ស្ទូច​ស្ពានដែក​ចាស់ នៅ​ព្រំដែន​ប៉ោយប៉ែត ចេញ តែ​ភាគី​កម្ពុជា អត់​មាន​មន្ត្រី​ចូលរួម​

បន្ទាយមានជ័យ: ស្ពានដែក​ចាស់​កេរ​សម័យ​អាណានិគមនិយម​បារាំង នៅ​ព្រំ​ដេ​ន​កម្ពុជា​-​ថៃ ត្រូវបាន​ក្រុមការងារ​សាជីវកម្ម​សំណង់​ស្ពាន​ផ្លូវដែក នៃ​ក្រសួង​ដឹកជញ្ជូន​ថៃ សម្រេច​ផ្សារ​កាត់ផ្តាច់​ស្ទូច​យកចេញ​ហើយ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ កន្លងមក​។ ប៉ុន្តែ​គួរអោយ​ស្តាយ ដោយ​ភាគី​ថៃ អះអាងថា តំណាង​ភាគី​កម្ពុជា មិន​ព្រម​ចូលរួម​សកម្មភាព​នេះ ព្រោះ​ស្ពាន​នេះ ជា​កម្មសិទ្ធិរួម​របស់​ប្រទេស​ទាំងពីរ​។​

​ក្រុមការងារ​បច្ចេកទេស​សំណង់​សាជីវកម្ម​ស្ពាន​ផ្លូវដែក​ថៃ​បាន​ផ្សារ​កាត់ផ្តាច់​ស្ពានដែក​ចាស់​ទ្រុឌទ្រោម​នៅ​ចន្លោះ​ម៉ោង ៩ ទៅ​ម៉ោង ១០ ព្រឹក រួច​បាន​ប្រើ​យន្ត​ស្ទូច​យក​ខ្មោច​ដែក​ស្ពាន​ចេញ​នៅ​ថ្ងៃត្រង់ និង​រសៀល​ថ្ងៃទី​២០ មករា ឆ្នាំ​២០១៥​។​

​ប្រភព​ក្រុមការងារ​ភាគី​ថៃ ប្រាប់​សារព័ត៌មាន​កម្ពុជា ថ្ងៃទី​២០​មករា​ថា ពួកខ្លួន​បាន​អញ្ជើញ​តំណាង ឬ​សមាសភាព​ច្រើន​នាក់​នៃ​ក្រុមការងារ​បច្ចេកទេស និង​មន្ត្រី​អាជ្ញាធរ ឬ​ជំនាញ​ពាក់ព័ន្ធ​កម្ពុជា ចូលរួម​ពិធី​កាត់ផ្តាច់​ស្ទូច​ដែក​ស្ពាន​នេះ ចេញ​ជាច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​គួរអោយ​ស្តាយ​ដោយ​ពុំមាន​អ្នក​មក​ចូលរួម​ទៅវិញ​។ ទោះយ៉ាងណា ដើម្បី​កុំអោយ​ស្ទះ​ដំណើរ​ការតភ្ជាប់​ស្ពាន​ផ្លូវដែក​ប្រវត្តិសាស្ត្រ​កម្ពុជា​-​ថៃ​នេះ ត្រូវតែ​បង្ខំចិត្ត​ធ្វើ​។​

​គួរ​បញ្ជាក់ថា ការដ្ឋាន​សំណង់​ស្ពាន​ផ្លូវដែក​ប៉ោយប៉ែត​-​ខ្លង​លឹក របស់​កម្ពុជា​-​ថៃ​នេះ បាន​បើក​ជា​ផ្លូវការ​ដោយ​អនុ​រដ្ឋលេខា​លេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​អគ្គលេខាធិការ​ក្រសួង​ដឹកជញ្ជូន​ថៃ កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។​

​ស្ពាន និង​ផ្លូវដែក​ជា​ផ្លូវដែក​កម្ពុជា​-​ថៃ ដែលជា​ផ្លូវដែក​អាស៊ាន​នេះ ក៏ត្រូវ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ លើកឡើង​ក្នុងជំនួប​កាលពី​ថ្មីៗ​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​ ​គួរ​បញ្ជាក់ថា កម្ពុជា​ទើបបាន​ស្តារ​ផ្លូវដែក​កំណាត់​ស៊ីសូផុន​-​ព្រំដែន​ថៃ ប្រវែង ៤៨ គ​.​ម ឡើងវិញ ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន Toll របស់​អូស្ត្រាលី តែ​បាន​បោះបង់ចោល​វិញ កាលពីដើមឆ្នាំ​២០១៤ ហើយ​ទុកចោល​កំណាត់​ផ្លូវដែក ៦ គ​.​ម ទៀត ក្នុង​ប្រជុំជន​ក្រុង​ប៉ោយប៉ែត​៕

ប្រភព៖ CEN

Loading...

Leave a Reply

Your email address will not be published. Required fields are marked *