ស្ថាប័នអនុវត្តច្បាប់គ្មានចំណាត់ការចំពោះក្មួយយាយ ភូ ឈ្មោះ លី ប៊ុនអេង នគរបាលពាក់ស័ក្តិ២ ដែលអាងអំណាចបាញ់បោះសេរីគំរាមកំហែងលើជីវិតរាស្ត្រទន់ខ្សោយ

ភ្នំពេញ៖ ឯណាទៅដែលហៅថា គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល? បើសូម្បីតែជនបង្កអុកឡុកសង្គមម្នាក់សោះ ស្ថាប័នអនុវត្តច្បាប់ មិនហានចំណាត់ការតាមផ្លូវច្បាប់ផងនោះ បើទោះបីជារាស្ត្រគ្រប់គ្នាបានដឹងហើយថា ជនបង្កអសន្តិសុខសង្គមនោះ ឈ្មោះ លី ប៊ុនអេង ជានគរបាលពាក់ស័ក្តិ២ និងជាក្មួយរបស់លោកស្រី ជឹង សុភាព ឬយាយភូ អ្នកដែលមានឥទ្ធិពល ប្រើកាំភ្លើងម៉ាកឡុកបាញ់បោះសេរី គំរាមកំហែងជីវិតអ្នកដទៃ មួយភ្លែតដល់ទៅ២ដងយ៉ាងណាក៏ដោយ ។

គេនៅចាំបានថា កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យម្នាក់បានប្រើហិង្សាដោយយកកាំភ្លើងខ្លីម៉ាកឡុក វាយធ្វើបាប និងបាញ់គំរាមមកលើសន្តិសុខក្រុមហ៊ុនព្រះខ័នរាជ២នាក់ ឋិត តាមបណ្តោយផ្លូវបេតុង នៅចំណុចការដ្ឋានបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមិនដឹងមូលហេតុ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះហុិន សុខខេង ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័នរាជ ស្រុកកំណើតនៅភូមិកោះ ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ និងជនរងគ្រោះទី២ដែលត្រូវជនសង្ស័យវាយ​ហើយនិងបាញ់មួយគ្រាប់ ឈ្មោះ គង់ សាវិត ភេទប្រុស ស្នាក់នៅក្រុមហ៊ុនសន្តិសុខព្រះខ័នរាជ មានស្រុកកំណើតភូមិភ្នំដែក ឃុំរម្យណី ស្រុករវៀង ខេត្តព្រះវិហារ ។ ហុិន សុខខេងបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា រូបគាត់កំពុងយាមដូចសព្វដងនៅបុរីកំពុងសាងសង់ កន្លែងកើតហេតុម្តុំបឹងកក់ ជិតស្ថានីយរថភ្លើង ស្រាប់តែ មានបុរសម្នាក់(ជនដៃដល់)ឈ្មោះលី ប៊ុនអេង ហៅធី អាយុប្រហែលជាង៣០ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3578 មកដល់កន្លែងកើតហេតុ រួចចុះដើរមកនិយាយជាមួយខ្លួនថា ឲ្យហៅកម្មករ៤នាក់រត់ចូលទៅក្នុងនោះ ឲ្យចេញមកក្រៅ ពេលនោះ គាត់អត់ហ៊ានទៅចោលគោលដៅការពារសន្តិសុខរបស់ខ្លួន ហើយ និងបានរត់ទៅប្រាប់មេសន្តិសុខរបស់ខ្លួន ។ គ្រានោះ ស្រាប់តែជនដៃដល់ បានហៅខ្លួនមកវិញ ហើយវាយមួយដៃទាំងកំហឹង ពេលនេះ ខ្លួនគាត់ក៏រត់ទៅប្រាប់សន្តិសុខម្នាក់ទៀតឈ្មោះគង់ សាវិត ។ ឃើញអំពើឃោរឃៅបែបនេះ ឈ្មោះ គង់ សាវិត ដែលជាមេរបស់ហ៊ិន សុខខេង ក៏បានដើរចូលទៅសួរជនដៃដល់ថា៖ ម៉េចបានជាវៃសន្តិសុខគ្នាគាត់ចឹង ភ្លាមនោះ ជនដៃដល់(លី ប៊ុនអេង) ខឹងក៏បានដកកាំភ្លើងខ្លី ម៉ាក់ឡុក មកវាយមួយស្នាប់កាំភ្លើង និងបាញ់មួយគ្រាប់ ។ ប៉ុន្តែដោយសំណាងល្អ​ទឹកដោះម្តាយថ្លៃ មិនបណ្តាលឲ្យរងរបួសធ្ងន់ឡើយ ភ្លាមៗនោះ លី ប៊ុនអេង ជាជនសង្ស័យបានបើករថយន្តចេញទៅបាត់ ។

សាក្សីខ្លះអះអាងថា ជនបង្កមានគ្នា៤នាក់ និងកាំភ្លើងគ្រប់ដៃ អាចមកពីផឹកសុីស្រវឹងថែមទៀតផង។

បើតាមប្រភពីសមត្ថកិច្ចបន្តថា ជនរងគ្រោះបានឲ្យដឹងទៀតថា នៅពេលល្ងាចម៉ោងប្រហែលជា៦ល្ងាច ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ជនសង្ស័យបានបាញ់នៅមុខបុរីនេះចំនួន២គ្រាប់ម្តងមកហើយ ហើយ សមត្ថកិច្ចមូលដ្ឋាន បានចុះមកស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន១គ្រាប់ ម៉ាកឡុកផងដែរ ។

រហូតមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថាប័នអ្នកអនុវត្តច្បាប់ នៅបន្តស្ងាត់ស្ងៀមចំពោះជនបង្កអុកឡុកសង្គម បាញ់បោះសេរី លី ប៊ុនអេង នគរបាលពាក់ស័ក្តិ២ និងជាក្មួយយាយ ភូ ដ៏មានអំណាចនោះនៅឡើយទេ ។

មហាជនពិតជាទន្ទឹងរង់ចាំមើលចំណាត់ការរបស់ស្ថាប័នច្បាប់ ជាពិសេសចំណាត់ការពីលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិតែម្តង ត្រូវតែចេញវិធានការចាប់នគរបាលក្រោមឱវាទរបស់ខ្លួន ដែលសង្ស័យប្រព្រឹត្តល្មើស បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់នោះ មកទទួលទោសតាមច្បាប់ មិនគួរណាខ្លាចអំណាចរបស់យាយ ភូ នោះទេ ៕

សន្តិសុខឯកជនដែលរងគ្រោះក្នុងហេតុការណ៍ហិង្សាពីសំណាក់ លី ប៊ុនអេង

លី ប៊ុនអេង ដែលបង្កអុកឡុកគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

សំបកគ្រាប់កាំភ្លើងបន្សល់ទុក ដែលសមត្ថកិច្ចរើកមកធ្វើជាវត្ថុតាង

លី ប៊ុនអេង ក្នុងឯកសណ្ឋានជានគរបាលជាតិ ប៉ុន្តែបែរជាបំពាន់ច្បាប់

Loading...