ស្នងការខេត្តកណ្តាល រងការរិះគន់ ក្នុងការពុះអង្កន់ដី មាត់ស្ទឹងចែកគ្នាលក់ និងធ្វើផ្ទះល្វែង

ខេត្តកណ្តាល៖ លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ត្រូវទទួលរងការរិះគន់ ក្នុងករណីពុះអង្កន់ចំណីដី មាត់ស្ទឹងក្រុងតាខ្មៅ នៅទល់មុខស្នងការដ្ឋាន ចែកគ្នាលក់និងធ្វើផ្ទះល្វែង។

មន្ត្រីនគរបាល នៅក្នុងស្នងការដ្ឋាន ខេត្តកណ្តាល បានឲ្យដឹងថា តាំងពីជំនាន់លោក មុំ សាមាន និងលោក ឯក ក្រឹត្យ ធ្វើជាស្នងការខេត្ត ចំណីដីមាត់ស្ទឹង នៅទល់មុខស្នងការនេះ គឺនៅទំនេរ មិនមានមន្ត្រីប៉ូលិសរូបណា ហ៊ានប៉ះពាល់នោះទេ ។ លុះមកដល់អាណត្តិ លោក អ៊ាវ ចំរើន បានឡើងធ្វើជាស្នងការខេត្ត ក៏មានការឃុបឃិត ពុះអង្កន់ចែកគ្នាលក់ និងធ្វើផ្ទះល្វែងតែម្តង ហើយការពុះកាត់អង្កន់ចែកគ្នានេះ គឺបានតែមេៗ មួយចំនួនតែប៉ុណ្ណោះ ។ ចំពោះមេៗមួយចំនួនទៀត ដែលមិនស្និទ្ធជាមួយ លោកស្នងការ គឺមិនមានចំណែកទេ ។

ការពុះអង្កន់ចែកគ្នានេះដែរ ត្រូវបានប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីប៉ូលិស ស្ទើរនៅទូទាំងក្រុងតាខ្មៅ ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើលោក អ៊ាវ ចំរើន ស្នងការនគរបាល ខេត្ត កណ្តាល ដោយនិយាយថា ក្នុងនាមលោក ជាថ្នាក់ដឹកនាំគ្រប់គ្រង មន្ត្រីប៉ូលិស ក្នុងខេត្តកណ្តាលទាំងមូល និងជាថ្នាក់ដឹកនាំមួយរូប ដែលមានបទពិសោធន៍ អំពីច្បាប់ បែរជាឃុបឃិតជាមួយ មន្ត្រីក្រោមឱវាទរបស់ខ្លួនមួយចំនួន យកដីមាត់ស្ទឹង ជាដីរដ្ឋ ឬជាដីរួម ក្នុងអង្គភាព ទៅពុះកាត់អង្កន់ចែកគ្នាលក់ និងធ្វើផ្ទះល្វែង ទាំងបំពានច្បាប់ ដូច្នេះទៅវិញ ។ អំពើល្មើសច្បាប់ ច្បាស់ក្រឡែតបែបនេះ កោតតែធ្វើទៅរួច ។

មន្ត្រីរាជការក្នុងសង្កាត់ ក្រុង រហូតក្នុងសាលាខេត្តកណ្តាលផងដែរ សុទ្ធតែបាននិយាយឲ្យដឹងដែរថា ករណីពុះអង្កន់ចំណីដី មាត់ស្ទឹងទល់មុខស្នងការដ្ឋាន ខេត្តកណ្តាល ចែកគ្នាលក់ និងធ្វើផ្ទះល្វែងនេះ គឺជាអំពើខុសច្បាប់ ។ កន្លងមក អាជ្ញាធរបានធ្វើការ ហាមឃាត់ ប៉ុន្តែមន្ត្រីទាំងនោះ នៅតែគឃ្លើន មិនស្តាប់រហូតឈានដល់ពុះអង្កន់ចែកគ្នាលក់ និងធ្វើផ្ទះល្វែង ទាំងបំពានច្បាប់ទៀតផង ។

លោក ហេង ធៀម ជាអភិបាលក្រុងតាខ្មៅ ដែលទើបឡើងកាន់តំណែងថ្មីថ្មោង បាននិយាយប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី ៣០ ខែមិថុនា នេះថា ដីមាត់ស្ទឹងនោះ ជាដីរដ្ឋ ដូច្នេះមិនមានមន្ត្រី ថ្នាក់ក្រោមជាតិណាមួយ ហ៊ានស៊ីញ៉េទទួលស្គាល់ឡើយ ។ ករណីនេះ លោកទើបតែមកកាន់តំណែងជាអភិបាលក្រុងថ្មី លោកកំពុងធ្វើច្បាប់ ស្នើសុំទៅអាជ្ញាធរខេត្ត ដើម្បីធ្វើការទប់ស្កាត់ ៕

kandal

Loading...

Leave a Reply

Your email address will not be published. Required fields are marked *