ស៊ើបអង្កេតករណី ឡានបង្កុងដឹកឈើចេញពី តំបន់ព្រៃការពារ WWF ចូលក្នុងដីចម្ការកៅស៊ូ

ខេត្តមណ្ឌលគិរី ៖ ខណៈដែល គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កំពុងចាត់វិធានការ ទប់ស្កាត់ សកម្មភាពរត់ពន្ធឈើ ទៅស្រុកយួននោះ មានសេចក្តីរាយការណ៍ថា រថយន្តបង្កុងជាច្រើនគ្រឿង សម្រុកដឹកឈើចេញពីតំបន់ព្រៃការពារ WWF មកស្តុកទុកក្នុងដីចម្ការកៅស៊ូ ក្រុមហ៊ុន ឌីធីស៊ី (DTC) របស់ឧកញ៉ា លក្ខណ៍។
ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានឱ្យដឹងថា ដីចម្ការកៅស៊ូ របស់ឧកញ៉ា លក្ខណ៍ មានទីតាំង នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយក្រុមជនល្មើស បានដឹកឈើចូលទៅទីតាំង ដីចម្ការកៅស៊ូនោះ ដោយពុំមានសមត្ថកិច្ចណា ហ៊ានប៉ះពាល់ឡើយ។ មកទល់ពេលនេះ ប្រភពពីប្រជាសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកពេជ្រាដា បានឱ្យដឹងថា សកម្មភាពរថយន្តបង្កុង ដឹកឈើ ចូលទីតាំងដីចម្ការកៅស៊ូ របស់ឧកញ៉ា លក្ខណ៍ នៅឃុំពូជ្រៃ បានកើតឡើង ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យបង្ក្រាបការ ដឹកជញ្ជូនឈើខុសច្បាប់។
ឈើភាគច្រើន ត្រូវបានគេដឹកចេញ ពីតំបន់ព្រៃការពារ WWF ចូលទៅបរិវេណ ដីក្រុមហ៊ុនឌីធីស៊ី ហើយទាំងមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត មិនហ៊ានប៉ះពាល់ឡើយ។ នៅក្នុង ខេត្តមណ្ឌលគិរី នរណាក៏ស្គាល់ឈ្មោះ ឧកញ៉ា លក្ខណ៍ ដែរ ព្រោះឈ្មួញរូបនេះ រកស៊ីដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន និងនាំប្រេងសាំងគេចពន្ធ មកលក់ចែកចាយ ក្នុងខេត្តមណ្ឌលគិរី ជាយូរមកហើយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើល បទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឱ្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រៃឈើ បើកការស៊ើបអង្កេត នៅក្នុងដីចម្ការកៅស៊ូរបស់ឧកញ៉ា លក្ខណ៍ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ជាបន្ទាន់៕

IMG-04

Loading...

Leave a Reply

Your email address will not be published. Required fields are marked *