ស្ត្រីដែលត្រូវប្ដីជះទឹកអាស៊ីដដាក់ទាមទាររកយុត្តិធម៌

ភ្នំពេញ៖ស្ត្រីដែលត្រូវប្លីជះទឹកអាស៊ីដដាក់កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ទាមទាររកយុត្តិធម៌ ដោយស្នើឲ្យសមត្ថកិច្ចចាប់ប្ដីរបស់នាងមកផ្ដន្ទាទោសតាមច្បាប់។ ស្ត្រីរូបនេះអះអាងថា ករណីជះទឹកអាស៊ីដនេះ កើតឡើងដោយសារការប្រច័ណ្ឌរបស់ប្ដី។
លោកស្រី ស៊ុំ សុខនី វ័យ ២៣ឆ្នាំ ត្រូវបានប្តីជះអាស៊ីដដាក់ក្រោយពីនាងមិនទទួលយកសំណើរបស់ប្ដី សុំរួមរស់ជាមួយគ្នាវិញ។ នាងអំពាវនាវឲ្យអាជ្ញាធរស្វែងរកយុត្តិធម៌សម្រាប់រូបនាង៖ «និយាយទៅខ្ញុំប្ដឹងសមត្ថកិច្ច ចាប់រូបគេ (ប្ដី) ដាក់គុក។ តែប៉ុណ្ណឹងទេ ខ្ញុំមិនចង់បានអីច្រើនទេ»។
សុខនី កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ ប្ដីរបស់នាងឈ្មោះ ង៉ែត ផល្លី អាយុ ២៧ឆ្នាំ បានជះទឹកអាស៊ីដលើផ្ទៃមុខ ក និងដៃទាំងពីរ។ ភ្នែកខាងឆ្វេងរបស់ សុខនី ត្រូវទឹកអាស៊ីដ ដោយមិនអាចបើកភ្នែកបាន ហើយមានស្នាមរលាកជាំ ហើម ស្អិតៗ នៅលើស្បែក។
សុខនី ដែលជាកម្មការិនីរោងចក្របានរៀបរាប់ហេតុការណ៍ជះទឹកអាស៊ីដនេះឡើង វិញថា ក្រោយពេលដែលនាងបដិសេធមិនរួមរស់ជាមួយប្ដីនាង បន្ទាប់ពីប្ដីនាងប្រើអំពើហិង្សាលើរូបនាងជាច្រើនដង ដោយសារប្តីតែងវាយនាងបន្ទាប់ពីសេពគ្រឿងស្រវឹងហើយ។
សុខនី បន្ថែមថា ប្តីប្រចណ្ឌនាងថា មានបុរសថ្មី ខណៈ សុខនី បដិសេធថា នាងមិនបានក្បត់ប្តីនោះទេ៖ «និយាយ គ្នាបានមួយសន្ទុះដែរ ប្រហែល ១០ ទៅ ២០នាទី ដល់ពេលហើយទៅ ខ្ញុំក៏ឃើញកា (ទឹក) ប្រហែលជាចាក់ទឹកអាស៊ីដនៅហ្នឹង ទុកនៅកៀនរបង។ គេ (ប្តី) ឈរនៅហ្នឹង តែកន្លែងគេឈរមានសំរាម។ ខ្ញុំឈរឆ្ងាយពីគេប្រហែលបីម៉ែត្រ តែខ្ញុំឈរចំហៀង ហើយនិយាយប្រកែកគ្នា។ គេនិយាយប្រកែកៗ គេក៏ជះឆាច់!»។
បើទោះជារដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ប្រឆាំងនឹងការប្រើហិង្សាដោយប្រើប្រាស់ទឹកអាស៊ីដ ដោយការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើជនប្រព្រឹត្ត និងការរឹតបន្តឹងទៅលើការលក់សារធាតុទឹកអាស៊ីដក៏ដោយ ក៏ទឹកអាស៊ីដនៅត្រូវគេបន្តប្រើប្រាស់ដើម្បីវាយប្រហារគ្នា។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) អ្នកស្រី លឹម មុន្នី មានប្រសាសន៍ថា អាជ្ញាធរគួរពង្រឹងការចាប់ខ្លួនជនដៃដល់ ករណីអំពើហិង្សាដោយទឹកអាស៊ីដ៖ «ចាស់! យើងត្រូវប្រើប្រាស់ច្បាប់ទឹកអាស៊ីដហ្នឹង ព្រោះជាករណីព្រហ្មទណ្ឌ ព្រោះយើងមានច្បាប់ត្រឹមត្រូវ។ ប្រសិនបើមានច្បាប់ហើយ យើងត្រូវមានវិធានការ មិនគួរប្រើអាវុធសាហាវអ៊ីចឹងទេ។ ខ្ញុំស្វាគមន៍ផ្ដន្ទាទោស»។
សុខនី បានរៀបការជាមួយប្ដីរបស់នាងដែលជាកម្មករសំណង់ កាលពីឆ្នាំ២០១៤ ដោយអ្នកទាំងពីរមានកូនស្រីវ័យ ១ឆ្នាំ ៣ខែម្នាក់។ ស្ត្រីដែលរងការជះទឹកអាស៊ីដពីប្ដីរូបនេះ រំឭកថា ពេលឈ្លោះគ្នាម្តងៗ ប្ដីនាងតែងលើកឡើងថា នាងមិនធ្វើការរកស៊ី ដោយចាំរស់ដោយសារប្ដី។ ក៏ប៉ុន្តែ សុខនី ប្រាប់ថា នាងនៅផ្ទះចិញ្ចឹមជ្រូក មិនមែនរស់ពឹងផ្អែកតែលើប្រាក់ខែប្ដីនោះទេ។ នៅខែមករា ឆ្នាំ២០១៦ សុខនី ដែលរស់នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក៏សម្រេចមកធ្វើការជាកម្មការិនីកាត់ដេរនៅរាជធានីភ្នំពេញ៖ «ខ្ញុំ ចង់រកលុយខ្លួនឯង។ ថ្ងៃណាគេខឹងទៅ គេរំលឹក។ គ្រាន់តែយកលុយគេចាយស្រួលសោះ ពិបាកម្ល៉េះ! ខ្ញុំថា ខ្ញុំអត់ចង់បានទេ ពេលឈ្លោះរំឭកៗ!»។
របាយការណ៍អង្គការជួយជនរងគ្រោះដោយសារអាស៊ីដ (CASC) បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៦៤ ការវាយប្រហារទឹកអាស៊ីដនៅប្រទេសកម្ពុជា មានចំនួន ៣៣៦ករណី ដោយធ្វើឲ្យមនុស្សចំនួន ៤២០នាក់រងរបួស។ មូលហេតុសំខាន់ៗ គឺកើតឡើងដោយសារជម្លោះស្នេហាត្រីកោណ ការគុំកួន និងការប្រច័ណ្ឌ៕

94502fd7-7077-44d0-afca-6b8057b8ebfb

Loading...

Leave a Reply

Your email address will not be published. Required fields are marked *