ស្ទីលលួចបែបថ្មី បំភ័យអ្នកមានឡានទំនើប

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្តទំនើប ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថបញ្ជូនទៅតុលាការ មានឈ្មោះ អ៊ុក ចាន់ដារ៉ា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ ក្រោយពេលជនសង្ស័យ លួចរថយន្តមួយគ្រឿង ម៉ាក លិចស៊ីស (LEXUS 570) ពណ៌ស កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨។

តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុង ដែលស៊ីឈ្នួលបើកឡានឲ្យ លួចយករថយន្តមួយគ្រឿងម៉ាក Luxes 570 ហើយគេចខ្លួនបាត់ នៅចំណុចហាងកាហ្វេ ផ្លូវ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលតៃកុងឡានម្នាក់នេះជូនរូបគេទៅផឹកកាហ្វេនៅទីនោះ។ លុះនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យ បណ្តឹង កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្ដខាងលើ និងឃាត់ខ្លួនជនដៃដល់បាននា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១៩និង០០នាទីល្ងាច នៅចំណុច ម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា សកម្មភាពលួចរថយន្តតាមស្ទីលបែបថ្មីនេះ គឺដំបូងឡើយរូបគេដើរដាក់ CV តាមក្រុមហ៊ុននិងអ្នកមានមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត នៅពេលណាមានឱកាស ទើបលួចយករថយន្ត គេចខ្លួនតែម្តង។ ជាក់ស្តែងសកម្មភាពលើកនេះ មិនមែនជាលើកទី១ទេ កាលពីអំឡុងឆ្នាំ ២០១៧ រូបខ្លួនក៏ធ្លាប់បានទៅបើកបរ ឲ្យថៅកែជនជាតិកូរ៉េ០១នាក់ និងបានលួចយករថយន្ដ០១គ្រឿងម៉ាក BMW ម្តងរួចមកហើយ៕

 

 

Loading...