សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលទស្សនកិច្ចការងារ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសហព័ន្ធរុស្ស៊ី ពីថ្ងៃទី ២៣ ២៤ ខែសីហា ឆ្នាំ២០១៧

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជា-ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំលើកទី១០របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស និងជួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ែរហៃ្គ ឡាវរ៉ូវ (Sergey LAVROV) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ពីថ្ងៃទី ២៣ ២៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំលើកទី១០របស់គណៈកម្មាការអន្តររដ្ឋាភិបាលកម្ពុជា រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំធ្វើជាសហប្រធានជាមួយឯកឧត្តម នីកូឡៃ នីគីហ្វូរ៉ូស (Nikolay NIKIFOROV) រដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី បានពិភាក្សា និងពិនិត្យលើការអនុវត្តសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី៩របស់គណៈកម្មាការអន្តររដ្ឋាភិបាលកម្ពុជា រុស្ស៊ី និងកិច្ចព្រមព្រៀងនានា ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីឆ្នាំ២០១៥ និង២០១៦។

កិច្ចប្រជុំក៏បានឯកភាពលើការអនុវត្តសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពល អប់រំ បរិស្ថាន និងទេសចរណ៍ ដូចខាងក្រោម ៖
ភាគីរុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី ២ របស់ក្រុមការងារជាន់ខ្ពស់ស្តីពីគម្រោងវិនិយោគអាទិភាព ក្នុងគោលបំណងកំណត់នូវសកម្មភាពជាក់លាក់បន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវបញ្ជីគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងកម្ពុជា និងរុស្ស៊ី រហូតដល់ឆ្នាំ២០២០។

ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចសម្រាប់វិស័យឯកជន និងក៏បានជម្រុញអោយសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ពិចារណាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា និងរុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើការនាំអង្ករ កៅស៊ូ និងផលិតផលកសិកម្មផ្សេងៗទៀតរបស់កម្ពុជា ចូលទៅកាន់ទីផ្សាររបស់រុស្ស៊ី។

ភាគីទាំងពីរបានបញ្ជាក់ពីបំណងក្នុងការអនុវត្តគម្រោងផ្កាយរណបនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នីកូឡៃ នីគីហ្វូរ៉ូស រដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ីនឹងដឹកនាំគណៈប្រតិភូពិសេសមួយក្រុមទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខ ដើម្បីពិនិត្យមើលសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យធនាគារប្រៃសណីយ៍ ស្ថានីយ៍ចែកចាយឧស្ម័នធម្មជាតិ អាកាសចរណ៍ និងរថយន្តធុនធ្ងន់។

ភាគីទាំងពីរបានស្វាគមន៍ការរីកចំរើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យថាមពលនុយក្លេអ៊ែរសន្តិភាព និងបានបញ្ជាក់សារជាថ្មីនូវការតាំងចិត្តក្នុងការអនុវត្តអនុស្សរណៈយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ នៅកម្ពុជា។ តបតាមសំណើរបស់កម្ពុជា ភាគីរុស្ស៊ីនឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាបន្ថែមទៀត លើវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ។
ក្នុងឱកាសកិច្ចប្រជុំនេះ ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខា៖
១. ពិធីសារនៃកិច្ចប្រជុំលើកទី១០របស់គណៈកម្មាការអន្តររដ្ឋាភិបាលកម្ពុជា រុស្ស៊ី ស្តីពីកិច្ចសហ-ប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។
២. អនុស្សរណៈយោគយល់ស្តីពីការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិ-រក្សជីវៈចម្រុះ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី។
៣. កម្មវិធីសកម្មភាពរួមរវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងភ្នាក់ងារសហព័ន្ធទេសចរណ៍ នៃសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំ២០១៨ ២០២០។

ក្នុងឱកាសជំនួបទ្វេភាគីរវាង ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន និង ឯកឧត្ដម ស៊ែរហៃ្គ ឡាវរ៉ូវ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការតំបន់ និងពហុភាគី។ នៅក្នុងនោះលទ្ធផលសំខាន់ៗរួមមានដូចជា៖
រដ្ឋមន្រ្ដីការបរទេសទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តជាខ្លាំងចំពោះចំណងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ដោយឈរលើផលប្រយោជន៍រួម ព្រមទាំងការទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ទោះបីជាមានការវិវឌ្ឍនៃសភាពការណ៍ជាច្រើនក៏ដោយ។ ឯកឧត្ដម ស៊ែរហៃ្គ ឡាវរ៉ូវ បានចាត់ទុកកម្ពុជាជាដៃគូនិងជាមិត្តគួរឱ្យទុកចិត្ត និងយូរអង្វែងរបស់រុស្សី និងបានបញ្ជាក់ពីឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យដែលជាប្រយោជន៍រួម កាន់តែរឹងមាំបន្ថែមទៀត ។

រដ្ឋមន្រ្ដីការបរទេសទាំងពីរ ពេញចិត្តពីលទ្ធផលជាផ្លៃផ្កាដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី និងបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់គណៈកម្មការនេះ ក្នុងការជំរុញ និងគាំទ្រ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ភាគីទាំងពីរបានកំណត់នូវវិធានការជាក់លាក់មួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ និងវប្បធម៌ ក្នុងន័យឈានទៅសម្រេចឲ្យបាននូវសក្តានុពលពេញលេញរវាងប្រទេសទាំងពីរ។ ភាគីរុស្ស៊ីកំពុងដំណើរការអនុម័តហិរញ្ញវត្ថុសម្រាប់គម្រោងទាក់ទងទៅនឹងការធ្វើទំនើបកម្មមន្ទីពេទ្យមិត្តភាពកម្ពុជា-សូវៀត ដែលជានិម្មិតរូបនៃទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ ហើយនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតស៊ីវិលកម្ពុជា និងការហ្វឹកហ្វឺនដល់មន្រ្តីយោធាកម្ពុជា នៅរុស្ស៊ី។ ភាគីរុស្ស៊ីក៏បានត្រៀមផ្តល់វគ្គសិក្សាផ្នែកការទូតនៅប្រទេសរុស្ស៊ី និងផ្តល់ជំនួយបច្ចេកទេសដល់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ផងដែរ។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញរុស្ស៊ីនឹងត្រូវបញ្ជូនមកកម្ពុជា នាពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីធ្វើការវាយតំលៃគម្រោងជួសជុលប្រាសាទ ព្រះវិហារ។

ភាគីរុស្ស៊ីត្រៀមផ្តល់កិច្ចសហការបច្ចេកទេស និងស្ថាប័នជាមួយកម្ពុជា នៅក្នុងវិស័យថែរក្សាសន្តិភាព និងការបោះសំអាតមីន។
ឯកឧត្តមរដ្ឋមន្រ្តី ឡាវរ៉ូវ បានលើកសរសើរពីតួនាទីកាន់តែសកម្មរបស់កម្ពុជាក្នុងកិច្ចការតំបន់ និងបានអះអាងឡើងវិញពីការគោរពរបស់រុស្ស៊ី ចំពោះសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ ភាគីទាំងពីរបានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងការសម្របសម្រួលកិច្ចប្រឹងប្រែងរួមគ្នា នៅក្នុងវេទិកាតំបន់ និងពហុភាគី ជាពិសេសនៅក្នុងបរិបទអង្គការសហប្រជាជាតិ ទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-រុស្ស៊ី សហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ។ល។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិសំខាន់នានា ដែលការព្រួយបារម្ភ និងផ្តល់ប្រយោជន៍រួម។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី សម្រាប់
រយៈពេល ២០១៨-២០២០ ក្នុងគោលបំណងឈានទៅពង្រឹងកិច្ចសន្ទនានយោបាយលើរបៀបវារៈទ្វេភាគី និងពង្រឹងអន្តរកម្មនៅក្នុង កិច្ចការតំបន់ និងអន្តរជាតិ រវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី។

ភ្នំពេញ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧

 

Loading...