សោកនាដកម្មនៅប្រទេសអ៊ីរ៉ង់៖ មនុស្ស១០នាក់ស្លាប់ និងមួយចំនួនទៀតបាត់ខ្លួនដោយសារផ្ទាំងទឹកកកបាក់សង្កត់លើ

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅថ្ងៃទី២៨ ធ្នូនេះថា យ៉ាងហោចណាស់អ្នកឡើងភ្នំចំនួន១០នាក់បានស្លាប់ និងមួយចំនួនទៀតបានបាត់ខ្លួនបន្ទាប់ពីព្យុះសង្ឃរាបណ្តាលឱ្យមានការធ្លាក់ព្រិលទឹកកបាក់រលំនៅលើជួរភ្នំមួយនៅភាគខាងជើងនៃរដ្ឋធានី Tehran របស់អ៊ីរ៉ង់។

អ្នកឡើងភ្នំជាច្រើននាក់បានបាត់ខ្លួនចាប់តាំងពីថ្ងៃសុក្រនៅពេលដែលមនុស្ស២នាក់ត្រូវបានគេប្រទះឃើញ ហើយចំនួនទៀតត្រូវបានក្រុមគ្រួសារជាច្រើនបានទាក់ទងទៅអាជ្ញាធរថា មិនឃើញពួកគេត្រឡប់មកផ្ទះវិញ។

យោងតាមលោក Mehdi Valipour ប្រធានផ្នែកប្រតិបត្តិការបន្ទាន់នៃអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ថ្លែងទៅកាន់វិទ្យុ IRIB ថា រហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន៩នាក់នៅលើភ្នំ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យបន្ទាប់ពីត្រូវបានជួយសង្គ្រោះ។

ការងារជួយសង្គ្រោះបានបន្តនៅថ្ងៃអាទិត្យដោយមានអ្នកឡើងភ្នំយ៉ាងតិច៧នាក់ត្រូវបានគេដឹងថានៅតែជាប់ក្នុងផ្ទាំងទឹកកកដ៏ក្រាសដែលធ្លាក់ពីលើភ្នំបាក់សង្កត់លើ។ ការស្វែងរកត្រូវបានធ្វើឡើងនៅកំពូលភ្នំថូឡា និងកូឡាក់ឆលលើជួរអាល់បាដែលជាទិសដៅពេញនិយមសម្រាប់អ្នកឡើងភ្នំ និងអ្នកជិះស្គីនៅជិតរដ្ឋធានី Tehran ។

គួរជម្រាបជូនថា ស្ថានភាពមិនល្អដែលមានខ្យល់បក់ខ្លាំង និងព្រិលទឹកកកខ្លាំងបានបង្កការបំផ្លិចបំផ្លាញមិនត្រឹមតែនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ខាងលើប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសអ៊ីរ៉ង់ផងដែរ ដោយអាជ្ញាធរក៏បានធ្វើការស្វែងរកនាវិក៧នាក់នៃនាវា១គ្រឿងដែលបានលិចនៅឈូងសមុទ្រពែកកាលពីថ្ងៃសុក្រផងដែរ ៕

Loading...