សេអ៊ូល៖ សង្គ្រាមឧបទ្វីបចប់ទៅបានអាស្រ័យផ្សាភ្ជាប់ការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង

មន្ត្រីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងប្រាប់ប្រភពព័ត៌មានយ៉ុនហាប់ ផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ថា បញ្ហាកូរ៉េខាងត្បូង និងកូរ៉េខាងជើងដែលប្រកាសបញ្ចប់សង្គ្រាមឆ្នាំ១៩៥០-១៩៥៣ ទៅបាននោះ គឺអាស្រ័យផ្សាភ្ជាប់វឌ្ឍនភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

ការបង្កើតសន្តិភាពជាអចិន្រ្តៃយ៍នៅឧបទ្វីបកូរ៉េទាំងមូល គឺជាចំណុចសំខាន់មួយ នៃរបៀបវារៈសំខាន់ៗផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតី មូន ចេអ៊ីន នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃសុក្រ ខាងមុខនេះ ។ ជំនួបនេះ ទំនងជាពិភាក្សាគ្នាអំពីវិធីជំនួសបទឈប់បាញ់នាពេលបច្ចុប្បន្ន ជាមួយសន្ធិសញ្ញាសន្តិភាពពេញលេញ ។

មន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូលបានថ្លែងថា វិធីដើម្បីនាំយកសន្តិភាពអចិន្រ្តៃយ៍ទៅកាន់ឧបទ្វីបនេះ ទំនងត្រូវបន្តតាមបែបជាជំហានៗ ។

មន្ត្រីរូបនេះបានថ្លែងថា “បើគ្មានការរីកចម្រើននៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ វាមិនសមហេតុផលទេ ដើម្បីពិភាក្សាអំពីវិធីបង្កើតសន្តិភាព” ។ ការថ្លែងបែបនេះ នៅពេលដែលមានសំណួរថា តើវាអាចទៅរួចទេដើម្បីប្រកាសបញ្ចប់សង្គ្រាមដោយមិនគិតអំពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រភពបានបន្តថា ខណៈដែលបញ្ហាទាំងនេះត្រូវបានផ្សាភ្ជាប់គ្នាទៅវិញទៅមករវាងកូរ៉េទាំងពីរនោះ ចាំបាច់ត្រូវសម្របសម្រួលតាមរបៀបរបបសហគមន៍អន្តរជាតិផងដែរ ។

មន្ត្រីរូបនេះក៏បានបន្ថែមទៀតថា ការសន្យានាពេលថ្មីៗនេះរបស់កូរ៉េខាងជើងថា បានបិទទីតាំងសាកល្បងនុយក្លេអ៊ែរមួយនោះ បានបង្ហាញឲ្យឃើញថា ប្រទេសនេះមានភាពម៉ឺងម៉ាត់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ ។

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងព្យួរការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ និងរុះរើទីតាំងសាកល្បងគ្រាប់បែកបរមាណូ(អាតូម) នៅខេត្តភាគខាងជើង ប៉ុន្តែក្រុមអ្នកជំនាញនៅតែដាក់ភាពសង្ស័យ ចំពោះការស្ម័គ្រចិត្តរបស់កូរ៉េខាងជើងដែលថារំសាយអាវុធនុយក្លេអ៊ែរនោះ ។

មន្ត្រីកូរ៉េខាងត្បូងដដែលបានបន្តទៀតថា ការវាយតំលៃរបស់អ្នកជំនាញអាចមានភាពខុសគ្នា ប៉ុន្តែខ្ញុំគិតថា កូរ៉េខាងជើងហាក់ដូចជាព្យាយាមបង្ហាញថា ខ្លួនមានឆន្ទៈចូលរួមក្នុងការចរចាដើម្បីគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរប្រាកដមែន ។

មន្ត្រីរូបនេះបានបន្តថា ទីក្រុងសេអ៊ូលបើកចំហរជានិច្ចដើម្បីរៀបចំកិច្ចចរចាកម្រិតខ្ពស់ និងបញ្ជូនបេសកជនពិសេសទៅកាន់កូរ៉េខាងជើង មុនកិច្ចប្រជុំកំពូលដើម្បីសម្រង់សេចក្តីលម្អិតអំពីកិច្ចប្រជុំនាពេលខាងមុខនេះ ។

ប្រភពបានបន្ថែមថា “កូរ៉េទាំងពីរបច្ចុប្បន្នកំពុងតែពិគ្រោះយោបល់លើសេចក្តីលំអិតនៃរបៀបវារៈ ប៉ុន្តែមេដឹកនាំរបស់ពួកគេទំនងជាសម្របសម្រួល និងពិភាក្សាផ្នែកសំខាន់ៗរបស់ពួកគេនៅក្នុងកិច្ចប្រជុំដោយផ្ទាល់នោះហើយ” ៕ សុមេធ

 

 

Loading...