ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនផ្ញើលេខខិតជូនក្រសួងការបរទេសកម្ពុជាបញ្ជាក់ពីករណីបុរសជនជាតិជប៉ុនម្នាក់ដែលមានផ្ទុកវីរុស COVID-19

តាមលិខិត របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បញ្ជាក់ពីករណីបុរសជនជាតិជប៉ុនម្នាក់ដែលមានផ្ទុកវីរុស COVID-19 ។

ក្នុងលិខិតនេះ លោក អ៉ឹង រចនា ឯកអគ្គរាជទូត បានរៀបរាប់ថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង ៤០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុកវីរុសខូវីដ-១៩ ពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoya ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្រ្តីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម ។

ជនជាតិជប៉ុនរូបនេះ បានធ្វើដំណើរទៅកម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ (យោងព័ត៌មាន Nagoya TV និង TBS TV ជាភាសាជប៉ុន)។ គាត់ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី៣ ខែមីនា បានទៅពេទ្យ (នៅស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ) (ព័ត៌មានពីមន្រ្តីការបរទេសជប៉ុន)។ ពាក់ព័ន្ធនឹងការទៅពេទ្យនេះ Nagoya TV បានបញ្ជាក់ថា គាត់មានអាការៈពិបាកដកដង្ហើម។

លោកឯកអគ្គរាជទូត អ៉ឹង រចនា បន្តថា បុរសនេះបានចាកចេញពីអាកាសយានដ្ឋានសៀមរាបនៅម៉ោង ៨:៥៧នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តាមជើងហោះហើរ VNB14 កៅអី33D ទៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរជើងហោះហើរ VN340 កៅអី2C មកទីក្រុង Nagoya (យោងព័ត៌មាន www.viet.jo.com)។

មនុស្ស ៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីសៀមរាបជាមួយបុរសនេះ ត្រូវបានដាក់ឱ្យស្ថិតដោយឡែក នៅទីក្រុងហូជីមិញ៕

Loading...