ស្ថានទូត​​​អាមេរិក​នៅ​​កម្ពុជា នឹង​រៀបចំ​​ការប្រគំ​តន្ត្រី ស្តីពី “​ព្រៃ​នៃ​​ជីវិត​”

ភ្នំពេញ: ដោយមាន​កង្វល់​ពី​ការថយចុះ​នៃ​ចំនួន​សត្វព្រៃ​នៅ​កម្ពុជា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត អាមេរិក (AYC) ដោយ​សហការ​ជាមួយនឹង អង្គការ​សម្ព័ន្ធភាព​ស​ត្វ​ព្រៃ (WA) និង​ដោយមាន​ការឧបត្ថម្ភ ថវិកា​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា នឹង​រៀបចំ​ការប្រគំ​តន្ត្រី និង​ពិធី​មួយ​ដែលមាន លក្ខណៈ​ជាការ​អប់រំ ដែល​គេ​ហៅថា “​ព្រៃ​នៃ​ជីវិត​”​។

​យោងតាម​សេចក្តីប្រកាស​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ចេញ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥ ឲ្យ​ដឹងថា ការប្រគំ​តន្ត្រី នឹងធ្វើ​ឡើង នៅ​ថ្ងៃ​សៅរ៍ ទី ៣១ ខែមករា ឆ្នាំ ២០១៥ ពី​ម៉ោង ៥:៣០​ល្ងាច ដល់​ម៉ោង ៩:៣០ យប់ នៅ​ផ្សា​រាត្រី ក្បែរ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ​។

​នៅក្នុង​សេចក្តីប្រកាស​នោះ​បន្តថា ការប្រគំ​តន្ត្រី​នេះ​មានបំណង​លើក​កំពស់ ការយល់ដឹង​ស្តីពី​ការជួញដូរ​សត្វព្រៃ ហើយ​ធ្វើអោយមាន​ការចូលរួម​ពី​សាធារណជន ពិសេស​យុវជន នៅក្នុង​ការការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ការរាយការណ៍​ប្រឆាំង​ការជួញដូរ សត្វព្រៃ​ដោយ​ហៅ​មក​ទូរស័ព្ទ​លេខ ០១២ ៥០០ ០៩៤ ដែលជា​លេខ​ពិសេស មាន​អ្នកឆ្លើយ ២៤ ម៉ោង នៅ​ទូទាំងប្រទេស​របស់​អង្គការ WA​។

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ពិធី​នេះ​នឹងមាន​សុន្ទរកថា​បើក​របស់​ឯក​អគ្គរដ្ឋទូត William E. Todd បទ​បង្ហាញ​ស្តីពី​អំបូរ​សត្វ ព្រៃ និង​ច្បាប់​ស្តីពី​សត្វព្រៃ និង​ការសំដែង​របស់​អ្នកចំរៀង និង​អ្នកកំប្លែង​ល្បីៗ​មួយចំនួន ដូចជា Laura Mam, Jimmy Kiss និង​សុខ​គា ព្រមទាំង​របាំ​ប្រពៃណី និង​ការបង្ហាញ​តុក្កតា​។​

​សេចក្តីប្រកាស​ខាងលើ​បន្ថែមថា តំបន់​អាស៊ីអាគ្នេយ៍​គឺជា​ប្រភព ជា​កន្លែង​ឆ្លងកាត់ និង​ជា​ចំណុច​គោលដៅ​នៃ​ជំនួញ​សត្វ ព្រៃ​ខុស ច្បាប់​។ ការជួញដូរ​សត្វព្រៃ​មាន​ទឹកប្រាក់​ប្រមាណ ២០ ពាន់​លាន​ដុល្លា​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើអោយ ជំនួញ​នេះ​ស្ថិតក្នុង​ចំណោម​ជំនួញ​ផ្សា​ងងឹត​ដ៏​កាក់កប​បំផុត ក្នុង​ពិភពលោក​។ រួម​ជាមួយនឹង​ការបំផ្លាញ ទី​ជំរក ការ​ជួញ​ដូរ​សត្វព្រៃ​បានធ្វើអោយ​ពូជ​សត្វ​ជាច្រើន​ផុត​ពូជ​។ តំរូវការ​សត្វព្រៃ និង​ផលិតផល​ពីស​ត្វ ព្រៃ​ដូចជា សាច់ ថ្នាំ​បូរាណ សត្វ​ចិញ្ចឹម​សំរាប់​កំសាន្ត និង​ពានរង្វាន់ ដែលជា​ផលិតផល​ធ្វើ​ពី​សត្វព្រៃ​ជំរុញ​អោយ​ការជួញដូរ​សត្វព្រៃ​មាន​ច្រើនឡើង​។​

​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ទាំងនេះ អង្គការ WA បានធ្វើការ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ ពេល ១៥ ឆ្នាំ​ហើយ ដោយ​ផ្តល់​ការការពារ​ដោយផ្ទាល់​ដល់​ព្រៃឈើ និង​សត្វព្រៃ​។ បេសកកម្ម​របស់ អង្គការ WA គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំផ្លាញ​ព្រៃឈើ ការ​ផុត​ពូជ​នៃ​សត្វព្រៃ ការប្រែប្រួល​អាកាសធាតុ និង​ភាពក្រីក្រ ដោយ​ធ្វើជា​ដៃគូ​ជាមួយ​សហ​គមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​។ ជា​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​ពេញ លេញ​របស់​អង្គការ WA មាន​សត្វ​ចំនួន ៦០ ០០០ ក្បាល​ត្រូវបាន​រំដោះ​ពី​ការជួញដូរ​សត្វព្រៃ​។​

​ក្រុមប្រឹក្សា AYC នៅ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ ២០១២ ដើម្បី​ធ្វើការ បណ្តុះ​អ្នកដឹកនាំ​វ័យក្មេង​របស់​ប្រទេស​។ ការប្រាស្រ័យ​ជាមួយ​យុវជន​កម្ពុជា​ទាក់ទង​នឹង​ប្រធានបទ​ជាទី ចាប់អារម្មណ៍​របស់​យុវជន​នាំ​អោយគេ​ផ្តល់​មតិយោបល់ ស្តីពី​កម្មវិធី​របស់​ស្ថានទូត និង​គោលនយោបាយ របស់​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​។ AYC រួមមាន​យុវជន​ចំនួន ២៥ រូប ដែល​មកពី​ទូទាំងប្រទេស កម្ពុជា ដែល​មក​ចូល​រួមគ្នា ដើម្បី​សំរេច​គោលដៅ​រួមមួយ គឺ​ធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​យុវជន​កម្ពុជា អោយ​ក្លាយជា​អ្នកដឹកនាំ នៅពេលនេះ​។ កង្វល់​មួយ​នៃ​កង្វល់​ចំបងៗ​របស់ AYC គឺ​បញ្ហា​បរិស្ថាន​និង សត្វព្រៃ​។ ហេតុដូច្នេះ​ហើយ​បានជា AYC បាន​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ WA ដើម្បី​សំរេច​គោលដៅ​រួម​ក្នុង​ការលើក​កំពស់​ការយល់ដឹង និង​ការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​កម្ពុជា​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *