជាតែងតែចងចាំនូវការគាំទ្រដ៏មានតម្លៃ និងជំនួយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានរាយការណ៍ជូនឯកឧត្ដមអនុប្រធានាធិបតីនូវលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្រ្តី នឹងលោកជំទាវរដ្ឋមន្ត្រី រេដណូ ម៉ារស៊ូឌី ផងដែរ ក្នុងការជំរុញបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វប្បធម៌ ការពារជាតិ និងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តមអនុប្រធានាធិបតី បានសម្ដែងនូវការអបអរសាទរចំពោះភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងលើកទឹកចិត្តឲ្យបន្តជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ឯកឧត្តមអនុប្រធានាធិបតី បានផ្ដាំផ្ញើនូវសេចក្ដីនឹករឭកជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ឯកឧត្ដមផ្ទាល់ផងដែរ។

គ្រប់ការពិភាក្សាបានប្រព្រឹត្តក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល រីករាយ និងយោគយល់គ្នាទៅវិញទៅមក ដោយឆ្លុះបញ្ចាំងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

ហ្សាការតា ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨

Loading...