សំណុំរឿងឧក្រិដ្ឋកម្មព្រៃឈើ៖ ចាប់ខ្លួនប៉ូលិសនិងទាហាន​៦នាក់ រឿងបាញ់សម្លាប់មន្ត្រីការពារបរិស្ថាន

ភ្នំពេញៈ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនដៃដល់ដែលជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មន្ត្រីប៉េអឹម មន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្បែរព្រំដែនវៀតណាម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគីរី កាលពីព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជូនសំណុំរឿងកាន់តុលាការចាត់វិធានការតាមនីតិវិធី។

ការបញ្ជូនខ្លួនជនដៃដល់ទៅខេត្តមណ្ឌលគីរី គឺបន្ទាប់ពីខាងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានយកចម្លើយពីជនដៃដល់រួចហើយ។ ខ្មាន់កាំភ្លើងដៃឆៅរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងហាងគុយទាវមួយនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងរឿងនេះ មនុស្សចំនួន៦នាក់ រួមទាំងជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមានៈ

ទី១.ឈ្មោះ ផល ពេញ នាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរៈការពារព្រំដែនលេខ៦២១ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងហាងគុយទាវមួយកន្លែង ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់សម្លាប់ទៅលើជនរងគ្រោះទាំង៣នាក់។

ទី២.ឈ្មោះកើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ទី៣.ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន។

ទី៤.ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន។

ទី៥.ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ និង

ទី៦.ឈ្មោះ ឈាង វ៉ាន់និត (ប្អូនថ្លៃឈ្មោះ ផល ពេញ) យកកាំភ្លើងលាក់ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឈ្មោះ ផល ពេញ បានសារភាពថា ជនរងគ្រោះទាំង៣នាក់ នៅពេលចុះទៅតំបន់កើតហេតុ គឺមិនដែលបានរាយការណ៍ប្រាប់ខ្លួន ឬសហការជាមួយទេ ហើយពេលចុះទៅ (ថ្ងៃកើតហេតុ) បានថតរូបភាពជនជាតិវៀតណាម ដេកនៅមាត់អូរ និងបានចាប់យករណា ដោយទារលុយ៥លានដុង (លុយវៀតណាម) ហើយខ្លួនកុំឲ្យជនរងគ្រោះទាំង៣រាយការណ៍ទៅលើ គឺកុំឲ្យវែងឆ្ងាយ ដោយបានឯកភាពគ្នា។ ប៉ុន្តែបែរជារាយការណ៍ទៅព្រះរាជអាជ្ញា ខ្លួនខឹងក៏បានបាញ់តែម្តងទៅ…។ ប៉ុន្តែទោះយ៉ាងណា វាគ្រាន់តែជាការដោះបន្ទុកខ្លួនឯង ហើយទម្លាក់កំហុសទៅលើជនរងគ្រោះប៉ុណ្ណោះ ៕

 

Loading...