ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី តាមប្រព័ន្ធវីដេអូ ស្តីពីជំងឺឆ្លងកូវីដ-១៩ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០

ភ្នំពេញ៖ នៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្រ្តាលី​ស្តីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ (Video Conference)។​ ម៉ាឡេស៊ីដែលជាប្រទេស

សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី បានធ្វើជាសហប្រធានជាមួយអូស្រ្តាលី ដឹកនាំកិច្ចប្រជុំពិសេសនេះ។

កិច្ចប្រជុំនេះ បានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងភាពជាដៃគូ និង​កិច្ចសហប្រតិបត្តិការ ក្នុងកិច្ចសហការសង្រ្គោះបន្ទាន់លើផ្នែកសុខភាពសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដា​ល​នៃជំងឺឆ្លងកូវីដ-១៩ ដោយផ្ដោតលើវិស័យចំនួន៣ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម ដែលជាអាទិ៍រួមមាន សន្តិសុខផ្នែកសុខភាព ស្ថិរភាព និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច។ ដើម្បីឆ្លុះ-បញ្ចាំងពីកម្ពស់នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អូស្រ្តាលីជាចម្បង ភាគីទាំងពីរបានប្តេជ្ញាចិត្ត
ធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីអនុវត្តឱ្យបានពេញលេញ និងប្រកបដោយ
ប្រសិទ្ធភាព នូវផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០​-២០២៤) ដើម្បីកសាងការឆ្លើយតបតំបន់មួយ ដែលអាចកាត់បន្ថយបាននូវផលប៉ះពាល់លើ​​វិស័យសុខាភិបាល​ និងសេដ្ឋកិច្ច-សង្គម ដែលបណ្តាលមកពីជំងឺឆ្លង និង​ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញទៅ​មក នៅក្នុងដំណាក់កាលជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សា អំពីវិធានការនានាដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច និងភាពរឹង​មាំស្អិតរមួត ក្នុងការ​ឆ្លើ​យ​​តបទៅនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក៏ដូចជាការ​
ប្តេជ្ញាចិត្ត​រួមគ្នា ​ក្នុងការ​រក្សា​ខ្សែចង្វាក់​ផ្គត់​​ផ្គង់​​ឱ្យបើក​ចំ​ហ​ ដើម្បីធានាឱ្យបាននូវលំហូរទំនិញចាំបាច់
សំខាន់ៗ ដូចជាស្បៀងអាហារ ឱសថ និង​សម្ភារៈ​​​ប្រើ​ប្រាស់​ចាំ​បា​ច់​នានា។

កិច្ចប្រជុំបានឯកភាពគ្នាធ្វើកិច្ចសហការជាមួយអង្គការអន្តរជាតិពាក់ព័ន្ធនានា  ជា​ពិសេ​​សអង្គការសុខភាពពិភពលោក​ និងសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួន ​និងការឆ្លើយតបរួមគ្នា ចំពោះជំងឺរាតត្បាត និងទប់ស្កាត់ផលប៉ះពាល់ក្នុងរយៈពេលវែង។ រដ្ឋមន្រ្តីការបរទេស     អាស៊ាន និងរដ្ឋមន្រ្តីការបរទេសអូស្រា្តលី  បានធ្វើការផ្លាស់ប្ដូរទស្សនៈ អំពីបទពិសោធន៍​ និង
ឧត្តម្មានុវត្តន៍​របស់ប្រទេសនីមួយៗ ក្នុងការទប់ស្កាត់ បង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។

ក្នុងអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែង
អំណរគុណចំពោះអូស្ត្រាលី ដែលបានផ្ដល់នូវជំនួយថវិកា ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈ «គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព (Health Equity and Quality Improvement Project – H-EQIP)» ក៏ដូចជាបានផ្ដល់នូវការគាំទ្រដោយផ្ទាល់ថែមទៀតដល់កម្ពុជា ខាងផ្នែកវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបចំពោះជំងឺកូវីដ-១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី
ក៏បានចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

អាស៊ានបានធ្វើការយ៉ាងសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងការឆ្លើយតបជាសមូហភាព ដែលមិនត្រឹមតែធ្វើការឆ្លើយតបរវាងបណ្តាប្រទេសសមាជិក
អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូខាងក្រៅទៀតផង។ ដំណោះស្រាយដែលប្រកបដោយបុរេសកម្មរបស់អាស៊ាន អាចផ្ញើសារយ៉ាងច្បាស់មួយថា នៅក្នុងពេលមានវិបត្តិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការសម្របសម្រួល និងការឆ្លើយតបរួមគ្នា ក៏ដូចជាសាមគ្គីភាព​ជាអន្តរជាតិ។

អាស៊ាន និងអូស្រ្តាលី ត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះការឆ្លងរលកទីពីរនៃជំងឺរាតត្បាត​នេះ  ខណៈពេលដែលបណ្តាប្រទេសទាំងឡាយកំពុងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវរៀងៗខ្លួន ដើម្បី​បន្ធូរបន្ថយការរឹតបណ្តឹងចំពោះជំងឺកូវីដ-១៩។ យើងទាំងអស់គ្នាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះជាមួយគ្នាលើគ្រប់ផ្នែកទាំងអស់ ស្របតាមការប្តេជ្ញាចិត្តរួមគ្នានៅមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣។

ជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពជាក់ស្តែងអាចត្រូវបានសម្រេច តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅពេលវេលាដ៏ឆាប់ខាងមុខ។

អាស៊ាន និងអូស្រ្តាលីគួរតែសហការគ្នានៅគ្រប់កម្រិត ដើម្បីអភិវឌ្ឍ ធ្វើតេស្ត និងបង្កើនផលិតកម្មឱសថ និងវ៉ាក់សាំងការពារ សម្រាប់ជំងឺរាតត្បាតកូវីដ-១៩នេះ ឱ្យបាន
ប្រកប​ដោយ​គុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដោយធានាថា ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការ អាចមានឱកាសទទួលបានទាន់ពេលវេលានូវឱសថ និងវ៉ាក់សាំងទាំងនេះ ដោយគ្មានការរារាំង។​

កិច្ចប្រជុំ ក៏បានពិភាក្សាអំពីទិសដៅអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អូស្រ្តាលី សម្រាប់ដំណាក់កាលក្រោយជំងឺឆ្លងកូវីដ-១៩ និងទន្ទឹងរង់ចាំការចូលរួមយ៉ាងសកម្មបន្ថែមទៀតរវាងតំបន់ទាំងពីរ ក្នុងការសម្របសម្រួលការឆ្លើយតបជារួម ដើម្បីបញ្ឈប់ជំងឺរាតត្បាតជាសកលនេះ៕

Loading...