ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកោះកេរ្តិ៍ កំពុងពង្រីកខ្លួនឲ្យក្លាយជា មជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្ម សម្រាប់បណ្តុះគ្រាប់ពូជជូនកសិករ នៅក្នុងខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍ នៃវិទ្យាស្ថានជាតិស្រាវជ្រាវកសិកម្មកម្ពុជា ត្រូវគេដឹងថា បានស្ថិតនៅក្រោមការគ្រប់គ្រង និងការផ្តល់ហិរញ្ញប្បទានពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តពង្រីកផ្ទៃដី ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីពង្រឹង និងពន្លឿនលើដំណើរការសិក្សាស្រាវជ្រាវបណ្តុះគ្រាប់ពូជ សម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មក្នុងស្រុក ស្របតាមចក្ខុវិស័យរបស់ក្រសួងទាំងពីរ និងរាជរដ្ឋាភិបាលកម្ពុជា។

ស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍នេះ មានមូលដ្ឋាននៅប្របនឹងដងផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។

ប្រធានការិយាល័យគ្រប់គ្រងស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍ នៃវិទ្យាស្ថានជាតិស្រាវ ជ្រាវកសិកម្មកម្ពុជា លោក ឯក វុទ្ធា បានថ្លែងឲ្យដឹងនៅថ្ងៃនេះថា ស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ វិទ្យាស្ថានជាតិស្រាវជ្រាវកសិកម្មកម្ពុជា និងទទួលបានការឧបត្ថម្ភ គាំពារផ្តល់ហិរញ្ញប្បទាន ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបន្តទៀតថា ក្រសួងកសិកម្ម បានផ្តល់ទីតាំង និងផ្ទៃដីព្រៃឈើ «ព្រៃរបោះ» លាតសន្ធឹងប្រមាណជា ១០០ហិចតា ប៉ុន្តែ ក្រោយការវាស់វែងជាក់ស្តែង ផ្ទៃដីសម្រាប់សិក្សាស្រាវជ្រាវរបស់ស្ថានីយ៍ មានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅ ៤០០ម៉ែត្រ គឺ លាតសន្ធឹងលើផ្ទៃដី ៩៥ហិចតា ក្នុងការផ្តល់លទ្ធភាពឲ្យស្ថានីយ៍កោះកេរ្តិ៍ ធ្វើការអភិវឌ្ឍន៍ សិក្សា ស្រាវជ្រា និងការបណ្តុះពូជកសិកម្មជាច្រើនប្រភេទ ជាពិសេស គ្រាប់ពូជស្រូវ ដើម្បីផ្គត់ផ្គង់ដល់កសិករ និងអ្នកប្រកបរបរកសិកម្ម។

លោកប្រធានការិយាល័យស្ថានីយ៍កោះកេរ្តិ៍ បានបន្តឲ្យដឹងទៀតថា នៅច្រើនឆ្នាំកន្លងមកនេះ ស្ថានីយ៍បានពង្រីកផ្ទៃដីទៅតាមដំណាក់កាលនីមួយៗ ដោយអនុវត្តតាមផែនការរបស់ក្រសួង បានប្រមាណ ១០ហិចតារួចមកហើយ ប៉ុន្តែ នៅក្នុងឆ្នាំ២០២១ នេះ បន្តពង្រីកផ្ទៃដីបន្ថែម ៥ហិចតាទៀត និងបានកសាងផ្លូវ ១ខ្សែ ជីកប្រឡាយសម្រាប់ស្តុកទឹក និងសង់លូ ៣កន្លែង មានមុខកាត់ ១០០សង់ទីម៉ែត្រ និងប្រវែង ៦ម៉ែត្រ បន្ទាប់ពីទទួលបានថវិកាពីក្រសួងនោះមក។

លោកថា តាមគោលការណ៍របស់ក្រសួង នឹងធ្វើការកែប្រែ និងអភិវឌ្ឍន៍ស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍នេះ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្ម ដោយនឹងត្រូវបន្តអភិវឌ្ឍជារៀងរាល់ឆ្នាំ សម្រាប់ផ្គត់ផ្គង់ពូជដល់កសិករ និងអ្នកប្រកបរបរកសិកម្មនៅកម្ពុជា។ លោកបានបញ្ជាក់ថា លោករដ្ឋមន្ត្រី នៃក្រសួងទាំងពីរ បានម្រេចរក្សាព្រៃជាច្រើនហិចតា នៅខាងក្រោយស្ថានីយ៍កោះកេរ្តិ៍ ទុកសម្រាប់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ដើម្បីអភិរក្សសត្វស្លាប និងសត្វចតុបាទ រស់នៅបានសុខដុម នៅក្នុងដែនព្រៃ នៃស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍នេះ។

អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា ផ្ទៃដីរបស់ស្ថានីយ៍ស្រាវជ្រាវអភិវឌ្ឍកសិកម្មកោះកេរ្តិ៍នេះ គឺមានឯកសារគតិយុត្តិស្របតាមច្បាប់ត្រឹមត្រូវ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកនឹងគាំទ្រចំពោះការអភិវឌ្ឍន៍របស់ស្ថានីយ៍ វិទ្យាស្ថានជាតិ និងក្រសួងទាំងពីរ ជាពិសេស ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សម្រាប់ទ្រទ្រង់ផ្តល់ទាំងចំណេះដឹង និងចំណេះធ្វើ លើវិស័យកសិកម្មនៅកម្ពុជា ឲ្យសម្រេចបានប្រកបដោយចិរភាព ៕

Loading...