ស្ថាបនិកក្រុមហ៊ុន Microsoft សន្យាបរិច្ចាគមូលនិធិ ១.៥០០ លានដុល្លារ ដើម្បីកម្មវិធីចាក់ថ្នាំបង្ការជាសកល

ស្ថាបនិកក្រុមហ៊ុន Microsoft បានសន្យាបរិច្ចាគមូលនិធិ ១.៥០០ លានដុល្លារដើម្បីកម្មវិធីចាក់ថ្នាំបង្ការជាសកល ខណៈដែលប្រទេសអាល្លឺម៉ង់កំពុងតែបង្កើនការប្តេជ្ញាក្នុងកម្មវិធីនេះ។

លោក Bill Gates បានប្រាប់ក្រុមអ្នកចូលរួមក្នុងសន្និសីទសម្ព័ន្ធសកលដើម្បីចាក់ថ្នាំបង្ការក្នុងក្រុងបែរឡាំងថា “វិនិយោគដែលយើងកំពុងតែធ្វើនៅថ្ងៃនេះ នឹងជួយសង្រ្គោះជីវិតមនុស្សក្នុងពេល ៥ ឆ្នាំខាងមុខស្មើនឹងចំនួនជីវិតមនុស្សដែលយើងបានជួយសង្រ្គោះក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ នេះជាអ្វីដែលខ្ញុំនិងភរិយាខ្ញុំជឿយ៉ាងមុតមាំ”។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយពេលចូលរួមក្នុងសន្និសីទនោះថា លោកស្រីសង្ឃឹមថាគោលដៅស្វែងរកប្រាក់ឧបត្ថម្ភឲ្យបាន ៧.៥០០ លាន់ដុល្លារនៅចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ នឹងអាចសម្រេចបានដើម្បីយកទៅទិញថ្នាំបង្ការចាក់ឲ្យកុមារប្រហែល ៣០០ លាននាក់ក្នុងប្រទេសក្រីក្រប្រឆាំងនឹងជំងឺមួយចំនួនដូចជាជំងឺសួត និងរាគរូសជាដើម។

លោក Gates ដែលពេលនេះបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារដល់សន្និសីទសម្ព័ន្ធសកលដើម្បីចាក់ថ្នាំបង្ការបាននិយាយថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងសុខភាពកុមារ ប៉ុន្តែមានកុមារជាង ៦ លាននាក់នៅតែស្លាប់មុនពេលឈានដល់វ័យ ៥ ឆ្នាំ ពោលគឺកុមារម្នាក់ក្នុងចំណោមកុមារ ២០ នាក់នៅទូទាំងពិភពលោក។

ចាប់តាំងពីបានបង្កើតឡើងកាលពី ១៥ ឆ្នាំមុន សន្និសីទសម្ព័ន្ធសកលដើម្បីចាក់ថ្នាំបង្ការនេះ បានចាក់ថ្នាំបង្ការដល់កុមារប្រហែល ៥០០ លាននាក់ និងបានជួយសង្រ្គោះជីវិតមនុស្សពី ៦ ទៅ ៧ លាននាក់ពីជំងឺផ្សេងៗដែលជាប្រភេទជំងឺអាចបង្ការបាន។

ស្ថាប័នមួយនេះប៉ាន់ប្រមាណថា មូលនិធិថ្មីៗនេះនឹងជួយសង្រ្គោះជីវិតកុមារចន្លោះពី ៥ ទៅ ៦ លាននាក់នៅត្រឹមឆ្នាំ ២០២០៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *