ស្ថានតំណាងកម្ពុជាអន្តរាគមជួយពលរដ្ឋខ្មែរចំនួន១១នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសបានអន្តរាគមជួយពលរដ្ឋខ្មែរចំនួន១១នាក់ ។

លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់ថា៖

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៨នាក់ (បុរស៣នាក់ និងនារី៥នាក់) ដែលទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។

ពលករ-ពលការិនីទាំង៨នាក់នោះ បានមកដល់កម្ពុជាវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនី ខ្មែរ១នាក់ អាយុ២៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលមិនអាចទ្រាំទ្រការងារលំបាកនៅសឹង្ហបូរីបាន ។

ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ និងជួយទាមទារលិខិតឆ្លងដែននិងសំបុត្រ យន្តហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីបានមកដល់កម្ពុជាវិញ នៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៨ ។

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងធ្វើអន្តរាគមតាមផ្លូវច្បាប់ ដើម្បីជួយពលរដ្ឋខ្មែរ២នាក់ មកពីខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ២០១៨ នៅឧទ្យានជាតិប៉ាងស៊ីដា ក្នុងស្រុកមឿង ខេត្តសាកែវ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយខុសច្បាប់។

បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង២នាក់ កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលប៉ាងស៊ីដា ហើយស្ថានអគ្គកុងស៊ុល កំពុងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ឋថៃ ដើម្បីពន្លឿនសំណុំរឿងនេះទៅតុលាការឲ្យបានឆាប់ និងត្រៀមផ្តល់មេធាវីថៃស្ម័គ្រចិត្តជួយការពារក្តីផងដែរ ៕

Loading...