ស្ត្រីម្នាក់បានរៀបការជាមួយខ្លួននាងក្រោយខកខានមិនបានរកឃើញបុរសក្នុងក្តីសុបិនរបស់នាងមុនពេលឈានដល់វ័យ ៤០។ នេះបើតាមវេបសាយដេលីមែលកាលពីថ្ងៃទី ២៧ ខែមករា។ នាង Yasmin Eleby មកពីទីក្រុង Houston រដ្ឋតិចសាស់ បានរៀបការក្នុងឈុតកូនក្រមុំពណ៌ស្វាយកាលពីដើមខែនេះ ដោយអមជុំជិតដោយមិត្តជិតស្និទ្ធបំផុត និងក្រុមគ្រួសាររបស់នាង។
ខណៈដែលបុគ្គលម្នាក់មិនអាចរៀបការស្របច្បាប់ជាមួយនឹងខ្លួនឯងផ្ទាល់ក្នុងសហរដ្ឋអាមេរិកនោះ ពិធីរៀបការនេះគឺ មានលក្ខណៈសាសនាជាជាងតាមផ្លូវច្បាប់ ដែលរៀបចំឡើងដោយអាចារ្យគ្រឹស្តសាសនាបីនាក់ ដែលម្នាក់ក្នុងចំណោមនោះគឺជាប្អូនស្រីរបស់នាង Eleby តែម្តង។យោងតាមវេបសាយ Black Art in America ពិធីរៀបការរបស់កូនក្រមុំរូបនេះមានអ្នកកំដរស្រី ១០ នាក់ ព្រមទាំងម្តាយរបស់កូនក្រមុំផងដែរ ដែលបណ្តើរនាងឆ្លងកាត់កន្លែងធ្វើពិធីរៀបការ។
ក្នុងសារបង្ហោះតាមហ្វេសប៊ុកដ៏រំជើបរំជួលមួយ នាង Eleby បាននិយាយថា នាង “មិននឹកស្មានថាពិធីរៀបការនេះធ្វើឲ្យនាងរំភើបចិត្ត និងមានអត្ថន័យបែបនេះទេ”។ នាងបានបន្ថែមថា “ខ្ញុំមានអារម្មណ៍ទទួលបាននូវការស្រឡាញ់ និងការគាំ ទ្រយ៉ាងច្រើនសន្ធឹក ដែលគ្រប់គ្នាបង្ហាញចំពោះខ្ញុំអំឡុងការអបអរសេចក្តីស្នេហា និងជីវិតរបស់ខ្ញុំនេះ”។
ជាការតបស្នងមកវិញ មិត្តភក្តិរបស់នាងគ្មានអ្វីក្រៅតែពីគាំទ្ររូបនាងនោះទេ។ មិត្តក្នុងហ្វេសប៊ុកម្នាក់បានឆ្លើយតបថា “សូមអបអរសាទរចំពោះការដែលស្រឡាញ់ខ្លួនឯងក្រោយពីការរង់ចាំឆ្អែតឆ្អន់ហើយនោះ។ ពួកយើងមួយចំនួនបានរង់ចាំរហូតដល់អាយុ ៤០ ទម្រាំដឹងថាយើងមិនត្រូវការបុរសដើម្បីមានជីវិតប្រកបដោយភាពបរិបូរណ៍ នេះមិនគិតពីអ្វីដែល មានក្នុងចិត្តរបស់យើងនោះទេ”៕