ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងលុបបាត់យានយន្តបង្កសម្លេងលើសកម្រិតកែច្នៃខុសបច្ចេកទេសខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់អនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការលុបបំបាត់ការបង្កសម្លេងលើសកម្រិតពីយានយន្តគ្រប់ប្រភេទកែច្នៃខុសបច្ចេកទេសខុសច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបង្ការទប់ស្កាត់រំខានដល់អារម្មណ៍ប្រជាពលរដ្ឋនិងការប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ។

គ្រាដែលគេមើលឃើញថាបញ្ហាការកែច្នៃបំពុងស៊ីម៉ាំងរថយន្តរឺម៉ូតូមួយចំនួនខុសបច្ចេកទេសត្រូវបានជនទំនើងប្រើប្រាស់បង្កឱ្យប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋកំពុងទទួលដំណេកនៅពេលយប់បាននាំឱ្យប្រជាពលរដ្ឋលើកឡើងរិះគន់តាមបណ្តាញព័ត៌មានសង្គម ។

កិច្ចប្រជុំធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១​នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការអញ្ជើញចូលរួមពីលោកស្នងងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកអធិការនគរបាលខណ្ឌទាំង១៤និងលោកនាយ
ការិយាល័យជំនាញ ពាក់ព័ន្ធនៅពេលចុះអនុវត្តត្រូវធ្វើឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើជាទូទៅចំពោះយានយន្តគ្រប់ប្រភេទដែលរកឃើញថាមានការកែច្នៃខុសបច្ចេកទេសខុសច្បាប់។

ជាងនេះថែមទៀតត្រូវចុះណែនាំទីតាំងកែច្នៃបំពង់ស៊ីម៉ាំងយានយន្តខុសបច្ចេកទេសខុសច្បាប់ឱ្យបញ្ឈប់ហើយការណែនាំដោយកាយវិកាទន់ភ្លន់និងពន្យល់អំពីផ្លូវច្បាប់ក៏ដូចជាផលប៉ះពាល់ពីការប្រើប្រាស់សម្លេងលើសកម្រិត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់មន្រ្តីក្រោមឱវាទការចុះអនុវត្តនេះត្រូវធ្វើកុំឱ្យលើសតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនិងលើសពីគោលការណ៍ច្បាប់ដើម្បីចៀសវាងកុំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋ ។ ការចុះអនុវត្តនោះផងដែរក៏ត្រូវពង្រឹងទប់ស្កាត់ចំពោះក្មេងទំនើងជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់សង្គមដោយឃាត់ចាប់យកមកអប់រំហើយអញ្ជើញអាណាព្យាបាលឱ្យមកទទួលនិងយកទៅអប់រំបន្ត។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនោះផងដែរ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌនិងលោកស្នងការរង មួយចំនួនក៏បានលើកឡើងពីបញ្ហាប្រឈមនិងការយកសេចក្តីណែនាំនៃខ្លឹមសារកិច្ចប្រជុំទៅអនុវត្តឱ្យចំទិសដៅការងារដើម្បីចុះអនុវត្តលើការលុបបំបាត់ការបង្កសម្លេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព៕

 

Loading...