សេចក្តីប្រកាស៖ តាមរយៈប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ក្រសួងរកឃើញបុគ្គលល្មើសវិធានការធ្វើចត្តាឡីស័ក និងអំពាវនាវឲ្យម្ចាស់ទីតាំងទាំងអស់ប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ក្នុងរយៈពេល១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកនេះ។

តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗ ដែលទៅដល់ទីតាំងរបស់ខ្លួន។

ក្នុងគោលបំណងបន្តការពារសុខភាពសាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវដល់បុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង មិនត្រូវចាកចេញពីផ្ទះ ឬកន្លែងធ្វើចត្តាឡីស័កជាកំហិត ក្នុងអំឡុងពេល ១៤ថ្ងៃ។ តាមរយៈទិន្នន័យប្រព័ន្ធ QR Code បានបង្ហាញថា ក្នុងចំណោមបុគ្គលដែលកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ មានបុគ្គលខ្លះ បានចាកចេញពីផ្ទះដោយចូលទីតាំងជាច្រើនកន្លែង ដែលជាការល្មើសនឹងវិធាននៃការធ្វើចត្តាឡីស័ក។

យោងអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អ្នកគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យពី ១លានដល់៥លានរៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ ជាធរមាន។

ជាថ្មីម្ដងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចខាងក្រោម៖

* ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
* ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក លោកអ្នកអាចសម្រេចមិនឱ្យបុគ្គលនោះចូល។
* ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថាបុគ្គលនោះមានជំងឺកូវីដ-១៩ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួនទេ។

ក្រសួងបន្តថា ការចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះទាំងអស់គ្នា ដើម្បីបង្កាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ និងជួយឱ្យសកម្មភាពធុរកិច្ចរបស់លោកអ្នក អាចនៅដំណើរការបានជាធម្មតាតាមបែបគន្លងថ្មី។

សម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code សូមទាក់ទងទៅលេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 ឬ 012 979 079៕

Loading...