សំរាមគរដូចភ្នំនៅក្បែរផ្សារអូរអំបិល ក្រុងសិរីសោភ័ណ តែអ្នកម៉ៅការដឹកសំរាម និងអាជ្ញាធរមើលមិនឃើញ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារអូរអំបិល ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរអ៊ូ និងរិះគន់យ៉ាងខ្លាំង ចំពោះការបោះចោលសំរាមរាយរប៉ាត់រប៉ាយ រហូតគរដូចភ្នំទៅហើយនៅក្បែរ តែមិនទាន់អ្នកម៉ៅការ និងអាជ្ញាធរមានចំណាត់ការនោះទេ។

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ និងក្រុមអាជីវករ បាននិយាយថា «អាជ្ញាធរក្រុងខេត្ត គ្មានវិធានការរៀបចំទីតាំង ស្តុកសំរាម ខណៈខាងក្រុមហ៊ុនប្រមូលសំរាម មានភាពយឺតយ៉ាវក្នុងការប្រមូល ដែលផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ»។

ក្រុមអាជីវករ បាននិយាយថា ខាងម្ចាស់ផ្សារ មិនព្រមធ្វើកន្លែង ស្តុកសំរាមត្រឹមត្រូវដោយ យកផ្លូវក្រោយ ផ្សារផ្នែកខាងត្បូងឈាងខាងកើត ធ្វើជាកន្លែងចាក់សំរាមបណ្តាលឲ្យ សំរាមរាយប៉ាយគរដូចភ្នំលើផ្លូវថ្នល់ ជះក្លិចអាសោច។

ពលរដ្ឋថា ក្រុមហ៊ុនប្រមូលសំរាម មានភាពយឺតយ៉ាវ ក្នុងការប្រមូលថែមទៀតធ្វើឲ្យគំនរសំរាមមួយនេះ បង្កផលប៉ះពាល់ដល់ អ្នកធ្វើដំណើរអាជីវករលក់ដូរ និងអ្នករស់នៅក្បែរនោះ ទទួលក្លិនស្អុយជាប្រចាំ។

ជាមួយគ្នានោះ ពួកគាត់បញ្ជាក់ដែរថា បើរឿងបន្ថែមតូប ឲ្យអាជីវករ លក់ដូរ និងយកភាស៊ីដូចជា យកថ្លៃសំរាមអាជីវករ១កន្លែងចំនួន៥០០រៀល និងថ្លៃផាស៊ីផ្សារពី៣០០ ទៅ៥០០រៀល មិនដែលខកខានមួយថ្ងៃណានោះឡើយ។

ទាក់ទងបញ្ហានេះ លោក លឿន មួ អនុប្រធានក្រុមហ៊ុនប្រមូលសំរាម (ហ្កាអ៊ីយ៉ាភីអិលស៊ី) បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក តែងតែដឹកសំរាមចេញនៅរាល់៥ថ្ងៃម្តង តែមួយរយៈពេលនេះ ដោយសារមានការពឹងពាក់ពីលោក ចៅសង្កាត់អូរអំបិល ឲ្យក្រុមហ៊ុនរបស់លោកជួយប្រមូលសំរាម ក្នុងឱកាសបុណ្យអ៊ុំទូកទើបធ្វើឲ្យមានការ យឺតយ៉ាវក្នុងការប្រមូលដូចនេះ។

បន្ថែមពីនេះ លោក វ៉ៃ កេងលី អភិបាលក្រុងសិរីសោភ័ណ បញ្ជាក់ថា បញ្ហាសំរាមនៅផ្សារអូរអំបិលកន្លងទៅថ្មីៗនេះ លោកបានធ្វើការប្រជុំរវាងក្រុមហ៊ុន «ហ្កាអ៊ីយ៉ាភីអិលស៊ី» និងអ្នកប្រមូលសំរាម ក៏ដូចជា អាជ្ញាធរសង្កាត់ ដើម្បីរៀបចំដាក់ផែនការធ្វើយ៉ាងណានៅបំណាច់ឆ្នាំ២០១៦នេះ ត្រូវតែរៀបចំបញ្ហាសំរាមឲ្យបានរៀបរយ៕

1

3

Loading...