ស្ត្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើជាន់ទី៦ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

(ភ្នំពេញ)៖ ស្ត្រីជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារ Rumduol Grand Hote ជាន់ទី៦ដែលមានកម្ពស់១២ជាន់ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ទាំងមិនដឹងមូលហេតុ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចអាគារ Rumduol Grand Hote តាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីជនជាតិខាងលើ រួមជាមួយនឹងបុរសជនជាតិចិន២នាក់ទៀត បាននាំស្ត្រីជនជាតិចិនចូលក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រដប់គ្នាជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារតែម្តង ។ លុះមកដល់វេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃដដែរ គេបានឃើញស្ត្រីជនជាតិចិនខាងលើ បានយកភួយនិងកម្រាលពូកចងជាប់គ្នា ដើម្បីទម្លាក់ខ្លួនចុះមកខាងក្រោម។ តែបែបជាដាច់ខ្សែធ្លាក់ចុះមកខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកដល់កន្លែងទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ យកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីធ្វើការសួរនាំ ។ ជាក់ស្តែងនៅក្នុងហេតុការណ៍នេះ យើងសង្កេតឃើញមានវត្តមានរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុខាងលើ បានបញ្ជាឲ្យសមត្ថកិច្ចបិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ នៃការធ្លាក់ពីសណ្ឋាគារនេះ ៕

Loading...