ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំដាក់វិធានការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈលើការងារបង្ការទប់ស្កាត់ក្រុមក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់សន្តិសុខសង្គម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដាក់ចេញនូវវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម ។

ក្រោយគេមើលឃើញថាសកម្មភាពក្រុមក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញហាក់បីដូចជាកំរើកឡើងវិញបន្ទាប់ពីរយៈពេលចុងក្រោយគេមើលឃើញថាក្មេងទំនើងបានធ្វើសកម្មភាពអំពើវាយតប់គ្នា និងឈានទៅធ្វើអំពើឆក់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋទៀតនោះផង។ដូចជាករណីមានក្មេងទំនើង០១ក្រុមគ្នា១០នាក់កាលពីយប់ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវសុធារសភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះ០២នាក់ជិះម៉ូតូ០១គ្រឿងឌុបគ្នាបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់និងប្លន់យកម៉ូតូជនរងគ្រោះខណៈដែលជនរងគ្រោះគ្រាន់តែជិះម៉ូតូមើលមុខក្រុមជនសង្ស័យ។ក្រោយពីធ្វើសកម្មភាពនោះភ្លាមជនសង្ស័យ០២នាក់ត្រូវបាននគរបាលប៉ុស្ថិ៍រដ្ឋបាលចតុមុខបង្រ្កាបចាប់ខ្លួនចំណែកបក្ខពួក០៨នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន។កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងទួលផែនការងារព្រហ្មទណ្ឌ លោកស្នងការរងទទួលផែនការងារសេនាធិការ លោកនាយការិយាល័យជំនាញ និងលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ។កិច្ចប្រជុំលោកស្នងការរង លោកនាយការិយាល័យជំនាញព្រហ្មទណ្ឌ និងលោកអធិការនគរបាលខណ្ឌមួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈមនៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនិងពិភាក្សាដាក់ចេញវិធានការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងនៅក្នុងមូលដ្ឋានឱ្យបានជាក់លាក់និងមានការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ជម្រុញឱ្យលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារគ្រប់គ្រងមុខញ្ញាក្មេងទំនើងនិងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាព។ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនគិតថាក្មេងទំនើងនោះជាកូនអ្នកណានោះឡើយ។

    ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការនិងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវចៀសវាងការធ្វើរបាយការណ៍ភូតកុហកពីមុខសញ្ញាក្មេងទំនើងនេះ។

    ពាក់ព័ន្ធនិងវិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញរយៈពេល០១ឆ្នាំគឺឆ្នាំ២០២០ កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង៦៨១ករណីឃាត់ខ្លួន១០៣៩នាក់។ក្នុងនោះ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ៥០៦ករណីនិងករណីបង្កការអុកឡុកនៅក្នុងមូលដ្ឋាន១៧៣ករណី៕

Loading...