សេដ្ឋកិច្ចកម្ពុជាបន្ដរីកចម្រើនដោយអត្រាអតិផរណាមានកម្រិតមធ្យម២,៦ភាគរយ

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ សេដ្ឋ កិច្ចកម្ពុជាបានបន្តរីកចម្រើនប្រកបដោយភាពជឿជាក់ដោយ រក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ ក្នុងនោះ អត្រាអតិផរណាមានកម្រិតមធ្យម២,៦ភាគរយ ហើយអត្រាប្តូរប្រាក់មាន ស្ថិរភាពក្នុងរង្វង់ ៤.០៣៧រៀលក្នុងមួយដុល្លារអាម៉េរិក។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា កាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ជា ចាន់តូ ទេសា ភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថិរភាពនេះបានបន្តពង្រឹងទំនុកចិត្ត របស់ភ្នាក់ងារសេដ្ឋកិច្ចក្នុងការបង្កើនការវិនិយោគ ការប្រើប្រាស់ និងសកម្មភាពពាណិជ្ជកម្ម នានា ស្របតាមការកើនឡើងនៃចំណូល ដែលផលិតផលសរុបក្នុងស្រុក ក្នុងមនុស្សម្នាក់ៗ រំពឹងថានឹងកើនឡើងដល់១.៥៦៣ដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨នេះ។

ឯកឧត្តមបានបញ្ជាក់ថា ទុនបម្រុងអន្តរជាតិបានកើនឡើងស្មើនឹងប្រមាណ ៦ខែនៃការនាំចូលទំនិញនិងសេវា ដែល ជាកម្រិតខ្ពស់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាទូទៅមានកម្រិត ៣ខែប៉ុណ្ណោះ។ ទន្ទឹមនេះ ការប្រើប្រាស់ប្រាក់រៀលត្រូវបានលើក កម្ពស់ជាលំដាប់ ហើយបច្ចុប្បន្នប្រាក់រៀល ក្នុងចរាចរណ៍បានកើនឡើងប្រមាណ ២២ភាគរយ ខ្ពស់ជាងគ្រាដូចគ្នាកាលពីឆ្នាំមុន គឺ១៨ ភាគរយ ដោយសារកំណើនជំនឿទុកចិត្តរបស់ សាធារណជនមកលើប្រាក់រៀល។

​ឯកឧត្តមទេសាភិបាលបានពន្យល់ថា នៅក្នុងវិស័យធនាគារ បានបន្តរួមចំណែកយ៉ាង សកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាប័ន្ន ហើយឥណទានត្រូវបាន ផ្តល់ដល់គ្រប់វិស័យចម្បងៗនៃសេដ្ឋកិច្ច ដោយបានកើនឡើងក្នុងអត្រា១៨,៨ភាគរយ ក្នុង១ ឆ្នាំ ដែលជាកម្រិតសមស្របសម្រាប់គាំទ្រការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ។ កំណើនឥណទាននេះបាន ពឹងផ្អែកកាន់តែច្រើនលើកំណើន ប្រាក់បញ្ញើក្នុងស្រុកដែលមានកំណើន ២២ភាគរយ។ ជាមួយគ្នានេះ ប្រជាជនពេញវ័យដែល បានទទួលសេវាហិរញ្ញវត្ថុបានកើនឡើងដល់ ៥៧ភាគរយ នៃប្រជាជនពេញវ័យសរុប ដែលគាំទ្រជាចម្បងដោយវិស័យ មីក្រូហិរញ្ញវត្ថុនិងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។

​ឯកឧត្តមបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ការ ត្រួតពិនិត្យនិងបទប្បញ្ញត្តិក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ជាពិសេសលើការពង្រឹង ភាពរឹងមាំ នៃដើមទុនសន្ទនីយភាព និងការគ្រប់គ្រងហានិភ័យជាប្រព័ន្ធនានា ទន្ទឹមនឹងការពង្រឹងកិច្ច ការពារអតិថិជន។

​ឯកឧត្តមទេសាភិបាលបានបន្ថែមទៀតថា អត្រាការប្រាក់ក្នុង វិស័យហិរញ្ញវត្ថុបានធ្លាក់ ចុះគួរឱ្យកត់សម្គាល់ពីប្រមាណ៣៤ភាគរយ ចំពោះឥណទានជា ប្រាក់រៀល និង២៩ភាគរយ ជាប្រាក់ដុល្លារអាម៉េរិកនៅឆ្នាំ២០១៦ មកត្រឹម ១៧,៨៥ភាគរយ និង១៧,១៥ភាគរយ រៀងគ្នា។ ការធ្លាក់ចុះនេះ បានផ្តល់ភាពអំណោយផលដល់ប្រជាកសិករ សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានឥណទានពីវិស័យមីក្រូហិរញ្ញវត្ថុក្នុងកម្រៃសមស្រប សម្រាប់លើកស្ទួយ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។

​សូមរម្លឹកថា ការរីកចម្រើននៃវិស័យធនាគារទទួលបានពីកំណើនជំនឿទុកចិត្តរបស់ សាធារណជនមកលើប្រព័ន្ធធនាគារ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយ ទស្សនៈវែង ឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកក្នុងឆមាសទី១នេះដែរ គ្រឹះស្ថានឥណទាន ជនបទប្រមាណ៥០ដែល មិនអាចគោរពតាមច្បាប់និងបទប្បញ្ញត្តិដែលមានជាធរមាន របស់ ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ ដែលក្នុងនោះមានគ្រឹះស្ថានមួយចំនួនបានបញ្ឈប់ ដំណើរ ការដោយខ្លួនឯង និងគ្រឹះស្ថានផ្សេងទៀតត្រូវបានបញ្ឈប់ដោយធនាគារជាតិនៃកម្ពុជា។

​ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយនឹង អាជ្ញាធរពាក់ព័ន្ធនានា ទប់ស្កាត់ចរាចរណ៍និងការដោះដូរ cryptocurrency ដែលមិនមានការអនុញ្ញាត និងការផ្តល់ កម្ចីជាមួយនឹងអត្រាការប្រាក់ខ្ពស់របស់អ្នក ផ្តល់កម្ចីខុសច្បាប់ ដើម្បីការពារប្រជាពលរដ្ឋ កុំឱ្យចាញ់បោក និងខាតបង់ដោយសារជនខិលខូចមួយចំនួន៕

Loading...