ស្គាល់គ្នា៦ខែ ដេកផ្ទះសំណាក់៦ថ្ងៃ ខាងស្រីសុំ២០ដុល្លារកក់សក់ ខាងប្រុសប្រកែក វាយគ្នាបែកផ្សែង

ភ្នំពេញ៖ ស្នេហាមួយរបស់បុរស នារីមួយគូ ត្រូវគេដឹងថា មិនបានឆ្លងកាត់តាមគន្លងប្រពៃណីទំនៀមទន្លាប់ខ្មែរនោះឡើយ គឺពួកគេបានទាក់ទងស្គាល់គ្នាបានរយៈពេល៦ខែ រួចនាំគ្នាមកភ្នំពេញ ដេកនៅផ្ទះសំណាក់បាន៦ថ្ងៃរួចមកនោះ ខាងស្រី ក៏សុំលុយគូស្នេហ៍របស់ខ្លួន២០ដុល្លារដើម្បីយកទៅកក់សក់ ប៉ុន្តែបែរជាបុរសជាសង្សារនោះមិនឲ្យ ក៏កើតជាជម្លោះ ឈ្លោះទាស់ទែងគ្នា វាយតប់ទៅវិញទៅមកនៅលើសួនសាធារណៈ បង្កឲ្យមានការភ្ញាក់ផ្អើល ពលរដ្ឋ និងអ្នកដំណើរចោមរោមមើល ។ បន្ទាប់ពីកើតជម្លោះវាយតប់គ្នារួចមក ភាគីខាងស្រីបាននិយាយថា ចាប់ពីពេលនេះទៅ ខ្លួន និងសង្សារ ត្រូវតែបែកផ្លូវគ្នាដើររៀងៗខ្លួន ពីព្រោះថា គ្រាន់តែលុយ២០ដុល្លារដើម្បីកាត់សក់សោះ ប្រុសស្នេហ៍រូបនេះ មិនហ៊ានលះបង់ ពិតជាប្រុសគំរិះបំផុត ។ ចំណែកខាងប្រុសស្នេហ៍នោះវិញ បានតាមអង្វរ សុំកុំឲ្យគូស្នេហ៍របស់ខ្លួនចិត្តឆេវឆាវខ្លាំងពេក កុំទាន់អាលបញ្ចប់ស្នេហ៍នៅពេលនេះអី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គូរស្នេហ៍ មួយគូ បន្ទាប់ពី ផ្តើមស្នេហ៍ អស់រយៈពេល៦ខែ យ៉ាងស្អិតល្មួត ដូចស្ករតាំងម៉ែ លះបង់ប្តូរផ្តាច់ ស៊ូនាំគ្នាចោលផ្ទះសម្បែង មកជ្រកក្រោមដំបូលផ្ទះសំណាក់ ស្រាប់តែចុងក្រោយ បញ្ចប់ចែកផ្លូវគ្នា ត្រឹមបង្កហិង្សា វាយគ្នាទៅវិញ ទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង ដោយសារតែលុយ២០ដុល្លារ ដែលស្រីស្នេហ៍សុំយកទៅកក់សក់ តែខាងប្រុសមិនឲ្យ ។

ករណីនេះបានបង្កឲ្យភ្ញាក់ផ្អើលអស់ពលរដ្ឋតាមផ្លូវ និងសមត្ថកិច្ចមូលដ្ឋានចេញមកអន្តរាគមន៍ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅលើសួនកុមារ ពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថា ភាគីខាងស្រីមានឈ្មោះ ហេង សុធា អាយុ២៧ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅមណ្ឌលកុលាប១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងមានស្រុកកំណើត ភូមិសង្រោះ ឃុំសំបួរ ស្រុកស្វាយទៀប ស្វាយរៀង ។ រីឯភាគីខាងប្រុស ឈ្មោះ សុខ ហេង អាយុ៣២ឆ្នាំ ស្រុកកំណើត ខេត្តស្វាយរៀងដូចគ្នា ទើបតែមកទីក្រុងភ្នំពេញបាន៦ថ្ងៃ ស្នាក់នៅផ្ទះសំណាក់ជាមួយស្រីស្នេហ៍ខាងលើ នៅផ្លូវ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តី សុខ ហេង បានឲ្យដឹងថា ពួកគេទាំង២នាក់ ស្គាល់គ្នា ជាសង្សារ អស់រយៈពេល៦ខែមកហើយ ដោយខាងស្រីនៅភ្នំពេញ ខ្លួននៅឯស្រុកកំណើត ហើយកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ ស្នេហាពោរពេញ ទៅដោយ រសជាតិ ផ្អែមដូចទឹកឃ្មុំ បែកមុខមិនបាន ក៏ធ្វើដំណើរមកទីក្រុងភ្នំពេញ ដោយយកផ្ទះសំណាក់ ជាទីជ្រកកោណ ស្នាក់នៅជាមួយគ្នា អស់រយះពេល៦ថ្ងៃមកហើយ ។

បុរសខាងលើបន្តទៀតថា រហូតមកដល់រសៀលថ្ងៃទី២១ មុនកើតហេតុ ខ្លួនបានឌុបគ្នា មកអង្គុយសារសង កម្សាន្តលេង នៅសួនកុមាខាងលើ ដោយជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-0117 ។ អង្គុយលេងមួយសន្ធុះក្រោយមក ខាងស្រីសុំលុយ២០ដុល្លារ ដើម្បីទៅ កក់សក់ តែមិឲ្យ ខាងស្រីក៏ឆក់យក សោម៉ូតូ ជិះចាកចេញ ទៅហាងកក់សក់ ក្បែរនោះបាត់ទៅ រួចខ្លួនក៏ទៅតាម យកម៉ូតូ ជិះមកអង្គុយកន្លែងដើមវិញ ធ្វើឲ្យភាគីខាងស្រី ខឹង ដើរមកដល់ ក្តាប់ដុំថ្មនឹងដៃ វាយទៅលើក្បាល ផ្ទៃមុខប្រុសស្នេហ៍ ទើបកើតទៅជារឿងវាយទៅវាយមក បណ្តាលឲ្យរងរបួសសងខាង បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋដំណើរតាមផ្លូវ និងសមត្ថកិច្ចទៅអន្តរាគមន៍ ចាប់ឃាត់ នាំយកទៅសាកសួរនៅប៉ុស្តិ៍កាកាប ។

ចំណែកភាគីខាងស្រីវិញ បានឲ្យដឹងយ៉ាងខ្លីថា ស្នេហាប្រុស បើខាងប្រុសរិះថាំ គ្រាន់តែលុយ២០ដុល្លារ សុំទៅកក់សក់មិនឲ្យ បញ្ចប់គ្នាទៅល្អជាង ។ ស្រ្តីខាងលើ បានឲ្យដឹងពីគោលជំហរ ទៀតថា ចាប់ពីថ្ងៃនេះតទៅ ផ្តាច់ស្នេហ៍ប្រុសរិះនេះហើយ ទោះជាភាគីខាងប្រុស សំអង្វរក កុំឲ្យចិត្តឆេវឆាវបែបនេះ យ៉ាងណាក៏ដោយ ថ្វីបើអនុស្សាវរីយ៍ អ្នកទាំងពីររាប់មិនអស់យ៉ាងណាក៏ដោយ នៅតែខាងស្រី រង់ចាំឲ្យ សាច់ញាតិខាងប្រុស មកសម្របសម្រួលគ្នា ដើម្បីបញ្ចប់ស្នេហារបស់ពួកគេទាំងពីរនាក់ ទើបរូបគេសុខចិត្ត ។

ស្នេហ៍ប្រេះឆារខាងលើ ត្រូវបាន នគរបាលនាំទៅសាកសួរនៅ ប៉ុស្តិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីទុកឱកាសឲ្យសម្របសម្រួលគ្នា បញ្ចប់រឿង ៕

(វីដេអូទាំងស្រុងពី TVFB)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *