ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំដកស្រង់បទពិសោធន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីពង្រឹងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដកស្រង់បទពិសោធន៍ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំយុទ្ធសាស្រ្តបន្ថែមទៀតពង្រឹងនៃការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពសំដៅកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់និងអ្នករងរបួស ។ ខណៈដែលរបាយការណ៍បង្ហាញឱ្យដឹងថារយៈពេល១៩ថ្ងៃក្នុងខែវិច្ឆិកានេះ បទល្មើសគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងបន្តិចដែលបណ្តាលឱ្យមនុស្សស្លាប់២៤នាក់ ។

ការកើនឡើងនៃបញ្ហាបទល្មើសគ្រោះថ្នាក់ចរចរាចរណ៍នៅពេលនេះគឺគេមើលឃើញថាបង្កឡើងដោយអ្នកប្រើប្រាស់ផ្លូវបើកបរល្បឿនលឿន បើកបរមិនគោរពសិទ្ធិអទិភាព បើកបរក្នុងស្ថានភាពស្រវឹង និងការបត់ ជែង មិនប្រុងប្រយ័ត្ន ខណៈដែលមួយរយៈពេលនេះផងទៀតការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញខ្វះចន្លោះ ដោយសារអាកាសធាតុភ្លៀងធ្លាក់ញឹកញាប់,កម្លាំងជាប់រវល់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងការពារប្រតិភូជាតិ-អន្តរជាតិ ។

កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរងលោកនាយការិយាល័យជំនាញ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងមន្រ្តីនគរបាលអនុវត្តច្បាប់ទាំង៧៣គោលដៅ ក្នុងរាជធានីភ្នំពេញបានអញ្ជើញចូលរួមសរុប១៧៣នាក់ ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងបញ្ហាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះហើយក៏បានឱ្យមន្រ្តីក្រោមឱវាទលើកឡើងពីបញ្ហាប្រឈមនិងលើកយកពិភាក្សាដើម្បីរកយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ឱ្យមានការថយចុះ ។

តមកលោកស្នងការរង លោកអធិការ លោកប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍មួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈមនៅក្នុងអំឡុងនៃការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដោយអ្នកបើកបរយានយន្តខ្លះបើកបរល្មើសច្បាប់ចរាចរណ៍មិនទទួលស្គាល់កំហុសតែងតែតវ៉ាឈ្លោះប្រកែកជាមួយសមត្ថកិច្ច និងការអន្តរាគមន៍ពីអ្នកធំ ។ ជាងនេះថែមទៀតអ្នកបើបរមួយចំនួនបានយល់ដឹងពីច្បាប់ចរាចរណ៍នោះហើយប៉ុន្តែបើកបរនៅតែបំពាន ។

ពាក់ព័ន្ធនិងការចុះរឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យកម្លាំងនគរបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងត្រឹមត្រូវតាមគោលការណ៍ច្បាប់ដោយកុំខ្លាចនិងការអន្តរាគមន៍ដាក់គំនាបណាមួយមកលើមន្រ្តីអនុវត្តច្បាប់ ។ ការអនុវត្តច្បាប់គឺអនុវត្តស្មើភាពគ្នាអ្នកបើកល្មើសត្រូវតែចាប់ឃាត់ពិន័យតាមច្បាប់ដោយមិនយោគយល់ឡើយ ។ ជាពិសេសត្រូវលប់បំបាត់ការទារប្រាក់មិនចេញវិក័យប័ត្រពីព្រោះបញ្ហានេះប្រសិននៅតែកើតមានវានិងជះឥទ្ធិពលដល់ការអនុវត្តច្បាប់ចរាចរណ៍មិនទទួលបានជោគជ័យឡើយ ។

ក្នុងកិច្ចប្រជុំនោះផងទៀតឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឱ្យមន្រ្តីនគរបាលក្រោមឱវាទយកទៅអនុវត្តកិច្ចការងាររឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពគឺ១,បង្កើនអនុវត្តច្បាប់ចំណុចគោលដៅដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់២,បង្កើនរឹតបន្តឹងចំពោះ មុខសញ្ញាយានយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដូចជារថយន្តធុនធំរឺម៉ូតូ៣,បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ៤,ត្រូវពង្រឹងនៃការអនុវត្តច្បាប់តាមស្វែងចាប់ជនបង្កបើកបរបុកស្លាប់រត់គេចយកមកអនុវត្តច្បាប់៥,ពង្រឹងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យមានរបៀបរយល្អ៕

Loading...