ស្នងការនគរបាលខេត្តរតនគិរី ដាស់តឿនមន្រ្តីជំនាញ អោយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី បានធ្វើការដាស់តឿនដល់មន្រ្តីជំនាញក្រោមឱវាទ អោយពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីបំរើដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ ។

ការក្រើនរំលឹកដល់មន្រ្តីជំនាញក្រោមឱវាទដូចនេះរបស់ លោក ងួន គឿន គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រឆ្នាំ២០១៨ របស់អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៣០ ខែសីហានេះ ។

ថ្លែងក្នុងឱកាសនោះទៀតដែរ ស្នងការនគរបាលខេត្តរតនគិរីរូបនេះ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជំនាញ អោយត្រូវរៀបចំផែនការការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរៀបចំកម្លាំងការពារការិយាល័យចុះឈ្មោះបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុននេះ ។

យោងតាមគេហទំព័រមួយក្នុងស្រុក ដែលបានផ្សាយពីរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប្រមាណជាង ១ លាន ៤ សែននាក់ ។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្តើមឡើងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕ វុទ្ធឦសាន

 

Loading...