ស្នងការនគរបាលខេត្តព្រះវិហារ បានដោះលែងមនុស្សប្រុសស្រី ៩នាក់ បន្ទាប់ពីបានអប់រំ ណែនាំរួច និងនៅ ក្រោយការឃាត់ខ្លួន នៅក្នុងការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយ ដែលផ្គើននឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា !

ខេត្តព្រះវិហារ៖ មនុស្សប្រុសស្រី ៩នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាប ទៅលើទីតាំងបើក ល្បែងស៊ីសងមួយ កាលពីថ្ងៃទី១៨កក្កដា ចុងសប្តាហ៍មុននេះ និងក្រោយការឃាត់ខ្លួនមិនបានប៉ុន្មានផង នោះ ក្រុមអ្នកញៀនល្បែងទាំង ៩នាក់ ក៏ត្រូវបានដោះលែងទៅវិញ ក្រោមការធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត ល្បែងស៊ីសងខុសច្បាប់នោះតទៅទៀត។ ផ្ទះបើកល្បែងស៊ីសងខុសច្បាប់នោះ ស្ថិតនៅក្នុងភូមិស្រឯមខាង ជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ។

ប្រធានការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះវិហារ លោកវរៈសេនីយ៍ឯក គង់ គា បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២០កក្កដានេះថា នៅថ្ងៃចុងសប្តាហ៍មុននេះ លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងផ្ទះបើកល្បែងស៊ីសងមួយកន្លែង នៅក្នុងមូលដ្ឋានខាងលើ ហើយបានឈានទៅឃាត់ខ្លួន មនុស្សប្រុស ស្រី ៩នាក់ ដែលកំពុងប្រព្រឹត្តលេងល្បែងបាញ់អាប៉ោង ដែលបានលួចលាក់បើកលេងជាយូរ ណាស់មកហើយ។ លោកបន្តថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតអស់ពេលជាយូរ ទើបឈានដល់ការបង្រ្កាប ហើយបានដកហូតរថយន្ត៥គ្រឿង ម៉ូតូ១គ្រឿង គ្រាប់អាប៉ោង ១៥គ្រាប់ ចានបាញ់អាប៉ោង២ និងសម្ភារៈក្នុងវង់ល្បែងស៊ីសងមួយចំនួនទៀតផងដែរ។ លោកថា ទាំងមនុស្ស និងវត្ថុ តាងបទល្មើស ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ ។

លោកវរៈសេនីយ៍ឯក គង់ គា បានបន្តអោយដឹងទៀតថា ក្រោយការសាកសួរ ទើបដឹងថា ផ្ទះដែល បើកល្បែងស៊ីសងនោះ ម្ចាស់ផ្ទះមានឈ្មោះ ហ៊ន ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន ត្រូវជាភរិយា របស់មន្ត្រីយោធាជាន់ខ្ពស់ មានឋានៈផ្កាយ២ម្នាក់ ប្រចាំនៅទិសជួរមុខប្រាសាទព្រះវិហារ។ លោកថា នៅក្នុងពេលនោះ សមត្ថកិច្ចបានធ្វើការអប់រំ និងណែនាំ មនុស្សប្រុសស្រីទាំង ៩នាក់នោះ អោយបញ្ឈប់ ការបើកលេងល្បែងស៊ីសង ដែលជាទង្វើល្មើសនឹងច្បាប់រដ្ឋនោះតទៅទៀត ហើយក៏បានដោះលែង អោយវិលទៅកាន់លំនៅដ្ឋានវិញ ដែលការដោះលែងនោះ កម្លាំងការិយាល័យនគរបាលកម្រិតស្រាលខេត្ត បានធ្វើឡើងក្រោមការសម្រេច និងឯកភាពពី ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារា និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក ទី សុវិនថាល់។

លោកគង់ គា បានបញ្ជាក់ថា នៅក្នុងកិច្ចសន្យានោះ បានកំណត់អោយពួកគាត់ទាំង ៩នាក់ បញ្ឈប់ការបើកលេងល្បែង ស៊ីសង ហើយប្រសិនបើនៅតែមិនរៀងចាលនោះទៀត បើសមត្ថកិច្ចចាប់បានលើកក្រោយ នោះនឹងគ្មានការ យោគយល់ ដូចលើកនេះទៀតឡើយ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ជាធរមាន៕

Loading...