ស្ថានភាព​អាកាសធាតុ​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​វិលត្រឡប់​មក​រក​ភាពប្រសើរ​វិញ​បន្តិច​វិញ​ហើយ​

ខេត្តព្រះសីហនុ៖ រយៈពេល​ជាង​មួ​យ​សប្ដាហ៍​មកនេះ បន្ទាប់​រង​ឥទ្ធិពល​សម្ពាធ​ទាប បាន​ធ្វើ​ឲ្យ​ខេត្ដ​ជាប់មាត់​សមុទ្រ​រង​នូវ​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​បោកបក់​ខ្លាំង​។ ខេត្ត​ព្រះសីហនុ ក៏បាន​រង​នូវ​ឥទ្ធិពល​នេះ​ដែរ ប៉ុន្តែ​ មក​ទល់ពេលនេះ ស្ថានភាព អាកាសធាតុ បាន​ត្រឡប់​មករក​ស្ថាន​ភាពល្អ​បន្តិច​វិញ​។​

​​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​វិលត្រឡប់​មក​រក​ភាពប្រសើរ​វិញ​បន្តិច​វិញ​ហើយ គិត ត្រឹម​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា នេះ ចំណែក​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​សំរោង (​គីឡូម៉ែត្រ​លេខ​១១៦) ឋិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ដែល​ទឹកបាន​ឡើង​ខ្ពស់​រហូត​ហូរ​កាត់​លើផ្លូវ កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នោះ ក៏បាន​ស្រក​ផុត​ផ្លូវ​វិញ​អស់ហើយ ចំណែកឯ​ការធ្វើ​ចរាចរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤​នេះ គឺ​អាច​ដំណើរការបាន​ធម្មតា​វិញ​ហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា​នេះ​។​

​លោក ហេង សោភ័ណ​រិ​ទ្ធ អនុប្រធាន​ក្តាប់​រួម​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ដ​ព្រះសីហនុ បាន​ឲ្យ​ដឹង ថា ខេត្ត​ព្រះសីហនុ បាន​រង​នូវ​ការ​ធ្លាក់​ច្រើន ក្នុង​រយៈ​ជាង​មួយ​សប្តាហ៍​មកនេះ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ​ទេ​។ ចំណែកឯ​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀងខ្យល់​ខ្លាំង​បង្ក​ជា​រលក​ខ្ពស់ៗ ដោយសារ​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​និរតី មកលើ​តំបន់​មាត់សមុទ្រ ប្រព័ន្ធ​សម្ពាធ​ទាប បាន​នឹ​និង​កំពុង​អូស​បន្លាយ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែកក្កដា នេះ​។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រ ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕

 

Loading...