ស្ត្រីម្នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលធ្វើដំណើរពី ភ្នំពេញត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

កំពត ៖ តាមរបាយការណ៍ស្តីពី ករណីមានវិជ្ជមានកូវីដ-១៩ លើកដំបូង ១ករណី ដែលចេញ ដោយអាជ្ញាធរស្រុកកំពង់ត្រាច នៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ថា បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើស្ត្រីឈ្មោះ ស៊ឹម ស៊ីមួយ អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិ ព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទីយប់ ស្ត្រីខាងលើបានធ្វើដំណើរដល់លំនៅដ្ឋាន ទៅពីភ្នំពេញដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្ដីឈ្មោះ គង់ ប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូនៅ ភ្នំពេញ។ ក្រោយទទួលបានព័ត៌មានការវិលត្រឡប់របស់ឈ្មោះខាងលើ ក្រុមការងារឃុំបានសហការជាមួយមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច ចុះពិនិត្យកំដៅ និងយកសំណាកទៅពិនិត្យទាំងពីរនាក់ប្តីប្រពន្ធភ្លាមៗតែម្តង ដោយអាការៈសុខភាពរបស់ពួកគាត់មិនសូវល្អ ហើយក្រុមការងារបានបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុក។

រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ លទ្ធផលនៃការយកសំណាកពិនិត្យវិភាគបានបង្ហាញថា បុគ្គលជាប្រពន្ធឈ្មោះ ស៊ឹម ស៊ីមួយ មានផ្ទុកមេរោគកូវីដ-១៩ និងបុរសជាប្តីអវិជ្ជមាន។ បច្ចុប្បន្នប្រពន្ធដែលមានផ្ទុកជំងឺកូវីដ-១៩ និងប្តី ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិកំពង់ត្រាច។ ចំពោះប្រវត្តិនៃការធ្វើដំណើររបស់ស្ត្រីខាងលើមានដូចខាងក្រោម៖

– ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២១ ស្នាក់នៅផ្ទះជួលផ្តុំគល់ស្ពានស្ទឹងមានជ័យ ជាប់ធនាគាររតនៈ មានអារម្មណ៍ថាឈឺក្បាល តឹងច្រមុះ ជាជំងឺរាំរ៉ៃយូរហើយ។

– ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ទៅកក់សក់នៅហាងម្តុំឈូកទិព្វ(ជាងវៀតណាម )។

– ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ទិញបបរអ្នករែកលក់តាមផ្លូវ(វៀតណាម)។

– ថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២១ មានអារម្មណ៍ថា ឈឺក្បាលខ្លាំង និងគ្រុនក្តៅ។

– ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ទៅពេទ្យដារ៉ា នៅម្តុំពេទ្យរុស្សី ជាប់ហាងសូស៊ីសម្រស់ស្រីអូន (គ្រាន់តែពិគ្រោះមិនបានព្យាបាលទេ)។

– ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ធ្វើដំណើរទៅខេត្តកំពត ដល់ថ្នល់បែកគូស ចូលហូបបបរប្រហែល ១០នាទី លុះដល់ថ្នល់បែកអង្គសុភី ចូលទិញទៀនធូប និងចូលចាក់សាំង (១០នាទី) ទៅផ្ទះគ្រូស្រោចទឹក ម្តុំព្រះវិហារព្រែកជង្រុក ស្រុកទឹកឈូ(គ្រូជនខ្មែរឥស្លាម) ទៅផ្ទះនៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

– ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហៅគ្រូក្នុងភូមិទៅស្រោចទឹកនៅផ្ទះ ពេលល្ងាច(គ្រូខ្មែរ ឈ្មោះភ័ណ្ឌ)

-ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ហៅគ្រូក្នុងភូមិស្រោចទឹកនៅផ្ទះព្រឹកល្ងាច (គ្រូខ្មែរ ឈ្មោះយាយនេន)។

– ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ពេលថ្ងៃត្រង់ទៅពេទ្យឯកជនកំពង់ត្រាច(ពេទ្យឡាយ) ហើយពេលល្ងាចក្រុមឆ្លើយតបបន្ទាន់ បានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច(កំដៅ ៣៨អង្សាសេ) និងយកសំណាក។ ចំពោះគ្លីនិចឯកជន រដ្ឋបាលស្រុកបានផ្អាកធ្វើអាជីវកម្ម និងបានហ៊ុំព័ន្ធខ្សែសុវត្ថិភាពទីតាំងនោះ។

– ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១.១០ព្រឹក បានទទួលពត៌មានពីក្រសួងសុខាភិបាលថា មានករណីកូវីដ-១៩ វិជ្ជមាន។

ចំពោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន ៨នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្រះរាជសម្ភារ និងយកសំណាក។ ចំណែកប៉ះពាល់ប្រយោលចំនួន ១១នាក់ អប់រំឱ្យចត្តាឡីស័ក នៅផ្ទះរៀងៗខ្លួន៕

Loading...