ស្ដាយកិត្តិយស! សមត្ថកិច្ច២ខេត្តចាប់ខ្លួនអ្នកចម្ការម្នាក់ទាំងភ័ន្តច្រឡំដោយចោទថាជាឃាត.កហើយបានត្រឹមសុំទោស

ខេត្តពោធិ៍សាត់ ៖ លោក ភារុំ សុគុណ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីរាជការ ជាកូនប្រុសបង្កើតរបស់លោក ផាន ផល ឬ ម៉ៅ ភារុំ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅស្រុកបាណន់ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានផ្ដល់ព័ត៌មាន និងអះអាងទាំងអារម្មណ៍ក្ដុកក្ដួលតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា ខ្ញុំពិតជាមានការសោកស្តាយយ៉ាងពន់ពេកដែលឪពុករបស់ខ្ញុំត្រូវសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងនគរបាលស្រុកវាលវែង សហការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននៃសាលាដំបូងខេត្តខេត្តបាត់ដំបង ដោយចាប់ដាក់ខ្នោះថតរូប ព្រមទាំងចោទឪពុកគាត់ថាជាឃាត.កបានសម្លាប់មនុស្សស្រីចំនួន២នាក់(ម្ដាយ និងកូន) ថែមទាំងឲ្យបណ្តាញ ព័ត៌មានសង្គម និងសារព័ត៌មានក្នុងស្រុកចេញផ្សាយព្រោងព្រាត ធ្វើឲ្យខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរគ្រួសារ ខណ:ដែលឪពុករបស់គាត់គ្មានកំហុសសោះ។

លោកថាសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឲ្យឪពុកលោកវិលត្រឡប់ទៅផ្ទះវិញក្រោយរកបទល្មើសដាក់បន្ទុកមិនឃើញហើយបានត្រឹមសុំទោសថា ចាប់ច្រឡំ។ភាពមិនប្រក្រតីនេះធ្វើឲ្យគាត់មិនអស់ចិត្តក៏ចូលទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរកដំណោះស្រាយ និងរកយុត្តិធម៌ ស្តារកិត្តិយសគ្រួសារ ប៉ុន្តែពុំបានលទ្ធផលអ្វីទាំងអស់។ ដូច្នេះគាត់សំណូមពរសម្ដេចក្រឡាហោម ស ខេង មេតាជួយរកយុត្តិធម៌ជូនឪពុក និងកិត្តិយសគ្រួសារគាត់ផង ។ ភារុំ សុគុណ បន្តទៀតថា ពេញមួយថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ គាត់បន្តមកសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីដាក់ពាក្យបណ្ដឹងរកយុត្តិធម៌ និងស្តារកិត្តិយសគ្រួសារ ប៉ុន្តែគេរុញចុះឡើងៗគ្មានបានលទ្ធផលនោះទេ ។

ក្នុងករណីសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ សហការចុះអនុវត្តដីកានៃសាលាដំបូងខេត្តបាត់ដំបង ហើយបានចាប់ខ្លួនលោក ផាន ផល ឬ ម៉ៅ ភារុំ ច្រឡំនេះ លោក វរសេនីយ៍ ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានអះអាងប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា តាំងពីការចាប់ផ្ដើមរហូតដល់ចាប់បានបុរសខាងលើប្រគល់ជូនសមត្ថកិច្ចខេត្តបាត់ដំបង គឺធ្វើឡើងតាមការចង្អុលបង្ហាញ និងអំណះអំណាងត្រឹមត្រូវពីសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ទើបសមត្ថកិច្ចរបស់លោកសហការចាប់បុរសខាងលើនេះ។

គួររំលឹកថា ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប្រម៉ោយ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៥៦.ដ.ប.ច.ខ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៣ ចេញដោយលោក គឹម រ៉ាវី ចៅក្រមសើបសួរនៃសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង៧ និង៣៨នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជនសង្ស័យជាឃាត.កបានប្ដូអត្តសញ្ញាណ និងធ្វើជាកងកម្លាំងផងដែរ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលបន្តថា ក្នុងដីកាជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កើតនៅភូមិ.ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាន់សាសនាព្រះពុទ្ធ ទីលំនៅសព្វថ្ងៃភូមិព្រៃកោង សង្កាត់ស្លាកែត ក្រុង.ខេត្តបាត់ដំបង ឪពុកឈ្មោះ ផល ច្រាញ់ និងម្ដាយឈ្មោះ ប៊ុន រដ្ឋ ត្រូវចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុង.ខេត្តបាត់ដំបងកាលពីជិត៨ឆ្នាំមុន។

លោក អធិការបញ្ជាក់បន្តទៀត ថាបើយោងតាមឯកសារនានាដែលសមត្ថកិច្ចលោកទទួលបានពីសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណ៨ និង៤០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ មានករណីឃាតកម្មដ៍ឃោឃៅមួយបានកើតឡើងនៅក្នុងផ្ទះថៅកែទិញលក់អេតចាយ ស្ថិតនៅក្រុមទី៨ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។

ជនរងគ្រោះត្រូវបានគេស្គាល់ទី-១ ឈ្មោះ ឈួយ មួយ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ និងកូនស្រីឈ្មោះ តាំង គាងគាង អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់ក្នុងបន្ទប់ទាំង២នាក់ គ្រាដែលគេសង្ស័យឃាត.ករូបនេះ បានសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ ហើយនៅពេលមានឱកាសក៍ចេញមកធ្វើសកម្មភាពរឹតក និងយកពូថៅកាប់ទៅលើជនរងគ្រោះទាំង២នាក់ម្ដាយ និងកូនស្រី ។

ករណីនេះត្រូវស្ដ្រីបម្រើការងារនៅផ្ទះ និងកូនប្រុសស្រ្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា បានឃើញអំពីសកម្មភាពឃាត.កផ្ទាល់ភ្នែក គឺអតីតកម្មករដែលធ្លាប់ធ្វើការឱ្យថៅកែជាជនរងគ្រោះជាអ្នកសម្លាប់។ប៉ុន្តែពេលនោះមិនហ៊ានចេញជួយឬស្រែកប្រាប់គេឯងទេ ពីព្រោះឃាត.កមានភាពសាហាវពេក។ អំពើឃាតកម្មនេះអាចផ្ដើមពេញពីរឿងគំនំុព្រោះថៅកែបានបញ្ឈប់ការងារជនសង្ស័យជាឃាត.ក ពីការងា។ នៅពេលនោះជនសង្ស័យបានសួរថៅកែអំពីមូលហេតុបញ្ឈប់ខ្លួនពីការងារ តែថៅកែប្រាប់ទៅវិញថាមិនចាំបាច់ចង់ដឹងទេ។ ប៉ុន្តែតាមការសង្ស័យរបស់ជនរងគ្រោះប្រាប់ថាជននេះបានលួចដែករបស់គាត់យកទៅលក់ជាញឹកញាប់ ។

ក្រោយមានអំពើឃាតកម្មនេះកើតឡើងឃាតកគេចខ្លួនបាត់។លុះរឿងនេះរំលងបានច្រើនឆ្នាំមកនេះស្រាប់តែសមត្ថកិច្ចចាប់បុរសខាងលើ(ផាន ផល ឬ ម៉ៅ ភារុំ)ចោទថាជាឃាតក តែពេលស្រាវជ្រាវដឹងថាមិនមែន បែរជាអះអាងថាចាប់ច្រឡំក៏ដោះលែងវិញធ្វើឲ្យគ្រួសារនេះខូចកិត្តិយសខ្មាសគេពេញភូមិ៕

Loading...