ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ បទអន្តរាគមន៍របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាអាន សុខខឿន នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស*សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់ថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២១ ទីក្រុងហ្សឺណែវ។

លោកជំទាវប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស!

1.គណៈប្រតិភូយើងខ្ញុំសូមប្រើប្រាស់សិទ្ធិឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូហ្វាំងឡង់ ។

2.យើងខ្ញុំកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំងចំពោះគណៈប្រតិភូខាងលើដែលបានបដិសេធមិនប្រកាន់យកវិធីសាស្ត្រប្រកបដោយភាពសត្យានុម័តមិនជ្រើសរើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្មនៅពេលវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។

ក្នុងន័យនេះយើងខ្ញុំសូមផ្តល់ជូនអង្គប្រជុំនូវតថភាពមួយចំនួនដូចតទៅ៖

-ទី១៖ការអំពាវនាវឱ្យកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការមិនអើពើរបស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា ។ វត្តមានជិតបីទសវត្សរ នៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩៣មកដែលបច្ចុប្បន្ននេះក្លាយជាការិយាល័យវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកគឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដោយបើកចំហ និងស្ថាបនារបស់កម្ពុជាជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។ កាលពី ខែធ្នូកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានបន្តសុពលភាពអនុស្សរណៈយោគយល់ជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលប្រការនេះស្តែងឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្សគ្រប់ប្រភេទតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស ។

-ទី២៖ជារឿងគួរឱ្យអស់សំណើចដែលហ្វាំងឡង់ទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្នធ្វើឱ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួននាពេលថ្មីៗនេះបែរជាមកទាមទារឱ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយជាងសិទ្ធិដទៃទៀត ។ ទង្វើនេះគឺងាកចេញពីគន្លង នៃវិធីសាស្រ្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េស ដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះថា “សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយដើម្បីអនុវត្តស្តង់ដារពីរឬជាឧបករណ៍ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ” ។ លើសពីនេះសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថាសិទ្ធិមនុស្សទាំងអស់រួមមានសិទ្ធិពលរដ្ឋនយោបាយសេដ្ឋកិច្ចសង្គម និងវប្បធម៌ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍត្រូវបានចាត់ទុកថាមានតម្លៃស្មើគ្នាឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា ។

-ទី៣៖ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះដោយសភាទាំងពីរថ្នាក់របស់កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាពភាពចាំបាច់ និងសមាមាត្រភាព ។ ច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌលើបុគ្គលណាម្នាក់នោះទេផ្ទុយទៅវិញច្បាប់នេះមានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឱ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពសុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ពលរដ្ឋ ។ ដូចក្នុងបណ្តាប្រទេសលោកខាងលិចដែរវិធានការទាំងនោះនឹងត្រូវអនុវត្តចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់បង្កឱ្យមានការចម្លងជំងឺរាតត្បាតចូលក្នុងសហគមន៍ប៉ុណ្ណោះដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត ។

-ទី៤៖មានតែពលរដ្ឋកម្ពុជាប៉ុណ្ណោះដែលមានសិទ្ធិខ្ពស់បំផុតក្នុងការវាយតម្លៃពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ។ សិទ្ធិអំណាចរបស់ពលរដ្ឋកម្ពុជាត្រូវបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផល នៃការបោះឆ្នោតដែលបុគ្គលគ្រប់រូបត្រូវតែគោរពតាម ។ អគ្គលេខាធិការអង្គការសហប្រជាជាតិឯកឧត្តម អាន់តូនីញ៉ូគូតែរ៉េស បានពន្យល់ថាជោគជ័យ នៃវិញ្ញាសារខាងលើត្រូវវាស់ស្ទង់ដោយប្រើប្រាស់មាត្រដ្ឋាន នៃភាពប្រសើរឡើងក្នុងជីវភាពរបស់ពលរដ្ឋមិនមែនផ្អែកលើការបញ្ចេញអារម្មណ៍វិនិច្ឆ័យឡើយ ។

3.ជាចុងបញ្ចប់របៀបវារៈទី១០នេះគួរដើរតួនាទីស្នូលក្នុងការលើកកម្ពស់កិច្ចពិភាក្សាប្រកបដោយការគោរពស្តីពីឧត្តម្មានុវត្តន៍សកលពាក់ព័ន្ធនឹងកិច្ចសប្រតិបត្តិការបច្ចេកទេស ។ ការបំពានរបៀបវារៈនេះក្នុងគោលបំណងស្វែងរកពិន្ទុនយោបាយគួរតែត្រូវជៀសវាងប្រសិនបើយើងទាំងអស់គ្នាប្រាថ្នាចង់រក្សាការពារនូវសុចរិតភាព និងភាពអាចជឿទុកចិត្តបានខ្ពស់បំផុតរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Loading...