ស្នងការខេត្តបាត់ដំបង ក្រើនរំឭក កងកម្លាំងណាពាក់ព័ន្ធជាមួយគ្រឿងញៀន ឬដាក់ហ៊ុនជាមួយចោរ និងបទ ល្មើស មិនអនុគ្រោះឲ្យជាដាច់ខាត

(បាត់ដំបង) ៖ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តបាត់ដំបង បានថ្លែង ព្រមានដល់កងកម្លាំងទាំងអស់ឲ្យឃ្លាតឆ្ងាយអំពីបញ្ហាគ្រឿងញៀន ដោយមិនត្រូវ យកខ្លួនទៅពាក់ព័ន្ធជាមួយគ្រឿងញៀន ឬ ដាក់ហ៊ុនជាមួយចោរ ឬជនល្មើសនោះទេ បើរកឃើញ លោកមិនអនុគ្រោះ ឲ្យនោះឡើយ ។

ការថ្លែងព្រមានបែបនេះ បានធ្វើឡើងក្នុងពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបានខេត្តបាត់ដំបង ដែលធ្វើឡើង កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០ នៅឯសាលប្រជុំស្នងការខេត្ត ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោកស្នងការខេត្តបានសង្កត់ធ្ងន់ថា បើមន្ត្រីណាមួយដែលអនុវត្តផ្ទុយអំពីគោលការណ៍របស់កងកម្លាំងនគរបាលជាតិ យើងអាចដកតួនាទី ដកឋានន្តរស័ក្តិនិងអនុវត្តទៅតាមវិន័យកងកម្លាំងនគរបាលជាតិ ។ ក្នុងនាមកងកម្លាំងត្រូវតែមានជំហរដាច់ខាត ត្រូវតែប្រឆាំងដាច់ខាត អំពីបញ្ហាល្មើសទៅនឹងច្បាប់ ពិសេសអ្វីនាំឲ្យបំផ្លាញសង្គមជាតិ អ្វីដែលបំផ្លាញសន្តិភាព យើងត្រូវ ប្រឆាំងដាច់ខាត និង ត្រូវការពារអោយបានដាច់ខាត នូវសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាល របស់យើងខំរកបានមកដោយលំបាក នេះជាកត្តាមួយដ៏សំខាន់ដែលយើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា។

លោកមានប្រសាសន៍ថា យើងត្រូវចូលរួមទាំងអស់គ្នាអំពីបញ្ហាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ព្រោះរយះពេលកន្លងមកក្រោយពីការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីៗនេះយើងសង្កេតឃើញថាបទល្មើសចរាចរណ៍មានការថយចុះករណីស្លាប់និងរបួសក៏ថយចុះ។ហើយក្នុងនាមកងកម្លាំង យើងត្រូវតែពិចារណាអ្វីដែលជាអំពើល្អត្រូវនាំគ្នាធ្វើចុះហើយអ្វីដែលជាអំពើបង្កឲ្យអ្នកដទៃឈឺចាប់អ្នកដទៃអន្តរាយនោះកុំអោយសោះ ហើយចំពោះរាល់ភាពអសកម្មទាំងឡាយកន្លងទៅយើងត្រូវតែកាត់បន្ថយផងដែរ។

គួរបញ្ជាក់ថា ពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីព្រឹកនេះ សមាសភាពមន្រ្តីនគរបាលដែលត្រូវចូលរួមប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិសរុបចំនួន ១៤៤នាក់ស្រី២៦នាក់ ៕

Loading...