ស្ត្រីបង្ហោះសារមានលក្ខណៈបង្កចលាចលពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ-១៩ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយបង្ហោះសារមិនពិតតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។ ស្ដ្រីរូបនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ។

ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ហើយបានបង្ហោះខ្លឹមសារដែលមានលក្ខណៈញុះញង់ បង្កចលាចលថា «អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយមានអាការៈ ពិការដៃ ពិការជើង ក្តៅ និងស្លាប់»។

គួរជម្រាបថា ស្ដ្រីឈ្មោះ ថត គឹមសាន ត្រូវបានចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងអធិការខណ្ឌទួលគោក បានសហការជាមួយនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕

Loading...