សោធនចូលនិវត្តន៍រស់នៅតំបន់ផ្ទះក្រហមក្នុងស្រុកស្នួលខេត្តក្រចេះចោទអាជ្ញាធរភូមិរបស់ខ្លួនថាកំពុងប្រព្រឹត្តិអំពើពុករលួយដោយមិនគិតពីសុខទុក្ខពលរដ្ឋ

ខេត្តក្រចេះ៖ ពលរដ្ឋជាសោធនចូលនិវត្តន៍ ជាង១រយគ្រួសារ រស់នៅតំបន់ផ្ទះក្រហម ក្នុងភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បានចោទប្រកាន់អាជ្ញាធរភូមិរបស់ខ្លួនថា កំពុងតែប្រព្រឹត្តិអំពើរពុករលួយ ដោយមិនបានគិតពីសុខទុកពលរដ្ឋក្នុងភូមិ ។

ចំណែកប្រធានភូមិសំបួរសែនជ័យ លោក សឿន សាំង បានច្រានចោល ការចោទប្រកាន់របស់អ្នកភូមិខាងលើនេះ ថាការចោទប្រកាន់នេះគឺជារឿងមិនពិត ។

ការចោទប្រកាន់របស់អ្នកភូមិធ្វើឡើង បន្ទាប់ពីលោកមេភូមិសំបួរសែនជ័យ លោក សឿន សាំង បានធ្វើការផ្លាស់ប្តូរក្បាលដីចំការរបស់ពួកគាត់ ប្រគល់ទៅឱ្យអ្នកមានលុយ ដោយ បង្វិលមកឱ្យពួកគាត់វិញ ជាដីចំការដែលមានថ្មគ្រោះ ដែលមិនអាចដាំដុះដំណាំកសិកម្មបាន ។

ក្រៅពីការផ្លាស់ប្តូរក្បាលដីចំការ របស់អ្នកភូមិជាថ្នូរនិងលុយកាក់ហើយនោះ លោកមេភូមិរូបនេះ ក៏មិនរវល់ពីសុខទុកពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងប្រឈម និងការមិនមានទឹកប្រើប្រាស់ប្រចាំថ្ងៃ មិនមានផ្លូវ សំរាប់ធ្វើដំណើរទៅចំការជាដើម។

លើសពីនេះអ្នកភូមិបានអះអាងថា បើសិនជាពួកគាត់មានការផ្លាស់ប្តូរ ឬផ្ទេរឈ្មោះ ផ្ទះឬដីចំការ ផ្ទេរសិទ្ឋប្រគល់ទៅឱ្យកូនៗរបស់ពួកគាត់ គឺមេភូមិរូបនេះតម្រូវឱ្យពួកគាត់បង់លុយ ចំនួន១រយដុល្លារ ទើបរូបគាត់ ព្រមរៀបចំឯកសារផ្ទេរឈ្មោះឱ្យពួកគាត់ ។

ដោយឡែកអ្នកស្រី ស៊ឹម ចាន់ អាយុ៥៦ឆ្នាំ បាននិយាយថា ពលរដ្ឋជាសោធនចូលនិវត្តន៍ដែលចូលមករស់នៅតំបន់ផ្ទះក្រហមនេះ គឺមានចំនួន១៤៥គ្រួសារ ក្រោយពីអាជ្ញាធរ បានបែងចែកលំនៅដ្ឋាន និងដីចំការ ឱ្យពួកគាត់ដោយក្នុង១គ្រួសារ ទទួលបានលំនៅដ្ឋាន ធ្វើអំពីឈើប្រកសង្ក័សី ១ខ្នង មានទំហំ ៥គុណនឹង៧ម៉ែត្រ និងដីចំការចំនួន២ហិកតា នៅក្នុងអំឡុងឆ្នាំ២០១១ ។

អ្នកស្រីបានបន្តថា ចាប់តាំងពីពួកគាត់មករស់នៅក្នុងតំបន់នេះ គឺធ្វើឱ្យពួកគាត់មានការជួបលំបាក និងប៉ះពាល់ដល់ជីវភាពគ្រួសារធ្ងន់ធ្ងរ និងមានអ្នកភូមិជាច្រើនគ្រួសារ បានបិទទ្វារផ្ទះចោល ខ្លះទៅធ្វើចំណាកស្រុកទៅប្រទេសជិតខាង ខ្លះទៀតចូលទៅស៊ីឈ្មួលធ្វើការឱ្យក្រុមហ៊ុននៅក្នុងព្រៃ ។

អ្នកស្រីថា ការសម្រេចចាក ចេញរបស់អ្នកភូមិ ដោយសារដីចំការដែលអាជ្ញាធរចែកឱ្យនោះជាប្រភេទ ដីថ្មគ្រោះ ដែលសេសសល់ពីក្រុមហ៊ុន មិនអាចដាំដំណាំដើម្បីផ្គត់ផ្គង់គ្រួសារបាន ។ ជាងនេះទៀតនៅក្នុងភូមិ ក៏មិនមានទឹកប្រើប្រាស់គ្រប់ក្រាន់ ខណៈដែលអណ្តូងទឹក ជាប្រភេទអណ្តូងស្នប់ ចំនួន៥ ត្រូវបានខូចជាបន្តបន្ទាប់ ចំណែកទឹកដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃនេះ គឺទឹកទិញគេដោយក្នុង១ពាង តម្លៃ៥ពាន់រៀល ហើយពលរដ្ឋទាំងនោះ បានចោទអាជ្ញាធរភូមិហាក់ធ្វើប្រងើយកន្តើយមិនដឹងពីសុខទុកពលរដ្ឋក្នុងមូលដ្ឋាន ។

ឆ្លើយតបនិងការលើកឡើងរបស់អ្នកភូមិ មេភូមិសំបួរសែនជ័យ លោក សឿន សាំង បានឱ្យដឹងនៅថ្ងៃទី១៣កុម្ភៈនេះថា លោកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើនេះ លោកថា រឿងផ្ទេរឈ្មោះកម្មសិទ្ឋលំនៅដ្ឋានប្រគល់ទៅឱ្យកូនឬប្រគល់ទៅឱ្យអ្នកណានោះ គឺលោកមិនដែលបង្គាប់ឱ្យគាត់បង់លុយឱ្យដូចការលើកឡើងនោះទេ ។
ចំណែកដីចំការ ដែលអាជ្ញាធរចែកឱ្យពួកគាត់ក្នុង១គ្រួសារ២ហិកតា គឺអាជ្ញាធរបានរៀបចំជាជួរ ជាប់គ្នា ងាយស្រួលគ្រប់គ្រង ហើយក៏មិនមានផ្លាស់ផ្តូរក្បាលដីដូចការលើកឡើងដែរ ៕

 

Loading...