ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់ បង្កើនយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋកាន់តែប្រសើរ

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំត្រួតពិនិត្យនិងជម្រុញសកម្មភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់ រាជធានីភ្នំពេញបន្តបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ជាមួយនឹងការលើកទឹកចិត្តឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្តបង្កើនខិតខំប្រឹងប្រែងផ្តល់សេវាសន្តិសុខនិងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យលឿនឆាប់រហ័ស ដើម្បីកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើនគរបាលមូលដ្ឋាន។ខណៈដែលនគរបាលប៉ុស្តិ៍រដ្ឋបាលបានចូលរួមយ៉ាងសកម្មអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបង្ការទប់ស្កាត់និងបង្រ្កាបបានបទល្មើសជាច្រើនធ្វើឱ្យបទល្មើសទូទៅនៅក្នុងរាជធានីភ្នំពេញថយចុះប្រមាណ២០ភាគរយក្នុងរយៈពេល០៩ខែចុងក្រោយនេះ។កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានទទួលកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាល។ក្នុងនោះមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋានលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានទទួលកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលបានលើកឡើងថា ក្នុងរយៈពេលដែលក្រុមការងារនាយកដ្ឋានទទួលកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះត្រួតពិនិត្យសកម្មភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមអធិការដ្ឋាននគរបាលខណ្ឌមួយចំនួនគឺពិនិត្យឃើញថាមានចំណុចអវិជ្ជមាន និងវិជ្ជមានខ្លះដែលនគរបាលប៉ុស្តិ៍រដ្ឋបាលកំពុងតែអនុវត្តការងារនៅក្នុងមូលដ្ឋាន។ប៉ុន្តែអ្វីដែលជាការកត់សំគាល់កម្លាំងនគរបាលប៉ុស្តិ៍បានកែប្រែឥរិយាបថមានឆន្ទៈខ្ពស់ទទួលខុសត្រូវការងារនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងកាត់បន្ថយបានច្រើននូវភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ដោយឡែកគឺមានចំណុចខ្វះខាតតិចតួចបន្តយកចិត្តទុកដាក់បំពេញបន្ថែមដើម្បីឱ្យការអនុវត្តការងាររបស់នគរបាលប៉ុស្តិ៍ទៅថ្ងៃមុខទទួលបានជោគជ័យ។ត្រូវចេះរៀបចំផែនការការងារនិងការកសាងទំនុកចិត្តបំផុសឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមសហការជួយការងារសន្តិសុខសង្គម។

ឯកឧត្តមប្រធាននាយកដ្ឋានទទួលកិច្ចការងារប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានណែនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវការពារសន្តិភាពឱ្យបានគង់វង្សយូរអង្វែង និងត្រូវទប់ស្កាត់ សកម្មភាពក្រុមជ្រុលនិយមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានវាយតម្លៃខ្ពស់នូវការប្រឹងប្រែងបំពេញភារកិច្ចការងារនឹងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមធានាបានស្ថិរភាពល្អ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនិងការខិតខំដោះស្រាយរាល់សំណូមពរ និងការផ្តល់សេវាសន្តិសុខនិងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿនឆាប់រហ័ស។ណែនាំគោរពវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ ការចូលរួមធ្វើជាគំរូល្អគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងកុំទៅព្រឹត្តអំពើខុសច្បាប់ ណាមួយក្នុងករណីដែលទៅធ្វើសកម្មភាពខុសច្បាប់ប្រឈមនិងការកាត់ចេញពីក្របខណ្ឌនគរបាលជាតិនិងយកទៅអនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថាបើយោងតាមរបាយការណ៍បង្ហាញោ្យដឹងថាក្នុងរយៈពេល០៩ខែចុងក្រោយនេះរាជធានីភ្នំពេញបទល្មើសឧក្រិដ្ឋនិងបទល្មើសមជ្ឈិមបានកើតឡើងចំនួន៥០១លើកប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩បទល្មើសកើតឡើង៦២៦លើក នាំឱ្យបទល្មើសបានថយចុះ១២៥លើក ស្មើនឹង២០ភាគរយ។ក្នុងនោះកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលរាជធានីភ្នំពេញក៏បានចេញបង្រ្កាបសម្រេចបានលទ្ធផល៤៤៣ករណីឃាត់ខ្លួនជនសង្ស័យ៦៨៧នាក់ស្មើនឹងជាង៨៨ភាគរយ។បទឧក្រិដ្ឋមានការកើនឡើងតែកម្លាំងនគរបាលបានចាត់វិធានការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាន់ពេលវេលាឃាត់ខ្លួនរហូតដល់១៤០នាក់៕

 

Loading...