ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល​ឃុំពេជ្រនិលជាទីតាំងកុងត្រូលជជុះ​ដ៏ធំ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ប្រជាពលរដ្ឋ ក៍​ដូចជា​ឈ្មួញ ដែល​ធ្វើដំណើ​រកស៊ី​តាម​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពីពេល​ថ្មីៗ​នេះ បាន​ចោទប្រកាន់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ដែលមាន​ទីតាំងនៅ​ចំណុច​ឃុំ​ពេជ្រនិល ស្រុក​ភ្នំ​ស្រួយ ខេត្តកំពង់ស្ពឺ ដែល​ក្រសួង​សាធារណៈការ បានកា​ត់ទៅ​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មន្ទី​សាធារណៈការ​ខេត្ត​ព្រះសីហនុ​នោះ ថា គឺជា​កុងត្រូលជជុះ​ដ៍​ធំ​មួយ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​។​

​សេចក្ដីរាយការណ៍​ថា មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ជាច្រើន​ត្រូវបាន​គេ​តម្រូវ​ឲ្យ​បង់លុយ​មុន​ឡើងលើ​ជញ្ជីង ហើយ​ក្រុមមន្ត្រី​បាន​ប្រមូល​យកលុយ​ញាត់​ហោប៉ៅ ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ​។ លើសពីនេះ​ទៀត បើសិនជា​រថយន្ត​ដឹក​លើស​ទម្ងន់​នោះ​ជា​បក្ខពួក​ពួក​ចាស់ ឬ​ជា​ម៉ូយ​ចាស់​របស់គេ​(​មន្ត្រី​ជញ្ជីង​) គឺ​គេ​គ្រាន់តែ​ស៊ីញ៉ូ​ដៃ ក៍បាន​ធ្វើដំណើរ​ទៅមុខ​យ៉ាង​រលូន ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​ឡើយ​។​

លោក សុខ សារឿន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្ទឹងច្រាល បាន​ឲ្យ​ប្រភពព័ត៌មានដឹងថា លុយ​ដែ​ពលរដ្ឋ​ចូលទៅ​បង់​នៅ​ស្នាក់ការ​របស់លោក គឺជា​លុយ​ដែល​ពួកគាត់​ដឹក​លើស​ទម្ងន់​, ដូច្នេះ​ពួកគាត់​ត្រូវតែ​ចូលទៅ​បង់លុយ​ថ្លៃ បាយ ទឹក ភ្លើង​ ហើយ​មួយចំនួនទៀត​ខាង​លោក​ត្រូវ​បង់​ជូនទៅ​ក្រសួង​សាធារណការ ចំណែក​លុយ​សល់​ពី​នោះ​ទុក​សម្រាប់​ចែកចាយ​ដល់​មន្ត្រី​ជញ្ជីង​ផ្ទាល់តែម្តង ។​

​កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លងទៅ ជា​ផ្នែក​ដើម្បី​ការពារ​ផ្លូវថ្នល់​ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​តម្រូវ​ឲ្យ​មានការ​ដាក់តាំង​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំង​អចល័ត និង​ចល័ត នៅតាម​បណ្ដា​ផ្លូវជាតិ​សំខាន់ៗ​ទូទាំងប្រទេស ដើម្បី​កម្រិត​ទម្ងន់​ផ្ទុក​នៅលើ​រថយន្ត​​​។​

​ប៉ុន្តែ​បើ​ដូច​ករណី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល​ខាងលើ មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្លះ​បាន​លើកឡើងថា វា​បានធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​។ កាន់តែ​អាក្រក់​ដោយសារតែ​ផ្លូវ នៅតែ​បន្ត​ខូច​ដោយ​រថយន្ត​ដឹក​លើស​ទម្ងន់ ខណៈដែល​ជញ្ជីង​ថ្លឹង​រថយន្ត​ក្លាយជា​កុងត្រូលជជុះ​ដ៏កាកកប ៕

Loading...