ស្ថានីយជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែងក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​របស់លោក ហេង ផល្លា និង​បក្ខពួក

រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង ផ្លូវជាតិ​លេខ​៦ ស្រុក​បាធាយ ខេត្តកំពង់ចាម គឺជា​រឿង​មិនអាច​បិទបាំង​បានទេ​ព្រោះ​លោក ហេង ផល្លា និង​បក្ខពួក​បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មានការ​រិះគន់​ចំៗ​ថា​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​មិនបាច់​ចូល​ថ្លឹង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​ដែលមាន​លោក ហេង ផល្លា ជា​ប្រធាន​មន្ទីរ គឺ​ម្ចាស់​រថយន្ត​ធំៗ​ទាំងនោះ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​ក៏​អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន​។

ទង្វើ​មិន​ប្រក្រតី​របស់លោក ហេង ផល្លា និង​បក្ខពួក ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហេង ផល្លា នៅឡើយ​ទេ​។

​ប្រភពពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​និង​អនុប្រធាន​ឈ្មោះ ខុង សារុន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​បណ្ដោយ​ឲ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្នាក់ការ​របស់ខ្លួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​មិនតិចជាង​១០០​គ្រឿង​នោះទេ ហើយ​លោក ហេង ផល្លា និង​លោក ខុង សារុន មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឬ​ពិន័យ​តាមច្បាប់​ទាល់តែសោះ​។ ផ្ទុយទៅវិញ​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប រថយន្ត​ប្រភេទ​វ៉េ​អង ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ដឹកជញ្ជូន​អុស​ឬ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​បាន​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​យ៉ាង​រលូន​តែម្តង​។

ម្ចាស់​រថយន្ត​ទាំងនោះ​គ្រាន់តែ​ឈប់​រថយន្ត​ហើយ​យកលុយ​ទៅ​បង់​ឲ្យ​លោក ហេង ផល្លា និង​បក្ខពួក​តាម​ការកំណត់ គឺអាច​បន្តដំណើរ​ទៅមុខ​ដោយ​រលូន​បើទោះបី​រថយន្ត​ទាំងនោះ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​និង​ផ្ទុក​លើស​ទម្ងន់​ច្រើន​តោន​យ៉ាងណាក៏ដោយ​។

ប្រការនេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​ការដែល​លោក ហេង ផល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ផងដែរ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង ផល្លា បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​មិនបាច់​ចូល​ថ្លឹង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​នោះទេ គឺ​គ្រាន់តែ​ចូល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​របស់លោក ហេង ផល្លា ក្នុង​មួយ​រថយន្ត​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​គឺជា​ការ​ស្រេច​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់ពី​ម៉ោង​១០​យប់​ទៅ​ម៉ោង​៥​ទៀបភ្លឺ មាន​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​រាប់រយ​គ្រឿង ហើយ​ក្នុង​មួយ​រថយន្ត​ត្រូវ​បង់លុយ​ពី​១០​ទៅ​២០​ម៉ឺន​រៀល ដូច្នេះ​ក្នុង​មួយ​យប់ៗ​លោក ហេង ផល្លា និង​បក្ខពួក​ប្រមូល​លុយ​បាន​មិនតិច​លាន​រៀល​ឡើយ​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ទេនោះ​គឺ​លោក ហេង ផល្លា និង​អនុប្រធាន​ឈ្មោះ ខុង សា​រួន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​អី​លោក ហេង ផល្លា ឡើងកាន់តំណែង​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​មួយរយៈ​ពេល​ខ្លី​សោះ ក៏​ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ​៕

Loading...