ស្នងការនគរបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់នាយ និងពលនគរបាលទាំងអស់ ត្រូវពង្រឹងយន្តការក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការជឿទុកចិត្ត !

 

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ចំពោះនាយនគរបាល និងពលនគរបាលនៅក្នុងពេលនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការក្នុងរយៈពេល ៩ខែឆ្នាំ២០២០ និងការលើកទិសដៅអនុវត្តបន្ត នាថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

នៅក្នុងកិច្ចប្រជុំនោះ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានអញ្ជើញជាអធិបតី និងមានការចូលរួមពី ស្នងការរង នាយ-នាយរងការិយាល័យ អធិការនគរបាល ក្រុង-ស្រុកទាំង៨ នាយ-នាយរងផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុប ២៦៧នាក់។

ស្នងការរង ទទួលផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន បានឡើងរាយការណ៍ថា នៅក្នុងរយៈពេល ៩ខែឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង ៣៣លើក លើ៤៦លើក បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៩កន្លងទៅ មានការថយចុះ ១៣លើក ក្នុងនោះបទឧក្រិដ្ឋ ១០លើក លើ ១៧លើក ថយចុះ ៧លើក បទមជ្ឈឹម ២៣លើក លើ ២៩លើក ថយចុះ ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួស ១១នាក់ រងគ្រោះស្ត្រី ៦នាក់ បាត់ម៉ូតូ ១០គ្រឿង និងសម្ភារៈមានតម្លៃផ្សេងៗទៀត ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន បានបន្តទៀតថា សមត្ថកិច្ចបង្ក្រាបបាន ២២ករណី ឃាត់ជនសង្ស័យ ២៥នាក់ ក្នុងនោះបង្ក្រាបជាក់ស្តែង ៩ករណី ឃាត់ជនសង្ស័យ ១០នាក់ ស្រាវជ្រាវបង្ក្រាប ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ បទឧក្រិដ្ឋ ៩ករណី ឃាត់ជនសង្ស័យ ១១នាក់ ក្នុងនោះ ឃាតកម្ម ៣ករណី និងរំលោភសេពសន្ថវៈ ៦ករណី បទមជ្ឈឹម ១៣ករណី ឃាត់ជនសង្ស័យ ១៤នាក់ ក្នុងនោះ លួច ៤ករណី ហឹង្សាដោយចេតនា ៥ករណី និងហឹង្សាក្នុងគ្រួសារ ៤ករណី អនុវត្តដីកា ៨ដីកា ក្នុងនោះ បទឧក្រិដ្ឋ ៥ដីកា និងបទមជ្ឈឹម ៣ដីកា មុខសញ្ញា ៣នាក់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ៨លើក ឃាត់ខ្លួនអ្នកញៀនល្បែង ៤៦នាក់ ស្រី ២៥នាក់ ដកហូតវត្ថុតាងគ្រប់ប្រភេទ ក្នុងនោះ រថយន្ត ២៧គ្រឿង ម៉ូតូ ៣៧គ្រឿង បា្រក់រៀល រួមទាំងវត្ថុតាងផ្សេងៗ មួយចំនួនទៀត។ បង្ក្រាបក្មេងទំនើង ២ករណី ឃាត់ខ្លួន ១០នាក់ បង្ក្រាបប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ១២ករណី ឃាត់មុខសញ្ញា ១៤នាក់។ ចំពោះការបង្ក្រាបគ្រឿងញៀននោះវិញ សមត្ថកិច្ចបង្ក្រាបបាន ២០លើក ឃាត់ខ្លួនមុខសញ្ញា ៤៣នាក់ ស្រី ៧នាក់ ក្នុងនោះការជួញដូរ និងចែកចាយ ១៨លើក ឃាត់មុខសញ្ញា ៣៨នាក់ ស្រី ៥នាក់ ការប្រើប្រាស់ ២លើក ឃាត់មុខសញ្ញា ៥នាក់ ស្រី ២នាក់ ដកហូតក្រាមពណ៌សថ្លា ice ២០០.៦៩គីឡូក្រាម សារធាតុញៀនមេតំហ្វេតាមីន WY ទម្ងន់ ០.៣១ក្រាម ជញ្ជីងថ្លឹងថ្នាំ ១គ្រឿង ទូរស័ព្ទ ៤៦គ្រឿង ម៉ូតូ ១២គ្រឿង អាវុធច្នៃ ៣ដើម កាំបិតវែង៣ គ្រាប់AK47 ១គ្រាប់ គ្រាប់បែក ១គ្រាប់ រំសេវផ្ទុះ ២ដប ប្រាក់រៀល ៥លាន ១សែន ៩ម៉ឺន ៧០០០រៀល ប្រាក់ដុល្លារ ២៧ដុល្លារ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ២៨លើក ឃាត់ខ្លួនមុខសញ្ញា ៤នាក់ ដកហូតគោយន្តកន្ត្រៃ ៣គ្រឿង ត្រាក់ទ័រ ១គ្រឿង រណាយន្ត ២គ្រឿង សត្វគោ ៣៧ក្បាល ឈើលេខ១ ចំនួន ២២០សន្លឹក ២១៥ដុំ និង២៨កំណាត់ និងប្រភេទឈើលេខ២ មានចំនួន ៣៦៧សន្លឹក ផងដែរ។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានមានប្រសាសន៍ កោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់នាយ និងពលនគរបាលទាំងអស់ ក្នុងការអនុវត្តតួនាទី និងភារកិច្ចស្នូលរបស់ខ្លួន ក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញឲ្យកម្លាំងនគរបាលគ្រប់ជំនាញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បំពេញការងារឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ត្រូវធានា ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវសហការរួមគ្នាបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដូចជា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសព្រៃឈើ ការរត់ពន្ធគ្រឿងញៀន ការរត់ពន្ធមនុស្សឆ្លងដែន បទល្មើសធនធានធម្មជាតិ និងបទល្មើសព្រហ្មទណ្ឌ ដែលកើតមាននៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន ឲ្យខាងតែបាន ជាពិសេស ត្រូវយកចិត្តទុកដាក់ ជំរុញបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ត្រូវអនុវត្តបទបញ្ជា សេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿ ជឿជាក់ មកលើកិច្ចប្រតិបត្តិការរបស់ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ យើងនេះ ៕

Loading...